អភិបាលរាជធានីភ្នំពេញ ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតគុយបាប្រចាំកម្ពុជា


នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោកស្រី មីឡេនណា ការីដាដ ស្សាលឌីវ៉ារ ពាដ្រា (Milena Caridad Zaldivar Piedra) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋគុយបា ប្រចាំកម្ពុជាំ អញ្ជើញជួបសម្តែងការគួរសម ជាមួយ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង បានរំលឹកឡើងនូវគុណនូបការ របស់សាធារណរដ្ឋគុយបា ជាមិត្តចាស់ដែលបានជួយឧបត្ថម្ភគាំទ្រដល់កម្ពុជា លើវិស័យសុខាភិបាល អប់រំ និងកសិកម្មនាពេលកន្លងមក ពោលរាប់ចាប់តាំងពីការចាប់ផ្តើមទំនាក់ទំនងការទូត រវាងប្រទេសកម្ពុជា និងសាធារណរដ្ឋគុណបា នាអំឡុងពេល១៩៧៩ និងអំឡុងទសវត្សរ៍៨០ ជាពិសេសការជួយរបស់គុយបា មកកាន់កម្ពុជា ក្រោយកម្ពុជារំដោះប្រទេសជាតិ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលគុយបា បានរួមចំណែកយ៉ាងធំធេញលើការអភិវឌ្ឍប្រទេសជាតិកម្ពុជា ក្រោយកម្ពុជា រួចផុតពីសង្គ្រាម។

ឯកឧត្តម ឃួង ស្រេង បានរំលឹកថា ជាការពិតចំណងការទូត ដែលផ្តួចផ្តើមឡើង ដោយសម្តេចព្រះបរមរតនកោដ្ឋ និងលោក ហ្វី ដែលកាស្ត្រូ (Fidel Castro) បានធ្វើឲ្យកម្ពុជា និងគុយបា មានទំនាក់ទំនងការទូតតាំងពីបុរេប្រវត្តិមក ប៉ុន្តែមកដល់កម្ពុជា នៅសម័យរំដោះឲ្យរួចពីការកាប់សម្លាប់ពីរបស់ ប៉ុល ពត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាមគ្គទ្ទេសការទូត ប្រចាំកម្ពុជានាពេលនោះ ក៏បានរៀបចំទំនាក់ទំនងជាមួយបណ្តាប្រទេសជាច្រើន។ ដោយឡែកគុយបា ក៏ជាប្រទេសមួយ ក្នុងចំណោមប្រទេស ដែលបានធ្វើកិច្ចការការទូត ជាមួយនឹងសាធារណរដ្ឋប្រជាមានិតកម្ពុជា នាពេលនោះផងដែរ។

ឯកឧត្តម ឃួង ស្រេង បានលើកឡើងនូវពាក្យស្លោកកម្ពុជាមួយថា «ជួយគ្នាក្នុងគ្រាក្រ» ហើយក្នុងពេលដែលកម្ពុជាក្រ ក៏មានប្រទេសគុយបាមួយ បានជួយមកលើប្រទេសកម្ពុជា នូវជំនួយឥតសំណងសព្វបែបយ៉ាង។ ជាមួយគ្នានេះ លោក ឃួង ស្រេង បានជម្រាបជូនលោកស្រីឯកអគ្គរដ្ឋទូតគុយបា នូវការត្រៀមលក្ខណៈរួចរាល់របស់អាជ្ញាធររាជធានីភ្នំពេញ នៅក្នុងការជួយជ្រោមជ្រែង លើកិច្ចការងារចាំបាច់ ជាពិសេសក្នុងបេសកកម្មការទូតរបស់លោកស្រី ក្នុងទីក្រុងភ្នំពេញ និងការការពារសុខសុវត្ថិភាព របស់ស្ថានទូតគុយបា នៅទីក្រុងភ្នំពេញផងដែរ។

