កម្មវិធីអប់រំផ្សព្វផ្សាយ និងផ្ដល់អំណោយឈាមដោយស្ម័គ្រចិត្ត


រាជធានី​ភ្នំពេញ៖ នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១៧ នៅ​អគាររដ្ឋបាល​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រារព្ធ​កម្មវិធី​អប់រំ​ផ្សព្វផ្សាយ និង​ផ្ដល់​អំណោយ​ឈាម​ដោយ​ស្ម័គ្រ​ចិត្ត ក្រោម​អធិបតីភាព ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា រួម​ជាមួយ​ឯកឧត្ដម លោក​ជំទាវ រដ្ឋលេខាធិការ អនុ​រដ្ឋលេខាធិការ ប្រធាន អនុ​ប្រធាន​នាយដ្ឋាន និង​បុគ្គលិក​អប់រំ ប្រមាណ១៥០នាក់។
ក្នុង​ឱកាស​នោះ ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា ការ​ផ្ដល់​ឈាម​មិន​ត្រឹម​តែ​ជា​កាយវិការ​ប្រកប​ដោយ​មនុស្ស​ធម៌ ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​វា​ក៏​មាន​គុណ​ប្រយោជន៍​សម្រាប់​អ្នក​ផ្ដល់​ឈាម​ផង​ដែរ។ ឯកឧត្ដម​បណ្ឌិត បាន​បញ្ជាក់​ថា ប្រសិន​បើ​គ្មាន​ឈាម​ទាន់​ពេល​វេលា​ទេ ជំងឺ​មួយ​ចំនួន មិន​អាច​ស្រោចស្រង់​បាន​ឡើយ ហើយ​អាច​ធ្វើ​ឱ្យ​អ្នក​ជំងឺ​មាន​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​ផង​ដែរ ការ​ផ្ដល់​ឈាម​ជា​ការ​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស។ ឯកឧត្ដម​បាន​អំពាវ​នាវ ដល់​សិស្ស​និស្សិត យុវជន ដើម្បី​ចូល​រួម​ចំណែក​បរិច្ចាគ​ឈាម​ឱ្យ​បាន​កុះករ។ ក្នុង​កម្មវិធី​នេះ​​ក៏​មាន​ការ​ចូល​រួម​ចំណែក​ក្នុង​ការ​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត ពី​សំណាក់​មន្ត្រី​បុគ្គលិក​អប់រំ សម្រាប់​អ្នកជំងឺ​ដែល​ត្រូវ​ការ​ឈាម​ជា​ចាំ​បាច់​ដើម្បី​សង្គ្រោះ​ជីវិត។
ដោយឡែក វេជ្ជបណ្ឌិត ហុក គឹមចេង ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​នៃ​ក្រសួង​សុខាភិបាល​បាន​ឱ្យ​ដឹង​ថា ការ​បរិច្ចាគ​ឈាម គ្មាន​ផល​ប៉ះពាល់​ដល់​សុខភាព​ឡើយ។ មនុស្ស​ពេញ​វ័យ​អាច​បរិច្ចាគ​ឈាម​បាន​ប្រមាណ​៣ដង​(សម្រាប់​ស្ត្រី) និង៤ដង(សម្រាប់​បុរស)ក្នុង១ឆ្នាំ ដោយ​សារ​ឈាម​នឹង​ត្រូវ​បាន​ផលិត​ឡើង​វិញ​នៅ​ក្នុង​ខួរ​ឆ្អឹង​របស់​មនុស្ស៕