(កណ្តាល)៖ ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាងប្រធានក្រុម បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងអាជ្ញាធរស្រុកកណ្តលស្ទឹង សរុបចំនួន១៤៧នាក់ នៅសាលាស្រុកកណ្តាលស្ទឹងខេត្តកណ្តាល។
មានប្រសាសន៍បើកអង្គពិធីសំណេះសំណាលនាពេលនេះ តាងនាមឱ្យក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ និងឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា ជូនចំពោះអាជ្ញាធរគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋគ្រប់មូលដ្ឋាន។
ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លោកស្រី ដែលបានចំណាយពេលវេលាដ៏មមាញឹក និងមានតម្លៃ មកចូលរួមក្នុងពិធីដ៏មានសារៈសំខាន់នេះ ដើម្បីជួបពិភាក្សាគ្នាដោយផ្ទាល់ និងយ៉ាងល្អិតល្អន់ ក្នុងគោលបំណងបង្ហាញអំពីគោលនយោបាយវិមជ្ឈការ វិសហមជ្ឈការ (រដ្ឋបាលសាធារណៈ) វិធីសាស្ត្រនៃការកៀរគរប្រជាពលរដ្ឋឱ្យចូលរួមក្នុងការអភិវឌ្ឍមូលដ្ឋាន និងអត្ថប្រយោជន៍នៃការប្រើប្រាស់ប្រភេទប័ណ្ណសម្រាប់ប្រើប្រាស់សេវាថែទាំសុខភាពដោយឥតគិតថ្លៃ ព្រមទាំងពិភាក្សាឈ្វេងយល់អំពីបញ្ហាប្រឈម ទុក្ខកង្វល់ តម្រូវការ និងសំណូមពរនានារបស់មូលដ្ឋាន។
ឯកឧត្តម បានជម្រាប់ជូនពាក់ព័ន្ធទៅនឹងព្រឹត្តិការថ្មីៗនេះរាជរដ្ឋាភិបាលមានគោលនយោបាយ ចែក ដីជូនប្រជាពលរដ្ឋដែលខ្វះដីដើម្បីទៅរស់នៅខេត្តស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី ដែលជាប់ព្រំដែនប្រទេសជិតខាង ដើម្បីធ្វើកសិកម្ម និងថែទាំព្រៃឈើ ដើម្បីអភិវឌ្ឍនៅតំបន់នោះ។
ឯកឧត្តមបានបញ្ជាក់ថា ក្នុងស្រុកកណ្តាលស្ទឹង មានប្រលានយន្តហោះថ្មី ដែលកសាងជិតរួចរាល មានផ្លូវល្អៗ ប្រឡាទឹកខ្វាត់ខ្វែងទឹក ភ្លើង សាលារៀន មន្ទីរពេទ្យ និងមានរោងចក្រ ដែលធ្វើឱ្យប្រជាពលរដ្ឋយើងមានការងារធ្វើ មានជីវភាពល្អប្រសើរឡើង។
ជាមួយគ្នានេះ ឯកឧត្តមបានស្នើឱ្យអាជ្ញាធរស្រុកកណ្តាលស្ទឹងក្រុមប្រឹក្សាឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំងអស់លើកឡើងនូវបញ្ហាប្រឈម ទុក្ខកង្វល់ តម្រូវការ និងសំណូមពរនានារបស់មូលដ្ឋាន ដើម្បីក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ រិះរកមធ្យោបាយដោះស្រាយ និងធ្វើជារបាយការជូនគណៈកម្មាធិការអចិន្ត្រៃយ៍ និងអង្គប្រជុំព្រឹទ្ធសភា ដើម្បីរកវិធីសាស្ត្រ និងស្វែងរកដំណោះស្រាយជូន។