ជាការឆ្លើយតប លោកស្រី មីឡេនណា ការីដាដ ស្សាលឌីវ៉ារ ពាដ្រា ឯកអគ្គរដ្ឋទូតគុយបា បានថ្លែងអំរគុណចំពោះលោក ឃួង ស្រេង ដែលបានចំណាយពេលវេលាដ៏មមាញឹក អនុញ្ញាឲ្យលោកស្រី និងសហការី អញ្ជើញជួបសម្តែងការគួរសម នាឱកាសនេះ ព្រមទាំងអរគុណដល់អាជ្ញាធររាជធានីភ្នំពេញ ដែលជានិច្ចជាកាល បានជួយដល់ស្ថានទូតគុយបា ទាំងការរក្សាអនាម័យបរិស្ថានជុំវិញស្ថានទូត និងជាពិសេស សុខសុវត្ថិភាពរបស់មន្ត្រី នៃស្ថានទូតគុយបា ដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញតែម្តង។

លោកស្រីអគ្គរដ្ឋទូតក៏បានរំលេចនូវចំណងមិត្តភាពរវាងប្រទេសទាំពីរ គុយបា-កម្ពុជា ដែលមានទំនាក់ទំនងការទូតយ៉ាងស្អិតរមួត ហើយប្តេជ្ញារក្សាឲ្យបាននូវតម្លៃមិត្តភាព សាមគ្គីភាព និងបន្តឲ្យកាន់តែល្អប្រសើរថែមទៀត។

ក្នុងនោះលោកស្រីឯកអគ្គរដ្ឋទូតគុយបា ក៏បានស្នើដល់លោក ឃួង ស្រេង ពិនិត្យលទ្ធភាព ក្នុងការស្វែងរកនូវសាលារៀន ដែលធ្លាប់បានប្រើប្រាស់ឈ្មោះថា ជាសាលាគុយបា កាលពីអតីតកាល នឹងអាចឲ្យស្ថានទូតគុយបា អាចចុះទស្សនកិច្ច និងមានបំណងចង់ដាំដើមឈើ សម្រាប់ទុកជាអនុស្សាវរីយ៍ដែលបង្ហាញពីចំណងមិត្តភាព រវាងគុយបា និងកម្ពុជា ខណៈដែលកិច្ចការងារនេះ។

ឯកឧត្តម ឃួង ស្រេង បានឯកភាពលើការផ្តល់នូវការគាំទ្រ ចំពោះកិច្ចការមួយចំនួន ដែលជាសំណើររបស់ឯកអគ្គរដ្ឋទូត តែយ៉ាងណាមិញ លោក ឃួង ស្រេង ក៏បានផ្តល់អនុសាសន៍ណែនាំ ឲ្យឯកអគ្គរដ្ឋទូតគុយបា ពិនិត្យនិងពិភាក្សាការងារខាងលើ ជាមួយឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំជាមុនសិន ថាតើអាចមានការរៀបចំបានលើអ្វីខ្លះ ដើម្បីឲ្យសាកសមនឹងតម្លៃនៃចំណងមិត្តភាពរវាងប្រទេសទាំងពីរ។

បន្ថែមលើនេះ ក្នុងជំនួបរវាងឯកឧត្តម ឃួង ស្រេង និងលោកស្រីឯកអគ្គរដ្ឋទូត ក៏បានឯកភាពគ្នា លើការជំរុញការផ្សព្វផ្សាយនូវទំនាក់ទំនង អំពីវប្បធម៌ប្រពៃណីដ៏ផូរផង់ រវាងប្រទេសទាំងពីរ ទៅកាន់ប្រជាជនគ្នាទៅវិញទៅមក និងសង្ឃឹមថា នឹងអាចមានការចុះអនុស្សារណយោគយល់គ្នា រវាងទីក្រុងឡាហាវ៉ាន និងទីក្រុងភ្នំពេញផងដែរ៕