ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន និងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញផ្សព្វផ្សយលទ្ធផលសន្និបាទគណៈកម្មាធិការកណ្តាល លើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ជូនសមាជិកបក្សខេត្តកំពង់ចាម


ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន សមាជិកគណៈអចិន្ដ្រៃយ៍គណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម និងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន សមាជិកគណៈអចិន្ដ្រៃយ៍គណៈកម្មាធិការកណ្ដាល និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីប្រជុំផ្សព្វផ្សាយខ្លឹមសារសន្និបាតគណៈកម្មាធិការកណ្ដាល លើកទី៤៥ អាណត្តិទី៥ និងបូកសរុបលទ្ធផលការងារគណបក្ស និងក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម ឆ្នាំ២០២៥ និងទិសដៅភារកិច្ច ឆ្នាំ២០២៥។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្ដាល ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាអនុប្រធានប្រចាំការក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ចាម បាបឡើងធ្វើរបាយការណ៍សង្ខេបអំពីសមិទ្ធផលសំខាន់ៗ របស់គណបក្ស និងក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម ប្រចាំឆ្នាំ២០២៤ និងទិសដៅភារកិច្ច ឆ្នាំ២០២៥។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន សមាជិកគណៈអចិន្ដ្រៃយ៍គណៈកម្មាធិការកណ្ដាល និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម បានអានសេចក្ដីជូនដំណឹងស្ដីពីលទ្ធផល នៃសន្និបាតគណៈកម្មាធិការកណ្ដាល លើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ជូនសមាជិក សមាជិកគណបក្សទាំងអស់ឲ្យបានជ្រួតជ្រាប។

បន្ទាប់ពីបានស្តាប់សេចក្តីជូនដំណឹងស្តីពីលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជារួចមក លោកសន្ដិបណ្ឌិត នេត សាវឿន បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារ និងមន្រ្តីគណបក្សគ្រប់ថ្នាក់នៅមូលដ្ឋាន ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ស្មារតី និងធនធានផ្ទាល់ខ្លួន បម្រើប្រជាពលរដ្ឋសម្រេចបានសមិទ្ធផលគួរជាទីមោទនៈ ក្នុងរយៈពេលកន្លងមកនេះ។

ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន បានគូសបញ្ជាក់ពីការដាក់ចេញទិសដៅរបស់សន្និបាតឆ្នាំ២០២៥ ក្នុងការពង្រឹងធ្លុងមហាសាមគ្គីជាតិក្រោមដំបូងរដ្ឋធម្មនុញ ការពាររឹងមាំឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ការពារដាច់ខាត សុខសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខជាតិ មិនឲ្យកម្លាំងអមិត្ត ឬក្រុមជ្រុលនិយមណាមកបំផ្លាញការអភិវឌ្ឍ និងសេចក្តីសុខរបស់ប្រជាជនបានឡើយ។

ឯកឧត្តមសន្ដិបណ្ឌិត ក៏បានផ្តាំផ្ញើដល់គណៈកម្មាធិការបក្សស្រុក គណបក្សឃុំ បង្កើន និងពង្រឹងសមាជិកគណបក្សទាំងបរិមាណ គុណភាព ដោយឈរលើគោលការណ៍សាមគ្គីឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ ជាពិសេសបន្ត ការកសាង អភិវឌ្ឍន៍មាតុភូមិកម្ពុជា។

លើសពីនេះ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ក៏បានផ្តាំផ្ញើមន្រ្តីបក្សចុះពង្រឹងមូលដ្ឋាន និងមន្រ្តីគណបក្សគ្រប់ថ្នាក់ បន្តធ្វើអំពើល្អ ខិតខំយកអស់កម្លាំងកាយចិត្តនិងស្មារតីទទួលខុសត្រូវ បម្រើប្រជាជន ការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព និងបង្រ្កាបទាន់ពេលវេលារាល់បទល្មើស ការប្រើប្រាស់គ្រឿងញឿន ការបន្តថែរក្សាសុខសន្តិភាព អនុវត្តភូមិ-ឃុំ មានសុវត្ថិភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ៕