ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញចុះជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាបឋមសិក្សាជំទាវ ស្ថិតនៅស្រុកកំពង់ត្រឡាច


នាថ្ងៃចន្ទ ១៥កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង អមដំណើរដោយសមាជិក សមាជិកាក្រុមប្រឹក្សាស្រុកកំពង់ត្រឡាច រួមជាមួយរដ្ឋបាលឃុំច្រេស បានអញ្ជើញចុះជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងនាំយកសម្ភារៈសិក្សាទៅចែកជូនសិស្សានុសិស្សនៃសាលាបឋមសិក្សាជំទាវ ស្ថិតនៅភូមិជំទាវ ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង សរុបចំនួន ៣២០នាក់ ស្រីចំនួន ១៧១នាក់។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតបានកោតសសើរដល់លោកនាយក និងគណៈគ្រប់គ្រងសាលា ដែលបានទប់ស្កាត់មិនឱ្យលក់ដូរនំកញ្ចប់ និងគ្រឿងកំប៉ុងផ្សេងៗនៅក្នុងបរិវេណសាលារៀន ដោយជំនួសមកវិញនូវការទទួលទាននូវរបបអាហារធ្វេីផ្ទាល់ ដែលជាគម្រោងរបស់រាជរដ្ឋាភិបាលសម្រាប់ផ្គត់ផ្គង់ដល់សិស្សានុសិស្សដែលរៀនពេលព្រឹក និងជាពិសេសបានរៀបចំបរិវេណសាលាឱ្យមានសណ្ដាប់ធ្នាប់ និងមានសោភ័ណភាពល្អគ្មានសំរាមប្លាស្ទិក។
ឯកឧត្តមបណ្ឌិត ក៏បានមានប្រសាសន៍ផ្ដាំផ្ញើ និងលើកទឹកចិត្តលោកគ្រូ អ្នកគ្រូត្រូវបន្តជំរុញបន្ថែមក្នុងការអប់រំណែនាំសិស្សានុសិស្សឱ្យចេះសម្អាតខ្លួនប្រាណ ស្លៀកសម្លៀកបំពាក់ឯកសណ្ឋានសិស្សឱ្យបានស្អាត និងសមរម្យ។ បន្ទាប់ពីបញ្ចប់ការជួបសំណេះសំណាលរួចមក ឯកឧត្តបណ្ឌិត បានបន្តអញ្ជើញចុះពិនិត្យមេីលរោងបរិភោគអាហាររបស់សិស្សានុសិស្សដែលចាំបាច់ត្រូវការចាក់បេតុង ដើម្បីងាយស្រួលឱ្យសិស្សានុសិស្សមានកន្លែងសមរម្យសម្រាប់បរិភោគអាហារពេលព្រឹក។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានចូលរួមចំណែកក្នុងការចាក់បេតុង រៀបចំរោងសម្រាប់សិស្សានុសិស្សបរិភោគអាហារនូវស៊ីម៉ងត៍ចំនួន ៣តោន និងខ្សាច់ចំនួន ២ឡានផងដែរ៕