កម្ពុជា-ចិន បើកជើងហោះហើរឡើងវិញ ពីទីក្រុងស៊ីអាន មកកាន់ទីក្រុងភ្នំពេញ, ឯកឧត្តមរដ្ឋមន្ដ្រីអាកាសចរណ៍ស៊ីវិល រំពឹងថា ឆ្នាំក្រោយ ទទួលអ្នកធ្វើដំណើរ លើស៧លាននាក់


កម្ពុជា-ចិន បានចាប់ផ្ដើមបើកជើងហោះហើរឡើងវិញ ពីទីក្រុងស៊ីអាន មកកាន់ទីក្រុងភ្នំពេញ ដោយក្រុមហ៊ុនអាកាសចរណ៍ Spring Airlines នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ។

ក្នុងពិធីទទួលស្វាគមន៍ ជើងហោះហើរត្រង់ទី១ នេះ ដោយមានការចូលរួម ពី ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល, ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានសម្លឹងឃើញថា ទំនាក់ទំនង កម្ពុជា-ចិន ជាពិសេសភ្ញៀវទេសចរចិន ជាការពិតឃើញថា មានការកើនឡើង ដោយសារអ្នកធ្វើដំណើរ, ជើងហោះហើរ និងក្រុមហ៊ុនអាកាសចរណ៍ចិន បានពង្រីកជើងហោះហើរ នៅថ្ងៃនេះ។

ទន្ទឹមគ្នានេះ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានឲ្យដឹងថា​ សម្រាប់អ្នកធ្វើដំណើរ តាមជើងហោះហើរ គឹតត្រឹមឆ្នាំ២០២៤ មានប្រមាណ៥.៦លាននាក់ ហើយរំពឹងថា នៅឆ្នាំ២០២៥ ចំនួនអ្នកធ្វើដំណើរ តាមជើងហោះហើរ មានការកើនឡើង លើស៧លាននាក់ នៅក្នុងមួយឆ្នាំ។

ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានលើកឡើងថា វិស័យអាកាសចរណ៍ស៊ីវិល ត្រូវរៀបចំហេដ្ឋារចនាសម្ព័ន្ធ ឲ្យស្របទៅនឹងគោលការណ៍ច្បាប់ របស់អាកាសចរណ៍ស៊ីវិល និងស្របទៅតាមគោលការណ៍ណែនាំ របស់អង្គការអាកាសចរណ៍ស៊ីវិលអន្ដរជាតិ ដើម្បីត្រៀមលក្ខណៈទទួលយន្ដហោះ ពីបណ្ដាប្រទេសផ្សេងៗ លើពិភពលោក។

លោក Wang Wenbin បានថ្លែងថា «ខ្ញុំពិតជាសប្បាយរីករាយ ដែលបានសហការ ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងក្រសួងទេសចរណ៍ ក្នុងការទទួលភ្ញៀវទេសចរចិន ដែលបានបង្កើនជើងយន្ដហោះ ពីទីក្រុងស៊ីអាន មកកាន់ទីក្រុងភ្នំពេញ»។

លោក Wang Wenbin បានគូសបញ្ជាក់ថា​ វិស័យទេសចរណ៍ គឺជាសសរស្ដម្ភសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា ក៏ជាស្បៀងសំខាន់ សម្រាប់ការតភ្ជាប់រវាងប្រជាជន និងប្រជាជន។

គូសបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៩ ក្រុមហ៊ុនអាកាសចរណ៍ Spring Airlines ធ្លាប់បានហោះហើរ ចេញ-ចូល ប្រទេសកម្ពុជា​ បានចំនួន៦២ជើង ក្នុងមួយសប្ដាហ៍។

បច្ចុប្បន្ន ក្រុមហ៊ុនអាកាសចរណ៍ Spring Airlines បានចាប់ផ្តើមហោះហើរឡើងវិញ នៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៣១ ខែធ្នូ ជើងហោះហើរ នឹងដំណើរការ៣ជើង ក្នុងមួយសប្តាហ៍ នៅថ្ងៃអង្គារ ថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍៕