ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញបិទព្រឹត្តិការណ៍ប្រកួតកីឡាមហាជនដណ្តើមពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីអបអរសាទរទិវាជ័យជម្នះ ៧ មករា ខួបលើកទី៤៦ ។
ពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាមហាជននេះដែរ ក៏មានការចូលរួមលោក លោកស្រី ប្រធាន-អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក នៃខេត្តព្រៃវែង រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង និងប្រតិភូអមដំណើរនិងលោកប្រធានក្រុមប្រឹក្សាខេត្ត លោក លោកស្រីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
ឯកឧត្តម សួន ម៉ាលីន បានថ្លែងថា ពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាមហាជន នាពេលនេះ ពិតជាបានបង្ហាញពីការយកចិត្តទុកដាក់ ដោយផ្សារភ្ជាប់នូវមនោសញ្ចេតនាដ៏ជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង ក៏ដូចជាការជំរុញឲ្យមានការចូលរួមកាន់តែខ្លាំងក្លាលើ វិស័យកីឡា និងជាការរួមចំណែកលើកកម្ពស់វិស័យកីឡានៅកម្ពុជាស្របនឹងពាក្យស្លោក «កីឡារស់នៅក្នុងសន្តិភាព» ដែល កំពុងពេញនិយម នៅក្នុងសង្គមជាតិយើងសព្វថ្ងៃនេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុត របស់រាជ រដ្ឋាភិបាលកម្ពុជា ទទួលបាននូវសុខសន្តិភាព និងស្ថិរភាពនយោបាយពេញបរិបូរណ៍ ឈរលើមូលដ្ឋានដ៏រឹងមាំនេះហើយ យើងបានអភិវឌ្ឍប្រទេសបានរីកចម្រើនឥតឈប់ឈរ លើគ្រប់វិស័យ ជីវភាព និងការរស់នៅ របស់ប្រជាពលរដ្ឋ កាន់តែរីកចម្រើន ឈានឡើងជាលំដាប់។
ឯកឧត្តមបានបន្ថែមថា វិស័យកីឡា ជាវិស័យមួយកំពុងពេញនិយម ដែលរួមចំណែកទាក់ទាញ ទេសចរណ៍ ជួយជំរុញកំណើនសេដ្ឋកិច្ច និងជីវភាពជូនប្រជាជនក្នុងខេត្ត ព្រមទាំងផ្តល់ទស្សនីយ៍ភាពសម្រាប់ការទស្សនា កំសាន្ត និងទាក់ទាញការចូលរួមលេងកីឡាដើម្បីសុខភាព មិត្តភាព សាមគ្គីភាព និងរួមចំណែកបញ្ចៀសបាននូវការប្រព្រឹត្តិ អំពើអវិជ្ជមានផ្សេងៗក្នុងសង្គមផងដែរ ។
ឯកឧត្តមបានបន្តថា ជាមួយនឹងការរីកចម្រើនខាងជីវភាពសេដ្ឋកិច្ច ក្រោមម្លប់សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខដ៏ល្អប្រសើរ ស្រប ពេលជាមួយកាលានុវត្តន៍ភាពដ៏ថ្លៃថ្លានេះ ការថែទាំសុខភាពរាងកាយ និងផ្លូវចិត្តក៏ត្រូវបានលើកកម្ពស់តាមរយៈការហាត់ ប្រាណ លេងកីឡា និងចូលរួមប្រកួតកីឡានៅក្នុងព្រឹត្តិការណ៍នានាដែលបានរៀបចំឡើងតាមគ្រប់រូបភាព។
ឯកឧត្តមបានបន្តថា ក្នុងគោលបំណងបំផុសស្មារតីប្រជាពលរដ្ឋឲ្យស្រឡាញ់លំហាត់កីឡាកាន់តែផុលផុស នៅចុងឆ្នាំ២០២៤ និងដើមឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តព្រៃវែង បានរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាមហាជនដណ្តើមពានរង្វាន់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីអបអរសាទរទិវាជ័យជម្នះ ៧ មករា ខួបលើកទី៤៦ ឆ្នាំ២០២៥ នេះឡើង ដោយចាប់ផ្តើមពីថ្ងៃទី០១ខែតុលា ឆ្នាំ២០២៤ នៅថ្នាក់ ក្រុង ស្រុក ដែលមានកីឡាករ កីឡាការិនី មកពីគ្រប់ឃុំសង្កាត់នៃ ស្រុកក្រុងនីមួយៗ ទាំង១១៦ ចូលរួមប្រកួតលើប្រភេទកីឡាបាល់ទាត់ បាល់ទះ និងបានជ្រើសរើសក្រុមកីឡាដែលមាន ចំណាត់ថ្នាក់ល្អមកបន្តការប្រកួតនៅថ្នាក់តំបន់ និងថ្នាក់ខេត្តផងដែរ។
ឯកឧត្តមអភិសន្តិបណ្ឌិត បានបន្តថា ក្នុងនាមរដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រៃវែង សូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ រដ្ឋបាលខេត្តព្រៃវែង និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបានសហការគ្នាបង្កើតកម្មវិធី ដ៏មានសារសំខាន់នេះឡើង ដែលយើងអាចមកជួបជុំគ្នា ដើម្បីអបអរថ្ងៃ ជ័យជំនះ ៧មករាខួបលើកទី៤៦។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបន្ថែមថា ស្ថិតក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍឥតឈប់ឈរលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសព្វ ស្វាហាប់ ឈ្លាសវៃបំផុត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសកម្ពុជាយើង បាននិងកំពុងបោះជំហ៊ានទៅមុខឥតឈប់ឈរ ជាសក្ខីភាពមួយទៀត ថ្មីៗនេះកម្ពុជាបានធ្វើជាម្ចាស់ ផ្ទះរៀបចំប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ប្រកបដោយជោគជ័យបំផុតផងដែរ៕