ឯកឧត្តម ច័ន្ទ សុផល អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំគណៈកម្មាការរៀបចំពិធីបុណ្យអុំទូកនៅខេត្តបាត់ដំបង


រសៀលថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម ច័ន្ទ សុផល អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំគណៈកម្មាការរៀបចំពិធីបុណ្យអុំទូកនៅខេត្តបាត់ដំបង ក្នុងឱកាសអបអរសាទរបុណ្យចេញព្រះវស្សា នាថ្ងៃទី០៤-០៥ ខែតុលា ឆ្នាំ២០១៧ ខាងមុខនេះ ។ ក្នុងនោះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ស្នងការនគបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត តំបន់ប្រតិបត្តិការសឹករងបាត់ដំបង អភិបាលក្រុង ស្រុក មន្ទីរ អង្គភាព ព្រមទាំងមន្រ្តីរាជការសាលាខេត្ត ។ ជារៀងរាល់ឆ្នាំខេត្តបាត់ដំបង តែងតែរៀបចំពិធីបុណ្យអុំទូកក្នុងខេត្ត ដើម្បីអបអរសាទរពិធីបុណ្យចេញព្រះវស្សា ដោយឡែកឆ្នាំនេះមានទូកចំនួន៣០ បានចុះឈ្មោះចូលរួមប្រកួតដែលមកពីតាមបណ្តាក្រុង ស្រុកក្នុងខេត្ត និងមកពីតាមបណ្តាខេត្តផ្សេងៗមួយចំនួន ។ នៅក្នុងពិធីនេះផងដែរក៏មានការរៀបចំស្តង់ពិព័ណ៌ផលិតផល ការប្រគុំតន្រ្តី ដុតកាំជ្រួច បង្ហោះគោម នាពេលរាត្រី ដើម្បីកំដរបរិយាកាសក្នុងពិធីនេះឲ្យមានភាពសប្បាយរីករាយ និងអធិកអធម ។