(ភ្នំពេញ)៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានលើកឡើងថា ជាផែនការយុទ្ធសាស្ត្រក្រសួង ចង់ឱ្យឆ្នាំ២០២៥នេះ ជាឆ្នាំដែលសេវាករផ្គត់ផ្គង់អគ្គិសនី នៅទូទាំងប្រទេស ត្រូវធ្វើប្រតិបត្តិការលើថ្នាល់ឌីជីថល (App) ទាំងអស់។
ការលើកឡើងបែបនេះ របស់ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ បានធ្វើឡើងនៅក្នុងឱកាសឯកឧត្តមបានអញ្ជើញ ជាអធិបតីភាពបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អាជ្ញាធរអគ្គិសនីកម្ពុជា នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។
ឯកឧត្តមរដ្ឋមន្ត្រី កែវ រនតៈ បានលើកឡើងយ៉ាងដូច្នេះថា៖ «យើងចង់បានឆ្នាំ២០២៥នេះ ជាឆ្នាំដែលសេវាផ្តត់ផ្គង់អគ្គិសនី ត្រូវធ្វើប្រតិបត្តិការលើ App ទាំងអស់ សូមឱ្យការបង់ថវិកាពីអតិថិជន គឺមានភាគរយមិនលើសពី៥ភាគរយ ដែលបង់ថវិកាដោយផ្ទាល់ ទៅទីតាំងបញ្ជរបង់ប្រាក់ សូមឱ្យ៩៥ភាគរយ ត្រូវតែបង់ថវិកាតាមប្រព័ន្ធធនាគារទាំងអស់ នេះជាផែនការ សម្រាប់ឆ្នាំ២០២៥»។
បន្ថែមពីនេះ ឯកឧត្តម កែវ រតនៈ បានសង្កត់ធ្ងន់ៗថា រាល់ការដាកពាក្យស្នើសុំតភ្ជាប់ចរន្តអគ្គិសនី និងការបង្កើតកម្លាំងអំពែអគ្គិសនីជាដើម គឺសុំឱ្យធ្វើប្រតិបត្តិការនៅឆ្នាំ២០២៥នេះ នៅត្រឹមឱ្យចប់នៅចុង១២ខែ ឆ្នាំ២០២៥។ ពោល សម្រាប់ការសុំដំឡើងអំពែថាមពលអគ្គិសនីនេះ ត្រូវធ្វើតាមប្រព័ន្ធអ៊ិនធឺណែត ដោយមិនតម្រូវឱ្យអតិថិជនមកបំពេញបែបបទ ដល់ទីតាំងផ្តល់សេវាករអគ្គិសនីទៀតនោះទេ។
ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ បានបន្តថា អាជ្ញាធរអគ្គិសនីកម្ពុជា, អគ្គិសនីកម្ពុជា ត្រូវតែដើរជាតួមុខគេ ដើម្បីធ្វើយ៉ាងណាជួយគាំទ្រឱ្យសេវាករឯកជនជាង ៤០០ទីតាំង អាចមានលទ្ធភាពធ្វើដំណើរការលើថ្នាល់ប្រព័ន្ធឌីជីថល មានភាពប្រហាក់ប្រហែលគ្នាផងដែរ។
ឯកឧត្តម កែវ រតនៈ គូសបញ្ជាក់ថា ដាច់ខាតសេវាករផ្គត់ផ្គង់អគ្គិសនីទាំងអស់ ត្រូវឱ្យមានលេខផ្ទាល់របស់ក្រុមហ៊ុន និងដាច់ខាតមិនត្រូវយកលេខទូរស័ព្ទដៃរបស់បុគ្គលិក ដើម្បីធ្វើជា Hotline របស់ក្រុមហ៊ុននោះទេ ហើយអាជ្ញាធរទាមទារឱ្យសេវាករដែលគ្រប់សេវាកម្មមួយកន្លែង ត្រូវមានភ្នាក់ងារទទួលបន្ទុកការងារអតិថិជនច្បាស់លាស់ ដែលអាចទាក់ទងបាន។
បើតាមយោងលោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានឱ្យដឹងថា អាជ្ញាធរអគ្គិសនីកម្ពុជាបានបង្កើត EAC-App សម្រាប់អ្នកប្រើប្រាស់អគ្គិសនី នៅក្នុងតំបន់ផ្គត់ផ្គង់របស់អ្នក ផ្គត់ផ្គង់ឯកជនប្រើ ហើយមកដល់ពេលនេះ EAC-App ត្រូវបានបន្ថែមមុខងារប្រើប្រាស់ជាបន្តបន្ទាប់ ហើយមុខងារសំខាន់ដែលត្រូវបន្ថែមក្នុងឆ្នាំ២០២៥ គឺមុខងារអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចស្នើសុំបន្តចរន្ត និងបន្ថែមកម្លាំងប្រើប្រាស់បាន។
ទន្ទឹមនឹងនេះ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា ក៏បានលើកឡើងពីបញ្ហាប្រឈមចំបងនាពេលកន្លងមក ដែលធ្វើឱ្យ EAC-App ដំណើរការមិនសូវរលូន គឺទិន្នន័យរបស់អ្នកកាន់អាជ្ញាបណ្ណមិនអាចអនឡាញគ្រប់ពេល ប៉ុន្តែបញ្ហាប្រឈម នេះត្រូវបានដោះស្រាយរួចរាល់ តាមរយៈការជួល Cloud រួម ឱ្យអ្នកកាន់អាជ្ញាបណ្ណប្រើ ដោយអាជ្ញាធរ អគ្គិសនីកម្ពុជាជាអ្នកទទួលបន្ទុកចំណាយ។ ទន្ទឹមនឹងនេះត្រូវរៀបចំវគ្គបណ្តុះបណ្តាលដល់បុគ្គលិករបស់ អ្នកកាន់អាជ្ញាបណ្ណនូវរបៀបដំឡើង និងរបៀបប្រើ ជំរុញការផ្សព្វផ្សាយ និងជួយណែនាំរបៀបដំឡើង និងរបៀបប្រើបន្តដល់អតិថិជន។
លោក យឹម វិសិដ្ឋ បានបន្ថែមថា តម្រូវឱ្យអ្នកកាន់អាជ្ញាបណ្ណត្រូវមានហ្វេសបុក លេខហតឡាញ លេខទំនាក់ទំនងអតិថិជន បានចាប់ផ្តើមច្រើនឆ្នាំដែរហើយ ប៉ុន្តែមកដល់ពេលនេះ អាជ្ញាធរអគ្គិសនីកម្ពុជាសង្កេតឃើញថា នៅមានគណនីហ្វេសបុកពុំច្បាស់លាស់ ឈ្មោះគណនីហ្វេសបុក មិនដូចនឹងឈ្មោះអាជ្ញាបណ្ណ លេខហតឡាញ លេខទំនាក់ទំនងអតិថិ ជន តេមិនចូល តេមិនលើក ផ្លាស់ប្តូរគ្មានការជូនដំណឹង យកលេខរបស់បុគ្គលិកមកប្រើ។
ដើម្បីពង្រឹងការងារនេះ នៅចុងឆ្នាំ២០២៤ថ្មីៗនេះ អាជ្ញាធរអគ្គិសនីកម្ពុជាបានជួបផ្ទាល់ជាមួយអ្នកកាន់ អាជ្ញាបណ្ណ ដោយបានណែនាំ ១. ត្រូវមានដាច់ខាត Facebook ហើយត្រូវមានឈ្មោះដូចអាជ្ញាបណ្ណ, ២. ត្រូវប្រើ Facebook របស់ក្រុមហ៊ុន Like ផេក EAC ដើម្បីអាចទទួលបានព័ត៌មានពីអាជ្ញាធរអគ្គិសនីកម្ពុជា, ៣. ត្រូវចូលទៅមើលផេក EAC និងឆ្លើយតបបញ្ហានានាដែលពាក់ព័ន្ធនឹងតំបន់ខ្លួន, ៤. ត្រូវចូលមើល Facebook ខ្លួនឯងជាប្រចាំ ដើម្បីឆ្លើយតបបញ្ហានានា និងត្រូវផុសព័ត៌មាននានា, ៥. ត្រូវមានលេខ Hot line ផ្លូវការ និងលេខទំនាក់ទំនងធម្មតាលេខទាំងនេះ ត្រូវតែជាលេខរបស់ក្រុមហ៊ុន/សហគ្រាស កុំយក លេខបុគ្គលមកប្រើ បើមានការផ្លាស់ប្តូរ ត្រូវជូនដំណឹង និង៦. ត្រូវប្រើជាប្រចាំ ត្រូវលើក និងឆ្លើយតបឱ្យបានត្រឹមត្រូវ និងមានក្រមសីលធម៌៕