ឯកឧត្តម ចាន់ ស៊ីណាត​ រដ្ឋលេខាធិការ​ អញ្ជើញ​ដឹកនាំគណៈប្រតិភូ​ទីភ្នាក់ងារ​ឧតុនិយមអន្តរជាតិ​បារាំង​ចុះពិនិត្យ​ជាក់ស្តែង​ទីតាំង​ដំឡើង​រ៉ាដា នៅ​តំបន់ភ្នំបាសិត​ ខេត្តកណ្តាល


នៅថ្ងៃអង្គារ ៩រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋ​លេខាធិការ​ តំណាងដ៏ខ្ពង់ខ្ពស់របស់​ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំគណៈប្រតិភូ​តំណាងទីភ្នាក់ងារឧតុនិយមអន្តរជាតិរបស់ប្រទេសបារាំង​មកពីស្នាក់ការកណ្តាលក្នុង​​ទីក្រុងToulouse ប្រទេសបារាំង ចុះពិនិត្យ​ជាក់ស្តែង​ទីតាំង​ដាក់រ៉ាដា​ នៅតំបន់ភ្នំបាសិត​ ក្នុង​ស្រុកពញាឮ ខេត្តកណ្តាល ​។​

សូមជម្រាបថា​ ការចុះពិនិត្យទីតាំងនាពេលនេះ​មានការចូលរួមពី​លោក​​​ប្រធាន​ អនុប្រធាននាយកដ្ឋានពាក់ព័ន្ធ​ចំណុះក្រសួង​ មន្រ្តីពាក់ព័ន្ធពីអង្គភាពគ្រប់គ្រងអនុវត្ត​គម្រោងរបស់ក្រសួង និង​លោកប្រធាន អនុប្រធាន​មន្ទីរធនធានទឹក និងឧតុនិយមរាជធានី ខេត្ត​ពាក់ព័ន្ធជាច្រើនរូបផងដែរ។

ឯកឧត្តម​រដ្ឋលេខាធិការ​បានបញ្ជាក់ឱ្យដឹងថា​ ដំណើរចុះ​បេសកកម្ម​នេះ​គឺដើម្បី​​ពិនិត្យទីតាំងជាក់ស្តែង​​សម្រាប់​ដំឡើង​រ៉ាដាដែល​​​ជាឧបករណ៍​មួយក្នុងចំណោម​ឧបករណ៍​ដ៏ច្រើនដែល​ចាំបាច់បម្រើឱ្យមជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធាន​ទឹករបស់ក្រសួង​ ក្រោមហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​ តាមរយៈកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ​ពីសំណាក់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