លោកស្រីឧកញ៉ា អគ្គមហាឧបាសិកា សិរីករុណា បុទុមរតន៍បណ្ឌិត ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន និងលោកស្រី កែ សួនសុភី ស សុខា តំណាងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញចូលរួមបុណ្យបញ្ចុះខណ្ឌសីមា ពុទ្ធាពិសេក និងសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តស្វាយកាឡី ស្ថិតនៅភូមិកាឡីត្បូង ឃុំស្ពឺ(ក) ស្រុកបាភ្នំ ខេត្តព្រៃវែង ក្រោមអធិបតីភាព។
ក្នុងឱកាសនោះ ឯកឧត្តម សួន សុម៉ាលីន បានថ្លែងថា ផ្អែកតាមរបាយការណ៍របស់រដ្ឋបាលស្រុកបាភ្នំ បានបង្ហាញឱ្យឃើញនូវសមិទ្ធិផលជាច្រើន បានកសាងឡើងនៅក្នុងបាភ្នំនេះ ទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តបំរើឱ្យជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ និងសំណង់នានាផងដែរ ក្នុងនោះមាននូវព្រះវិហាដ៏ធំស្កឹមស្កៃ ដែលនឹងធ្វើពិធីកាត់ឬសសីមានាពេលបន្តិចទៀតនេះ ក្រោមវត្តមានដ៏ឧត្តុងឧត្តមរបស់លោកស្រី កែ សួនសុភី សសុខា ផងដែរ។
ឯកឧត្តមអភិបាលខេត្តបានបន្តថា សមិទ្ធផលដ៏ថ្លៃថ្លានេះ កើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ព្រះចៅអធិការវត្ត តាំងពីជំនាន់មុនមក រួមជាមួយនឹងអាចារ្យគណៈកម្មការវត្តពុទ្ធបរិស័ទ្ធ ចំណុះជើងវត្ត ពុទ្ធបរិស័ទ្ធមកពីចំងាយ មកពីខេត្តផ្សេងៗមកពីភ្នំពេញ ជាពិសេសមកពីប្រទេសអូស្ត្រាលី។ ព្រះវិហា និងសមិទ្ធិផលនានាក្នុងវត្តនេះ គឺកើតចេញពីសទ្ធាជ្រះថ្លារបស់យើងទាំងអស់គ្នាដែលជាមហាពុទ្ធសាសនិក ពុទ្ធសាសនិក ដែលតែងតែរួមចំណែក្នុងការថែរក្សានូវពុទ្ធសាសនាដែលជាសាសនារបស់ជាតិ។
ឯកឧត្តមអភិបាលខេត្តបានបន្តថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កម្ពុជាក៏ដូចជាខេត្តព្រៃវែងមានភាពរីកចំរើនលើគ្រប់វិស័យគួរឲ្យកត់សម្គាល់។ ទាំងនេះស្តែងឲ្យឃើញពីស្ថានភាពដែលប្រទេសជាតិទទួលបាននូវសុខសន្តិភាព តាមរយៈគោលនយោបាយឈ្នះឈ្នះរបស់រាជរដ្ឋាភិបាល ដែលបានជំរុញឲ្យកម្ពុជាមានឱកាសក្នុងការកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងរូបវ័ន្ត និងអរូបវ័ន្ត ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចរហូតសម្រេចបានកំណើនខ្ពស់ ក្នុងរយៈពេលជាង២ទស្សវត្សរ៍នេះ។
ឯកឧត្តមអភិបាលខេត្តបានគូសបញ្ជាក់ថា ដោយសារតែការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានគោលនយោបាយច្បាស់លាស់មានចក្ខុវិស័យវែងឆ្ងាយ ការធ្វើកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ការបង្ខិតសេវាទៅដល់ ថ្នាក់ឃុំ-សង្កាត់បានធ្វើឱ្យ ឃុំ-សង្កាត់មានការរីកចំរើន ដោយពិនិត្យឃើញថាជីវភាពរបស់ប្រជាពលរដ្ឋមានការកើនឡើង ពិសេសនៅជនបទ និងនៅទីប្រជុំជនមានផ្លូវបេតុង ផ្លូវក្រាលកៅស៊ូ និងផ្លូវលំខ្វែងខ្វាត់បន្ថែមពីដើម្បីរួមចំណែក ក្នុងការរកក្សាបាននូវការគាំទ្រពីប្រជាពលរដ្ឋ ការរក្សាបាននូវសន្តិសុខមូលដ្ឋានបានល្អ ឯកឧត្តមសូមណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក៏ដូចជារដ្ឋបាលស្រុកឃុំ។
បើតាមលោក ឡាយ សំអឿន អភិបាលស្រុកបាភ្នំ បានឲ្យដឹងថា ព្រះវិហារថ្មីនេះ (បណ្តោយ២១ម៉ែត្រ ទទឹង៩ម៉ែត្រ កម្ពស់២៤ម៉ែត្រ), ខ្លោងទ្វារ៤ទិសជុំវិញព្រះវិហារ, បានចាក់ដីបំពេញទីធ្លាវត្ត, បានកសាងផ្លូវបេតុង ព័ទ្ធជុំវិញព្រះវិហារ និងកសាងដងទង់ចំនួន២ដើម កម្ពស់៣០ម៉ែត្រ ដោយបានចំណាយសាច់ប្រាក់សរុបចំនួន៤.២៥២.៤៦៤.០០០រៀល គិតជាប្រាក់ដុល្លាស្មើនឹងចំនួន១.០៦៣.១១៦ដុល្លារ ដោយបច្ចុប្បន្ននេះ នៅជំពាក់ថ្លៃសម្ភារសំណង់ និងថ្លៃឈ្នួលជាងចំនួន ២៨.៥០០ដុល្លារ។ ក្នុងនោះលោកស្រី កែ សួន សុភី សសុខា បានចេញថ្លៃជំពាក់ជាងទាំងអស់ផងដែរ៕