នាថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ គណៈកម្មការទី៨ ព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន បានអញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីសំណាក់ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត លោកស្រី វិន ស៊ីធួន អភិបាលខេត្តស្តីទី និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។
លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា មានប្រសាសន៍ថា ដើម្បីឈ្វេងយល់ និងប្រមូលព័ត៌មានអំពីការផ្សព្វផ្សាយ និងការអនុវត្តច្បាប់ពាក់ព័ន្ធ និងប្រមូលព័ត៌មានអំពីវឌ្ឍនភាព បញ្ហាប្រឈម និងសំណូមពរ ក្នុងការអនុវត្តច្បាប់ គោលនយោបាយ និងការអនុវត្តជាក់ស្ដែងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងមូលដ្ឋាន ព្រមទាំងលទ្ធផលនៃកិច្ចប្រតិបត្តិការ ការគាំទ្រ និងទិន្នន័យពាក់ព័ន្ធនឹងវិស័យជំនាញជាសមត្ថកិច្ចរបស់គណៈកម្មការទី៨ព្រឹទ្ធសភា។
លោកជំទាវ ក៏បានស្នើឱ្យអាជ្ញាធរខេត្តមណ្ឌលគិរី រួមនឹងមន្ទីរពាក់ព័ន្ធទាំងអស់ លើកឡើងនូវបញ្ហាប្រឈម ទុក្ខកង្វល់ តម្រូវការ និងសំណូមពរនានារបស់មូលដ្ឋាន ដើម្បីឱ្យគណៈកម្មការទី៨ព្រឹទ្ធសភា រិះរកមធ្យោបាយដោះស្រាយ និងធ្វើជារបាយការជូនគណៈកម្មាធិការអចិន្ត្រៃយ៍ និងអង្គប្រជុំព្រឹទ្ធសភា ដើម្បីរកវិធីសាស្ត្រ និងស្វែងរកដំណោះស្រាយជូន។
លោកស្រី វិន ស៊ីធួន អភិបាលខេត្តស្តីទី មានប្រសាសន៍ថា វត្តមានរបស់គណៈកម្មការទី៨ ព្រឹទ្ធសភានាពេលនេះ គឺមានសារសំខាន់ណាស់ ដែលបានបង្ហាញ និងបញ្ជាក់ឱ្យឃើញកាន់តែច្បាស់អំពីកិច្ចខិតខំប្រឹប្រែង និងយកចិត្តទុកដាក់គិតគូរអំពីផលប៉ះពាល់ និងបញ្ហាប្រឈមនានា របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការនៅរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការអនុវត្តច្បាប់ គោលនយោបាយនានា និងលិខិតបទដ្ឋានគតិយុត្តិផ្សេងៗពាក់ព័ន្ធការងារសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី ដើម្បីធ្វើការសិក្សាស្វែងយល់ និងផ្តល់នូវអនុសាសន៍ក្នុងការបំពញេបន្ថែមនូវភាពខ្វះចន្លោះ និងស្វែងរកដំណោះស្រាយសមស្រប ក្នុងការជួយសម្រួលដល់ការអនុវត្តការងារឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀត។
នាឪកាសនោះ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា រួមទាំងថ្នាក់ដឹកនាំខេត្ត បានអញ្ជើញចុះទស្សនកិច្ច និងជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្ស និស្សិត នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី៕





