ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានណែនាំក្រើនរម្លឹកដល់បុគ្គលិកមណ្ឌលសុខភាពទាំងអស់ ត្រូវបន្តការយកចិត្តទុកដាក់ប្រឹងប្រែងបម្រើសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋ ប្រកបដោយសេចក្តីអាណិតស្រឡាញ់ ក្តីមេត្តាករុណា និងត្រូវពង្រឹងសមត្ថភាពបន្ថែម កសាងទំនុកចិត្ត ភាពជឿជាក់ជូនដល់ប្រជាពលរដ្ឋ ដោយឈរលើគោលជំហរ គុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព សមធម៌ និងនិរន្តរភាព។
មានប្រសាសន៍បែបនេះក្នុងឱកាសដែលឯកឧត្តម និងឯកឧត្តម អ៊ុក សឿន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការអគារមណ្ឌលសុខភាពប្រាសាទ មណ្ឌលសុខភាពបល្ល័ង្គ និងមណ្ឌលសុខភាពឈ្នួរមានជ័យ ដែលបានជួសជុល និងកែលម្អ ក្រោមថវិកាឧបត្ថម្ភសមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូគ្រឹស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ (The Association of the Church of Jesus Christ of Latter-day saints) ដោយមានការចូលរួមពី លោក រ័ត្ន ច័ន្ទសុភាព ប្រធានសមាគមនិកាយ សាសនាចក្រនៃព្រះយេស៊ូគ្រីស្តនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ និងសមាជិកប្រតិភូអមដំណើរ ម្ចាស់ជំនួស តំណាងអង្គការដៃគូ បុគ្គលិកសុខាភិបាល បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស យុវជនបានចូលរួម ប្រារព្ធ ធ្វើ ឡើង នៅបរិវេណមណ្ឌលសុខភាពឈ្នួរមានជ័យ ស្ថិតនៅឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ កាលពីរសៀលថ្ងៃចន្ទ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានកោតសរសើរ និងថ្លែងអំណរគុណដល់បុគ្គលិកនៃមណ្ឌលសុខភាព ដែលបានលះបង់កម្លាំងកាយ និងបានណែនាំឱ្យបន្តខិតខំបម្រើសេវាសុខភាពបឋម ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដោយត្រូវបង្កើនកិច្ចសហការ ជាមួយមណ្ឌលសុខភាពជុំវិញ និងមន្ទីរពេទ្យដែលត្រូវបញ្ជូនអ្នកជំងឺបន្តនោះ និងដល់សមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូគ្រឹស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយម្ចាស់ជំនួយ អង្គការដៃគូរដែលបានឧបត្ថម្ភគាំទ្រដល់ការជួយជួសជុលនូវអគារមណ្ឌលសុខភាពទាំងអស់នេះដែលនេះជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបន្តជំរុញការអភិវឌ្ឍកសាងហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលនៅតាមទីជនបទឱ្យកាន់តែល្អប្រសើរសំដៅធានាដល់ការថែទាំសុខភាពជូនប្រជាពលរដ្ឋ។
ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្តបានអញ្ជើញបញ្ចុះបឋមសិលាសាងសង់អគារ១ខ្នងទំហំ២៩ម៉ែត្រ គុណ ២៩ម៉ែត្រ នៅមន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះផងដែរ៕
.j.jpg)
.j.jpg)
