ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការគណៈអចិន្ត្រៃយ៍យុវជនគណបក្ស ថ្នាក់កណ្តាល បានថ្លែងបញ្ជាក់ថា យុវជនគឺជាកម្លាំងស្នូលសម្រាប់បន្តវេនជ្រោងទង់សន្តិភាព និងការអភិវឌ្ឍ ដឹកនាំនាវាកម្ពុជា ឆ្ពោះទៅមុខជានិច្ច រីកចម្រើនក្នុងគ្រប់វិស័យ ដូចនេះត្រូវប្រកាន់ស្មារតីចូលរួមសហការឲ្យបានកាន់ តែខ្លាំងក្លា តាមរយៈសកម្មភាពជួយដល់សង្គម ដូចជាសកម្មភាពមនុស្សធម៌ ការងារសង្គម និងការកៀរគរកសាងកម្លាំងយុវជនថ្មីៗ ជូនគណបក្សជាបន្តបន្ទាប់គ្រប់ពេល។
ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានបញ្ជាក់ដូចនេះ នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥នេះ នាឱកាសតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជន គណបក្សថ្នាក់កណ្តាលប្រកាសតែងតែឯកឧត្តម ស្រ៊ន សំឫទ្ធី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង។
នាឱកាសនោះឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានជំរុញក្រុមការងារយុវជន ត្រូវបន្តខិតខំបំពេញតួនាទីការងារយុវជនគណបក្ស ធ្វើយ៉ាងណាបំផុស អប់រំឲ្យប្រជាពលរដ្ឋ មានជំនឿ ជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបាននិងកំពុងដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ជាពិសេសត្រូវថែរក្សាការពារ និងពង្រីកបន្ថែមនូវរាល់សមិទ្ធផលរូបវន្ត និងការរីកចម្រើនក្នុងសង្គមជាតិ និងនៅមូលដ្ឋាន ស្រុក ឃុំ ភូមិ ក្រោមម្លប់នៃសន្តិភាព និងការអភិវឌ្ឍ។
ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានបន្តទៀតថា អំពើល្អរបស់មន្ត្រីបក្ស និងការអនុវត្តនៅអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» បានធ្វើឱ្យគណបក្សប្រជាជនកម្ពុជា ឈ្នះក្នុងការបោះឆ្នោតរហូតមក។
នាឱកាសនោះឯកឧត្តម សរ សុពុត្រា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ក្រុមការងារយុវជនគណបក្ស ជាកម្លាំងស្នូលមិនអាចខ្វះបានដែលទាមទារឱ្យយុវជនពង្រឹងខ្លួនបន្ថែមទៀត ស្របទៅតាមគោលនយោបាយរបស់គណបក្ស ដើម្បីជាកម្លាំងបន្តវេនដ៏រឹងមាំរបស់គណបក្ស។
ក្នុងនោះឯកឧត្តម សរ សុពុត្រា បានផ្តាំផ្ញើឯកឧត្តម ស្រ៊ន សំឫទ្ធី ដែលបានតែងតាំងថ្មីនេះត្រូវបន្តរក្សាសន្តិភាពឱ្យបានគង់វង្ស ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិឱ្យរីកចំរើនបន្ថែមទៀត គោរពស្រលាញ់ប្រជាពលរដ្ឋ សាមគ្គីភាពផ្ទៃក្នុងឱ្យ បានរឹងមាំ បន្តពិនិត្យតាមដាន និងប្រឆាំងរាល់ការឃោសនាអគតិពីក្រុមជ្រុលនិយម ចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងទប់ស្កាត់ដាច់ខាតចំពោះចលនាបដិវត្តពណ៌ យកចិត្តទុកដាក់ក្នុងការពង្រឹង និងពង្រឹកយុវជនបក្ស ដូចពាក្យស្លោកថា ពង្រីកដល់ណា ពង្រឹងដល់នោះ។
ឯកឧត្តម ស្រ៊ន សំឫទ្ធី បានប្តេជ្ញាចិត្ត ពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ ប្តេជ្ញាពង្រឹង និងពង្រីកយុវជនបក្សឱ្យបានជាប្រចាំ ពង្រឹងនិងពង្រីកភាពជាដៃគូជាមួយអង្គការ យុវជនក្រៅប្រព័ន្ធ និងសង្គមស៊ីវិល ដើម្បីអភិវឌ្ឍយុវជនឱ្យកាន់តែប្រសើរឡើងផងដែរ៕