ឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារនៃការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ឆ្នាំ២០២៤ និង លើកទិសដៅការងារឆ្នាំ២០២៥របស់រដ្ឋបាលខេត្តរតនគិរី។
កិច្ចប្រជុំនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំអគារ (D) សាលាខេត្តរតនគិរី ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតគិរី, សមាជិកក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត, ប្រធាន-អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត, លោកមេបញ្ជាការ-មេបញ្ជាការរងកងកម្លាំងទាំងបី, អភិបាលក្រុង ស្រុកទាំង៩, លោកអធិការក្រុង ស្រុកទាំ៩ មេឃុំ ចៅសង្កាត់ទាំង៥០ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។
នៅក្នុងកិច្ចប្រជុំនេះឯកឧត្តម ញ៉ែម សំអឿន បានលើកឡើងពីកិច្ចខិតខំប្រឹងប្រឹងរបស់កងកម្លាំងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពប្រកបដោយប្រសិទ្ធភាពជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានដោយភាពកក់ក្តៅ និងសុវត្ថិភាពខ្ពស់។
ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់កងកម្លាំងទាំងបី កម្លាំងប៉ុស្តិ៍រដ្ឋបាល ឃុំ សង្កាត់ទាំងអស់នៃខេត្តរតនគិរី ត្រូវបន្តខិតខំយកចិត្តទុកដាក់អនុវត្តគោលនយោបាយនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេសក្នុងការចូលរួមការពារ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈសុវត្ថិភាព ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានគ្រប់ពេលវេលា គ្រប់កាលៈទេសៈ ដោយមិនប្រកាន់ពូជសាសន៍ពណ៌សម្បុរ ឬក៏និន្នាការនយោបាយបក្សពួកនិយមណាមួយឡើយ ដោយត្រូវខិតខំអនុវត្តនិងបម្រើជូនគាត់ឱ្យអស់ពីកម្លាំងកាយចិត្ត ដែលទាំងនេះ គឺជាផ្នែកមួយក្នុងការការពារសុវត្ថិភាពសន្តិសុខសណ្ដាប់ធ្នាប់ជូនគាត់ប្រកបដោយភាពកក់ក្តៅ និងសន្តិសុខខ្ពស់។
ឯកឧត្តម ប៉ាវ ហមផាន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្ត ដែលបានខិតខំរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ទទួលបានលទ្ធផលគួរជាទីមោទនៈ។ ទន្ទឹមនឹងនេះ លោកបានជំរុញ និងលើកទឹកចិត្តដល់ កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវបន្តពង្រឹងការផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដល់មន្ត្រីរាជការស៊ីវិល កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ រដ្ឋបាលឃុំ សង្កាត់ ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធនានា ដើម្បីលើកកម្ពស់ការយល់ដឹង។ ជាពិសេស ការចូលរួមក្នុងការ អនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ប្រកបដោយប្រសិទ្ធភាព និងទទួលបានលទ្ធផលកាន់តែល្អប្រសើរ។
ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជំរុញដល់ រដ្ឋបាលខេត្តរតនគិរី ត្រូវបន្តពង្រឹងការងារគណៈបញ្ជាការឯកភាពខេត្តឱ្យបានរឹងមាំ ក្តាប់ឱ្យបាននូវរាល់សភាពការនានាដែលកើតមានតាមក្រុង-ស្រុក ក្នុងដែនសមត្ថកិច្ចខ្លួន ដើម្បីធ្វើការដោះស្រាយឆ្លើយតបបានទាន់ពេលវេលា ត្រូវចុះផ្សព្វផ្សាយផ្ទាល់តាមខ្នងផ្ទះប្រជាពលដ្ឋអំពីគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ត្រូវរៀបចំវេទិការសាធារណៈ ដើម្បីស្តាប់កង្វល់ និងសំណូមពរនានាពីប្រជាពលដ្ឋ ដើម្បីរួមគ្នាដោះស្រាយ។ ជាពិសេស យកចិត្តទុកដាក់ពង្រឹងប្រសិទ្ធភាព គុណភាពការផ្តល់សេវាគ្រប់វិស័យ ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលាចំពោះសំណើ សំណូមពរ និងតម្រូវការរបស់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរបន្ថែមទៀត ក្នុងឆ្នាំ២០២៥៕