ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច៖ ក្រោយបង្កើតបាន១៥ឆ្នាំ ពេលនេះវិទ្យាស្ថានខុងជឺនៃកម្ពុជា បានក្លាយជាដែកថែបមុតស្រួច ក្នុងការបណ្ដុះបណ្ដាលភាសាចិននៅកម្ពុជា


ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាសហប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខុងជឺ បានលើកឡើងថា បន្ទាប់ពីបានបង្កើតនៅក្នុងប្រទេសកម្ពុជាអស់រយៈពេល១៥ឆ្នាំ នៅពេលនេះវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បានក្លាយជាដែកថែបមុតស្រួច ក្នុងការបណ្ដុះបណ្ដាលភាសាចិននៅកម្ពុជា។

ការថ្លែងរបស់ឯកឧត្តមបណ្ឌិត្យសភាចារ្យបែបនេះ ធ្វើឡើងនៅក្នុងឱកាសអបអរសាទរខួប២០ឆ្នាំ នៃការបង្កើតវិទ្យាស្ថានខុងជឺ និងខួប១៥ឆ្នាំ នៃការបង្កើត «វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា» នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ នៅរាជបណ្ឌិត្យសភាកម្ពុជា។

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានថ្លែងបែបនេះថា៖ «ខ្ញុំសូមរំលឹកបន្តិចអំពីប្រវត្តិនៃការបង្កើតវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា នៅពេលនោះឯកឧត្តម ស៊ី ជីនភីង ជាអនុប្រធានាធិបតី បានមកសម្ភោធបង្កើតឱ្យមានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ហើយពេលនោះឯកឧត្តម សុខ អាន គាត់នៅជាទេសរដ្ឋមន្រ្តី ហើយបានសម្ភោធឱ្យដើរជាផ្លូវការ។ ឥលូវនេះខុងជឺ បានក្លាយទៅជាដែកថែបសម្រួចភាសាវប្បធម៌ដល់ប្រជាជនកម្ពុជា»

ទន្ទឹមនឹងភាពរីកចម្រើនកាន់តែខ្លាំងឡើងរបស់វិទ្យាស្ថានខុងជឺ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ក៏មិនភ្លេចឡើយនូវការដឹងគុណចំពោះការលះបង់របស់លោកគ្រូ អ្នកគ្រូជនជាតិចិន ដែលបានធ្វើដំណើរពីប្រទេសចិន មកស័្មគ្រចិត្តបង្រៀនភាសាចិននៅវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា។

ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា៖ «ខ្ញុំសូមអរគុណលោកគ្រូ អ្នកគ្រូ ដែលបានមកបង្រៀនភាសាចិននៅក្នុងទឹកដីនៃប្រទេសកម្ពុជា ខ្ញុំជឿជាក់ថាលោកគ្រូ អ្នកគ្រូ មានបញ្ហាចំនួន៥ ទី១ លោកគ្រូ អ្នកគ្រូ បានទទួលអាកាសធាតុថ្មី នៅប្រទេសចិនត្រជាក់ ឯនៅប្រទេសកម្ពុជាក្ដៅ, ទី២ អ្នកបានទទួលនូវវប្បធម៌ថ្មី ដែលអ្នកឃើញអង្គរវត្តដ៏អស្ចារ្យ ដែលជាមោទនភាពរបស់ប្រជាជនកម្ពុជា, ទី៣ លោកគ្រូ អ្នកគ្រូ ប្រហែលជាទទួលទានម្ហូបលំបាកបន្តិច ពីព្រោះប្រទេសចិនផ្សេង នៅកម្ពុជាផ្សឹង, ទី៤ យើងដឹងហើយថា លោកគ្រូ អ្នកគ្រូ មកទីនេះថ្មី ទាំងអស់សូម្បីតែយានជំនិះក៏ថ្មីដែរ វាខុសពីនៅប្រទេសចិន ឯកម្ពុជារាងស្ទះចរាចរណ៍បន្តិចប៉ុន្តែលោកគ្រូ អ្នកគ្រូ ត្រូវអត់ធ្មត់ ហើយទី៥ ខ្ញុំជឿជាក់ថាប្រជាជនកម្ពុជា នឹងបង្ហាញស្នាមញញឹមទៅកាន់លោកគ្រូ អ្នកគ្រូ»

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាសហប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខុងជឺ បានបញ្ជាក់ថា ក្នុងរយៈពេល១៥ឆ្នាំនេះ វិទ្យាស្ថានខុងជឺបានទទួលពានរង្វាន់ «វិទ្យាស្ថានខុងជឺឆ្នើមទូទាំងពិភពលោក» ចំនួន៣លើក និងពានរង្វាន់ «ពន្លឺនៃវិទ្យាស្ថានខុងជឺ» ចំនួន១លើក សមិទ្ធផលទាំងអស់នេះ គឺកើតចេញពីការខិតខំប្រឹងប្រែង និងការលះបង់ ពីអតីតថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ និងក្រុមការងារទាំងអស់។

សូមជម្រាបថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យ-សភាកម្ពុជា មានការរីកចម្រើនជាលំដាប់ ដើម្បីបំពេញតម្រូវការការសិក្សាភាសាចិនក្នុងសង្គមកម្ពុជា ជាពិសេស វិទ្យាស្ថានខុងជឺ បានផ្ដល់ការគាំទ្រទាំងភាសា និងវប្បធម៌ សម្រាប់ការផ្លាស់ប្ដូររវាងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ប្រទេសយើងទាំងពីរផងដែរ។ វិទ្យាស្ថានខុងជឺ មិនត្រឹមតែជាមូលដ្ឋានសម្រាប់បង្រៀននិងរៀនភាសាចិនប៉ុណ្ណោះទេ រឹតតែជា «បង្អួច» ដែលបង្ហាញពីវប្បធម៌ចិន គឺជាកម្លាំងចលករ ក្នុងការធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជនកម្ពុជា-ចិន និងការសរសេរទំព័រថ្មី នៃទំនាក់ទំនងមិត្តភាពកម្ពុជា-ចិនផងដែរ។