ឯកឧត្តមវេជ្ជ. សុះ មុះសិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយចែកជូនគ្រួសាររងគ្រោះដោយអគ្គីភ័យឆេះផ្ទះ ចំនួន ០៩គ្រួសារ ស្មើ៦ខ្នងផ្ទះ កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅភូមិវត្តថ្មី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល ។ ពិធីក៏មានការអញ្ជើញចូលរួមអមដំណើរពីសំណាក់ ឯកឧត្តមជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងក្រុមការងារ លោកអភិបាលរងស្រុកមុខកំពូល តំណាងលោកអភិបាលស្រយក និងអាជ្ញាធរមូលដ្ឋានផងដែរ ។
ឯកឧត្តមវេជ្ជ.សុះ មុះសិន បានពាំនាំនូវការផ្តាំសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់ពូមីង និងក្រុមគ្រួសាររងគ្រោះទាំងអស់ ព្រមទាំងចូលរួមសោកស្តាយជាពន់ពេក ចំពោះឧប្បត្តិហេតុគ្រោះអគ្គិភ័យនេះ។
ឯកឧត្ដមបានគូសបញ្ជាក់ពីការ យកចិត្តទុកដាក់គិតគូរខ្ពស់ជាប់ជានិច្ច របស់ ថ្នាក់ដឹកនាំរបស់យើងចំពោះសុខទុក្ខប្រជាពលរដ្ឋជាទូទៅ ជាពិសេសជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់ពីវណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ពោល “ទីណាមានទុក្ខទីនោះតែងមានវត្តមានក្រុមការងារ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា“ ។ ឯកឧត្ដមក៏សូមឱ្យគ្រួសាររងគ្រោះទាំងអស់មេត្តាកាត់ចិត្ត កុំអស់សង្ឃឹម ឱ្យតែនៅមានជីវិតរស់នៅ គឺបងប្អូនអាចប្រកបរបររកទទួលទាន ដើម្បីស្តារជីវភាពគ្រួសារឡើងវិញ ព្រមទាំងសូមអំពាវនាវក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមប្រុងប្រយត័្នឲ្យបានខ្ពស់ក្នុងការបង្ការចំពោះគ្រោះអគ្គីភ័យនេះ ។
ឯកឧត្តមវេជ្ជ.សុះ មុះសិន បានលើកឡើងថា ដោយមើលឃើញពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយគ្រោះអគ្គិភ័យខាងលើ សមាគមនិស្សិតមុស្លិមកម្ពុជាបានអំពាវនាវដល់អង្គការមុស្លិមហែលហ្វិន នៅប្រទេសអាល្លឺម៉ង់ ដើម្បីរួមចំណែកជួយសម្រួលដល់ទុក្ខលំបាកខ្វះខាតនៃប្រជាពលរដ្ឋរងគ្រោះ។
អំណោយមនុស្សធម៌ដែលបានផ្តល់ជូន ក្នុង១គ្រួសារៗទទួលបាន៖ អង្ករ ៥០គីឡូក្រាម ឆ្នាំងដាំបាយអគ្គីសនី០១ កំសៀវដាំទឹក០១ មី៥០កញ្ចប់ និងថវិកាចំនួន ១,៦៥៩០០០រៀល ផងដែរ។
ពិធីនេះប្រព្រឹត្តទៅនាថ្ងៃទី២៧ ខែមករាឆ្នាំ២០២៥។