បន្ទាប់មក ពិធីសំណេះសំណាលនេះ បានដំណើរការដោយមានការធ្វើបទអន្តាគមន៍អំពីគោលនយោបាយវិមជ្ឈការ វិសហមជ្ឈការ (រដ្ឋបាលសាធារណៈ) វិធីសាស្រ្តនៃការកៀរគរប្រជាពលរដ្ឋឱ្យចូលរួមក្នុងការអភិវឌ្ឍមូលដ្ឋាន និងអត្ថប្រយោជន៍នៃការប្រើប្រាស់ប្រភេទប័ណ្ណសម្រាប់ប្រើប្រាស់សេវាថែទាំសុខភាពដោយឥតគិតថ្លៃ ការងារស្ថិតិប្រជាពលរដ្ឋ ការងារអត្រានុកូលដ្ឋាន ការងារធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ការងារមូលនិធិអភិវឌ្ឍន៍ឃុំ ការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិ ភាព ៧ចំណុច ព្រមទាំងបញ្ហាប្រឈម កង្វល់ តម្រូវការ និងសំណូមពរនានារបស់មូលដ្ឋាន និងបានពិភាក្សា ផ្លាស់ប្តូរយោបល់ និងចែករំលែកបទពិសោធន៍ល្អៗ ពីសំណាក់ឯកឧត្តម លោកជំទាវក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ និងអាជ្ញាធរស្រុកផងដែរ។
អង្គពិធីដំណើរការដោយមានការពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍គ្នា អស់រយៈពេលមួយព្រឹករួចមក ឯកឧត្តម ម៉ម ប៊ុននាងប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានមានប្រសាសន៍បូកសរុប ផ្តាំផ្ញើ និងបិទពិធីសំណេះសំណាល ដោយថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារជាវិជ្ជមានរបស់អាជ្ញធរស្រុក និងក្រុមប្រឹក្សាឃុំ ព្រមទាំងបានចំណាយពេលវេលាដ៏មមាញឹកមកចូលរួមពិធីសំណេះសំណាលនេះ ដើម្បីទទួល-ចែករំលែកចំណេះដឹង បទពិសោធន៍ការងារ សំណូមពរ និងបញ្ហាប្រឈមនានានៅមូលដ្ឋានរបស់ខ្លួន ដោយធានាបាននូវប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ការពារបានសន្តិសុខ សណ្តាប់ធ្នាប់ និងបរិស្ថានល្អ ដោះស្រាយបាននូវបញ្ហាប្រឈមនានាទាន់ពេលវេលា និងធ្វើការអភិវឌ្ឍមូលដ្ឋានយ៉ាងល្អប្រសើរ។
ឯកឧត្តម ម៉ម ប៊ុននាង បានស្នើឱ្យអាជ្ញាធរស្រុកកណ្តាលស្ទឹងក្រុមប្រឹក្សាឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំងអស់រួមគ្នាធ្វើយ៉ាងណាដោះស្រាយបញ្ហានៅមូលដ្ឋានជូនប្រជាពលរដ្ឋ រួមគ្នាគាំទ្រដល់ការអភិវឌ្ឍន៍មូលដ្ឋាន លើកកម្ពស់សេវាសាធារណៈ ការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ៧ចំណុច លើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែល្អប្រសើរ និងសូមប្រកាន់ភ្ជាប់នូវសមធម៌ សុជីវធម៌ មនសិកាវិជ្ជាជីវៈ និងស្មោះត្រង់ជាមួយប្រជាពលរដ្ឋជានិច្ច។ ជាមួយគ្នានេះដែរ ឯកឧត្តម បានជំរុញឱ្យអាជ្ញាធរនៅមូលដ្ឋានខិតខំលើកកម្ពស់សមត្ថភាពជាប្រចាំ ដើម្បីប្រើប្រាស់ធនធាន ដែលមានស្រាប់ឱ្យមានប្រសិទ្ធភាព និងគណនេយ្យភាព និងផ្តល់សេវាសាធារណៈ ប្រកបដោយតម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌ជូនដល់ប្រជាពលរដ្ឋ។
ក្នុងឱកាសនោះដែរ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣បានឧបត្ថម្ភអាហារសម្រន់ ភេសជ្ជៈ និងថវិកាជូនក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ប្រធានមណ្ឌលសុខភាពឃុំ និងអាជ្ញាធរស្រុកកណ្តលស្ទឹង សរុបចំនួន១២៩នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន៥ម៉ឺនរៀល ដែលចំណាយថវិកាសរុបចំនួន១៣,៣៤៥,០០០រៀល (ដប់បីលាន បីសែនបួនម៉ឺនប្រាំពាន់រៀល)៕