ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» ជាមូលដ្ឋានគ្រឹះរួមនៃក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន, លើកកម្ពស់តម្លៃ និងពង្រឹងជំនឿទុកចិត្តមកលើវិសារព័ត៌មាននៅកម្ពុជា


ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» គឺជាមូលដ្ឋានគ្រឹះរួមនៃក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ដើម្បីអ្នកសារព័ត៌មាន មានមូលដ្ឋានរួម តម្លៃរួម សម្រាប់ការអនុវត្តវិជ្ជាជីវៈ ពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ គណនេយ្យភាព អនុលោមភាព ឯករាជភាព និងជាពិសេសលើកកម្ពស់តម្លៃ និងពង្រឹងជំនឿទុកចិត្តមកលើវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា។

ការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលាផ្សព្វផ្សាយស្វែងយល់អំពី ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាននៅកម្ពុជា សហការរៀបចំដោយក្រសួងព័ត៌មាន និងសមាគមសារព័ត៌មានអេឡិចត្រូនិច អឹម អេស ជេ នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ នាសាលចតុម្មុខមង្គលទីស្តីការក្រសួងព័ត៌មាន ដោយមានការចូលរួមសិក្សាស្វែងយល់ពីអ្នកសារព័ត៌មានប្រមាណ ៤០០នាក់។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» គឺជាផ្នែកមួយចាំបាច់ដើម្បីធ្វើឱ្យមានសណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មាន លើកតម្លៃវិជ្ជាជីវៈ និងការពារសិទ្ធិរបស់អ្នកសារព័ត៌មាន, ជាមូលដ្ឋានរួមមួយសម្រាប់អនុវត្តន៍ប្រកបដោយទំនុកចិត្ត ប្រសិទ្ធភាព គុណភាព និងទំនួលខុសត្រូវវិជ្ជាជីវៈ ដែលជាផ្នែកមួយសម្រាប់ការលើកកម្ពស់សេរីភាពខាងសារព័ត៌មាន និងសេរីភាពខាងការបញ្ចេញមតិ និងការពារសុវត្ថិភាពដល់អ្នកសារព័ត៌មាន។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្រ្តា បានបញ្ជាក់ថា៖ «ធម្មនុញ្ញវិជ្ជាជីវៈអ្នកសារព័ត៌មាន គឺជាមូលដ្ឋានគ្រឹះសម្រាប់អ្នកសារព័ត៌មានយកទៅអនុវត្តន៍ ហើយក៏ជាអាវក្រោះយ៉ាងសំខាន់ក្នុងការពារខ្លួនយើង និងសម្រាប់ជាគុណតម្លៃរួមនៃវិជ្ជាជីវៈសារព័ត៌មាន។ ជាមួយនេះអ្នកសារព័ត៌មានត្រូវតែស្គាល់ពីខ្លួនឯងឱ្យបានច្បាស់ថា ខ្លួនយើងមិនមែនជាមន្ត្រីនគរបាលយុត្តិធម៌ទេ និងក៏មិនមែនជាតុលាការកាត់សេចក្តីឱ្យនរណាខុស នរណាត្រូវដែរ ហើយអ្នកសារព័ត៌មានក៏មិនមានអំណាចបញ្ជាឱ្យនរណាម្នាក់ធ្វើនេះ ឬធ្វើនោះបានដែរ។

តែផ្ទុយទៅ វិញអ្នកសារព័ត៌មាន គឺជាអ្នកនាំពាក្យពីទីកន្លែងមួយទៅទីកន្លែងមួយ ដែលប្រកបដោយប្រភពច្បាស់លាស់ ពោលគឺអ្នកអនុវត្តន៍លើសកម្មភាពក្នុងវិស័យសារព័ត៌មាន និងសោតទស្សន៍ គឺត្រូវប្រកាន់ខ្ជាប់នូវការគោរពចំពោះរដ្ឋធម្មនុញ្ញ ច្បាប់ បទបញ្ញត្តិ និងលិខិតបទដ្ឋានគតិយុត្តជាតិ និងអន្តរជាតិដែលមាន។ អ្នកសារព័ត៌មានត្រូវឈរលើមូលដ្ឋាននៃប្រភពព័ត៌មានច្បាស់លាស់ បើការសរសេរព័ត៌មានដែលគ្មានប្រភពច្បាស់លាស់នោះគឺជាការទទួលខុសត្រូវរបស់យើងទាំងស្រុងទៅលើព័ត៌មានដែលខ្លួនបានផ្សាយ ហើយក៏ជាការខុសក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន»

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការដាក់ឱ្យអនុវត្ត «ធម្មនុញ្ញវិជ្ជាជីវៈអ្នកសារព័ត៌មាន» ដើម្បីឆ្ពោះទៅរកការលើកកម្ពស់សេរីភាព សារព័ត៌មាន និងកិច្ចការពារសុវត្ថិភាពអ្នកសារព័ត៌មាន ពិសេសដើម្បីលើកគុណតម្លៃរួមនៃវិជ្ជាជីវៈ និងសណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មាន។

គួរឱ្យដឹងថា កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ ក្រសួងព័ត៌មានបានផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» ដែលកើតចេញពីឆន្ទៈរួមរបស់អ្នកសារព័ត៌មានខ្លួនឯងផ្ទាល់ ដើម្បីអ្នកសារព័ត៌មាន ហើយក៏សម្រាប់អ្នកសារព័ត៌មាន គាំទ្រដល់សិទ្ធិរបស់អ្នកសារព័ត៌មាន។

បើតាមលោក ម៉េង សុភ័ណ្ឌ ប្រធានសមាគមសារព័ត៌មាន អេឡិចត្រូនិច MSJ បានឱ្យដឹងថា ការអភិវឌ្ឍធនធានមនុស្សលើវិស័យសារព័ត៌មាន គឺជាបេសកកម្មស្នូលរបស់សមាគម តាមរយៈការបើកសិក្ខាសាលា និងវគ្គបណ្ដុះ បណ្ដាលបានជាច្រើនលើកជូនដល់អ្នកសារព័ត៌មាន មន្ដ្រីរាជការ សិស្ស និស្សិត ដោយផ្ដោតលើជំនាញសារព័ត៌មាន ជាពិសេសចំពោះអ្នកសារព័ត៌មានឈរលើក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មានឱ្យមានប្រសិទ្ធភាព៕