ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ ទៅចូលរួមវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៥ (ATF 2025) កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីទេសចរណ៍អាស៊ានលើកទី២៨ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងចូហូបារូ នៃរដ្ឋចូហូរ សហព័ន្ធម៉ាឡេស៊ី ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥។
វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៥ (ATF 2025) កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីទេសចរណ៍អាស៊ានលើកទី២៨ និងកិច្ចប្រជុំពាក់ព័ន្ធនេះដែរ គឺដើម្បីពិនិត្យវឌ្ឍនភាព ដាក់ចេញនូវទិសដៅការងា និងអនុម័តលើឯកសារសំខាន់ៗមួយចំនួន ដើម្បីសម្រេចបាននូវចក្ខុវិស័យទេសចរណ៍អាស៊ាន «ត្រឹមឆ្នាំ២០២៥ អាស៊ាននឹងក្លាយជាគោលដៅ ទេសចរណ៍ល្អឯក ប្រកបដោយគុណភាព ពិពិធភាព បទពិសោធន៍ ចីរភាព បរិយាប័ន្ន និងការអភិវឌ្ឍប្រកបដោយការទទួលខុសត្រូវ រួមចំណែកលើកស្ទួយសេដ្ឋកិច្ច សុខុមាលភាពសង្គម ប្រជាជាតិអាស៊ាន»។
អំឡុងពេលនៃព្រឹត្តិការណ៍នេះដែរ ឯកឧត្តមរដ្ឋមន្ត្រីនឹងមានជំនួបជាមួយរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំទេសចរណ៍នៃប្រទេសសមាជិកអាស៊ាន និងប្រធានស្ថាប័នដៃគូអាស៊ានមួយចំនួន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញរំហូរភ្ញៀវទេសចរមកកាន់កម្ពុជាបន្ថែមទៀត៕