ឯកឧត្ដម ឡាំ ជា រដ្ឋមន្រ្ដីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំស្តាប់របាយការណ៍វឌ្ឍនភាព និងកំណត់ទិសដៅការងារបន្តរបស់ក្រុមការងារវាស់វែងព្រំដែន, ក្រុមការងារជីភីអេស (GPS) និងក្រុមប្រតិបត្ដិការកម្ពុជា-ឡាវ ដើម្បីស្ដាប់ការរាយការណ៍ និងតាមដានវឌ្ឍនភាពការងារ ព្រមទាំងផ្ដល់អនុសាសន៍ណែនាំជូនក្រុមការងារព្រំដែនកម្ពុជា-ឡាវសម្រាប់ការអនុវត្ដកិច្ចការជាមួយនឹងសមភាគីឡាវបន្ដបន្ទាប់ទៀតផងដែរ។
កិច្ចប្រជុំនេះ បានធ្វើឡើងនាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលប្រជុំធំ នៃទីស្ដីការរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។
ឯកឧត្ដម រដ្ឋមន្រ្ដី បានកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារកម្ពុជា-ឡាវទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ដ បំពេញការងារដ៏មានសារៈសំខាន់នេះជូនរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងរាជរដ្ឋាភិបាលកម្ពុជាទាំងមូល។
តាមរយៈរបាយការណ៍របស់ក្រុមការងារនីមួយៗខាងលើ ឯកឧត្ដម រដ្ឋមន្រ្ដី បានកត់សម្គាល់ចំណុចសំខាន់ៗមួយចំនួនដែលជាបញ្ហាប្រឈម និងសំណូមពររបស់ក្រុមការងារនីមួយៗ ដើម្បីពិនិត្យ ពិភាក្សា និងដោះស្រាយជូនក្រុមការងារ ព្រមទាំងផ្ដល់អនុសាសន៍ដឹកនាំជូនក្រុមការងារកម្ពុជា-ឡាវ សម្រាប់ការចុះបំពេញការងារជាក់ស្ដែងនាពេលខាងមុខផងដែរ។
ឯកឧត្ដម រដ្ឋមន្រ្ដី បានថ្លែងអំណរគុណចំពោះអង្គប្រជុំទាំងមូលដែលបានពិភាក្សាក្នុងការផ្លាស់ប្ដូរមតិយោបល់ទៅលើបញ្ហាប្រឈម និងផ្ដល់ជាធាតុចូលដ៏មានសារៈសំខាន់នានា សម្រាប់សម្របសម្រួលការអនុវត្ដការងារ ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងសមិទ្ធផលជាផ្លែផ្កាបន្ថែមទៀតជូនរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងរាជរដ្ឋាភិបាលកម្ពុជា។




