ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានកិត្តិយសសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា (Airavata) បានលើកឡើងថា អ្វីៗដែលសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា បានធ្វើកន្លងមកនេះ គឺជាសកម្មភាពគំរូមួយដែលបានជួយដល់ការថែរក្សា ការពារ និងអភិរក្សសត្វដំរីព្រៃ និងដំរីស្រុកឱ្យបានគង់វង្ស ហើយតាមរយៈនេះក្រសួងព័ត៌មាន នឹងបន្តផ្តល់ការគាំទ្រផ្នែកផ្សព្វផ្សាយដល់សមាគម ដើម្បីចូលរួមបណ្តុះស្មារតីស្រឡាញ់ និងអភិរក្សសត្វដំរីនៅកម្ពុជាឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។
ការលើកឡើងបែបនេះរបស់ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងក្នុងឱកាសលោកអញ្ជើញជាអធិបតីនៃកិច្ចប្រជុំជាមួយសមាជិកក្រុមប្រឹក្សាភិបាលសមាគមមូលនិធិអភិរក្សដំរីខ្មែរអៃរាវត្តា នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ នាទីស្តីការក្រសួងព័ត៌មាន។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា សមាគមមូលនិធិអភិរក្សដំរីខ្មែរអៃរាវត្តា បានចូលរួមយ៉ាងសំខាន់ធ្វើការផ្លាស់ប្តូរផ្នត់ គំនិតរបស់ប្រជាជនអោយយល់ និងផ្តល់ក្តីស្រលាញ់ដល់សត្វព្រៃ ពិសេសសត្វដំរី សំដៅសំខាន់ក្នុងការរក្សាប្រពៃណី ទំនៀមទម្លាប់របស់ប្រជាជន ពិសេសជនជាតិដើមភាគតិច។ ដូច្នេះ ការរួមគ្នាគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ និងប្រជាពលរដ្ឋក្នុងការការពារ និងអភិរក្សសត្វដំរីទាំងដំរីព្រៃ និងដំរីស្រុកនៅកម្ពុជា គឺជាចំណែកមួយយ៉ាងសំខាន់នៃការងារគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះឱ្យគង់វង្សល្អយូរអង្វែងទៅមុខទៀត ក្នុងរយៈពេលចុងក្រោយនេះ សន្ទុះវិជ្ជមាននៃការស្រឡាញ់ និងអភិរក្សសត្វព្រៃពីប្រជាជនកម្ពុជា គឺមានចំនួនកាន់តែច្រើនឡើង។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ត្រូវបានជ្រើសតាំងជាប្រធានកិត្តិយសសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា (Airavata) ដើម្បីចូលរួមក្នុងកិច្ចការងារថែរក្សា និងអភិរក្សសត្វដំរីក្នុងប្រទេសកម្ពុជាបានគង់វង្ស បានជម្រាបជូនថា បច្ចុប្បន្ននេះដំរីស្រុកមានប្រមាណជាង ៧០ក្បាល ដែលបាននឹងកំពុងត្រូវបានចិញ្ចឹមនៅតាមតំបន់នានា ខណៈដំរី ព្រៃមានចន្លោះពី៤០០ ទៅ ៦០០ក្បាលដែលរស់នៅក្នុងព្រៃធម្មជាតិ។
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ក្នុងនាមជាប្រធានកិត្តិយសសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា បានធ្វើការអំពាវនាវដល់សប្បុរសជន នានាបន្តចូលរួមគាំទ្រថវិកាដើម្បីភ្ជាប់និស្ស័យជាមួយសមាគម ដើម្បីមានលទ្ធភាពពង្រឹង និងពង្រីកហើយផ្តល់សេចក្តីសុខដល់សត្វដំរីស្រុក ក៏ដូចជាព្យាយាមបង្កាត់ពូជអោយបានកូនច្រើនជាប្រភេទដំរីស្រុក ដើម្បីផ្តល់ជាការកម្សាន្ត និងការអភិរក្សសត្វដំរីស្រុកនៅក្នុងប្រទេសកម្ពុជាបានគង់វង្ស។ ការចូលរួមពីគ្រប់ភាគីក្នុងការចូលរួមការពារនិងអភិរក្សសត្វដំរីនៅកម្ពុជា គឺជាចំណែកមួយយ៉ាងសំខាន់នៃការងារគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះបានល្អយូរអង្វែងទៅមុខទៀត។
លោកស្រី ខៃ ចិន្តា ប្រធានក្រុមប្រឹក្សាភិបាល សមាគមមូលនិធិអភិរក្សដំរីខ្មែរ អៃរាវត្តា បានបញ្ជាក់ថា គោលបំណងសំខាន់របស់ សមាគម AIRAVATA បានធ្វើជាច្រើនឆ្នាំមកនេះ គឺដើម្បីចូលរួម ចំណែកលើកស្ទួយវិស័យទេសចរណ៍ ការពារបរិស្ថាន លើកតម្កើងប្រពៃណីវប្បធម៌នៃបង្កាត់ពូជដំរីស្រុក ដើម្បីឱ្យមានកំណើនកូនដំរ បន្តនិរន្តរភាពនៃដំរីខ្មែរ។ ដូច្នេះ ការអំពាវនាវឱ្យមានការចូលរួមគាំទ្រជាថវិកា គឺដើម្បីយកទៅចិញ្ចឹមបីបាច់ថែរក្សា អភិរក្សដំរីស្រុកដែលកំពុងរស់នៅក្នុងភូមិកាទៀង ឃុំល្បាំងពីរ ស្រុកលំផាត់ ខេត្តរតនគិរី ដែលបច្ចុប្បន្ននេះមានចំនួន ៤ក្បាល ឈ្មោលពីរ ញី មួយ និងកូនដំរីញីមួយ៕