(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ង្វៀន មិញ វូ (NGUYEN Minh Vu) ឯកអគ្គរដ្ឋទូតថ្មីរបស់វៀតណាមប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះឯកឧត្តម ង្វៀន មិញ វូ ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតនៅកម្ពុជា។ សម្តេចតេជោ បានគូសបញ្ជាក់ថា វត្តមានដ៏ឆាប់រហ័សរបស់លោកឯកអគ្គរដ្ឋទូត នៅលើទឹកដីកម្ពុជា បានបង្ហាញពីការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋាភិបាលវៀតណាម ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ។
សម្ដេចតេជោ សង្ឃឹមថា ឯកឧត្តមឯកអគ្គរដ្ឋទូត នឹងរួមចំណែកយ៉ាងសកម្មក្នុងការជំរុញបន្ថែមទៀតនូវទំនាក់ទំនងដ៏ស្អិតល្មួតភូមិផងរបងតែមួយ និងដែលបានរួមសុខរួមទុក្ខជាមួយគ្នា តស៊ូដើម្បីឯករាជ្យ និងអធិបតេយ្យភាព ក៏ដូចជាការជួយយ៉ាងធំធេងរំដោះកម្ពុជា និងទប់ស្កាត់ការវិលត្រឡប់មកវិញនូវរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការកសាងអភវិឌ្ឍកម្ពុជាឡើងវិញ។
ឆ្លៀតឱកាសនោះ សម្តេចតេជោ ក៏បានជូនពរឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការី ក្នុងឱកាសចូលឆ្នាំប្រពៃណីវៀតណាម ដែលទើបបានកន្លងផុតទៅផងដែរ។
ក្នុងជំនួបនេះ ឯកឧត្តម ង្វៀន មិញ វូ បានសម្តែងក្តីសោមនស្សរីករាយក្រៃលែង និងមហាកិត្តិយសគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ដែលបានផ្តល់កិត្តិយសឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងសហការី ចូលជួបសម្ដែងការគួរសម និងដែលបានមកបំពេញបេសកកម្មនៅលើទឹកដីកម្ពុជា។
ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណសម្តេចតេជោ ចំពោះការលើកឡើងអំពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា-វៀតណាម និងចំពោះការជូនពរនាឱកាសចូលឆ្នាំប្រពៃណីវៀតណាម។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងក្តីជឿជាក់ថា នឹងអាចបំពេញបេសកកម្មប្រកបដោយជោគជ័យនៅកម្ពុជា។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានពាំនាំជូនសម្ដេចតេជោ នូវបណ្តាំផ្ញើសួរសុខទុក្ខរបស់អគ្គលេខាធិការបក្ស ប្រធានរដ្ឋ ប្រធានរដ្ឋសភា និង នាយករដ្ឋមន្ត្រីវៀតណាម។
ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានសម្តែងនូវការកោតសរសើរ និងការវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍដ៏ខ្លាំងក្លារបស់កម្ពុជា ជាពិសេសក្រោមការដឹកនាំរបស់សម្តេចតេជោ ដែលបានស្តារកម្ពុជាតាំងពីគំនរផេះផង់ និងការផ្ទេរអំណាចជូនថ្នាក់ដឹកនាំបន្តវេនប្រកបដោយភាពជោគជ័យ ដើម្បីបន្តដឹកនាំប្រទេសឆ្ពោះទៅរកការអភិវឌ្ឍបន្ថែមទៀត។
ឆ្លៀតនៅក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានជម្រាបជូនសម្តេចតេជោ អំពីទិសដៅការងារក្នុងការបំពេញបេសកកម្មរបស់លោកនៅកម្ពុជា រួមមាន ការបន្តលើកកម្ពស់កិច្ចសហប្រតិបតិ្តការនយោបាយ និងការទូត តាមរយៈការជំរុញការផ្លាស់ប្តូរទស្សនកិច្ចនៅគ្រប់កម្រិតជាន់ថ្នាក់ និងក្រោមក្របខណ្ឌសភា, លើកកម្ពស់កិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងការបង្រ្កាបបទល្មើសឆ្លងដែន, លើកកម្ពស់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ក៏ដូចជាយុវជន និងលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដើម្បីជំរុញឱ្យសម្រេចបាននូវគោលដៅទំហំពាណិជ្ជកម្ម ២០ពាន់លានដុល្លាអាមេរិក ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានដាក់ចេញ។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះការជួយគាំទ្រដល់ប្រជាជនវៀតណាម ក្នុងការប្រកបរបររកស៊ី និងជំរុញឱ្យមានវិនិយោគិនវៀតណាម មកកម្ពុជាបន្ថែមទៀត។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានជម្រាបសម្តេចតេជោ អំពីការរៀបចំមហាសន្និបាតបក្សកុម្មុយនីសវៀតណាម នៅឆ្នាំក្រោយ និងការកែសម្រួលរចនាសម្ព័ន្ធស្ថាប័នផ្ទៃក្នុងវៀតណាមផងដែរ។
ជាការឆ្លើយតបសម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះការផ្តាំផ្ញើសួរសុខទុក្ខរបស់បណ្តាថ្នាក់ដឹកនាំកំពូលវៀតណាម។ សម្តេចបាន រំលឹកឡើងវិញនូវប្រវត្តិទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម តាំងពីឆ្នាំ១៩៦៧ ជាពិសេសការជួយរបស់កម្ពុជា ដល់ប្រទេសវៀតណាម និង ការជួយឧបត្ថម្ភរបស់វៀតណាម ដល់រូបសម្តេច និងកម្ពុជា ឱ្យរស់រានមានជីវិត និងការតស៊ូរំដោះជាតិ ដែលជាប្រវត្តិសាស្រ្តមិនអាចបំភ្លៃបាន ហើយដែលសម្តេចបានរៀបចំចងក្រងឱ្យមានជាកម្រងខ្សែភាពយន្ត។
សម្តេចតេជោ បានគូសបញ្ជាក់បន្ថែមថា គណបក្សប្រជាជនកម្ពុជា បានគ្រប់គ្រង ២/៣នៃប្រវត្តិទំនាក់ទំនងនេះ ហើយការរីកចម្រើនរបស់កម្ពុជានាពេលនេះ គឺមិនអាចកាត់ផ្តាច់ពីការជួយឧបត្ថម្ភដ៏ធំធេងរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម ក្នុងការរំដោះប្រទេសកម្ពុជា និងការទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ ដែលជាចំណុចចាប់ផ្តើម និងជាមូលដ្ឋាននៃទំនាក់ទំនងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងការជួយគ្នាទៅវិញទៅមករហូតពេលបច្ចុប្បន្ន។
សម្តេចតេជោ ក៏បានសម្តែងការគាំទ្រចំពោះទិសដៅភារកិច្ចរបស់ឯកអគ្គរដ្ឋទូត ដែលបានដាក់ចេញក្នុងបេសកកម្មនៅកម្ពុជា។ នៅក្នុងបរិបទនេះ សម្តេចតេជោ បានផ្តល់អនុសាសន៍ជូនឯកឧត្តមឯកអគ្គរដ្ឋទូត ឱ្យយកចិត្តទុកដាក់ផ្តោតលើការតភ្ជាប់ និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរជាស្នូល ដើម្បីជាមូលដ្ឋានជំរុញបន្ថែមនូវទំនាក់ទំនងផ្នែកនយោបាយ។
ក្រៅពីក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់នានា សម្តេចតេជោ បានស្នើឱ្យមានការពង្រឹងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ដោយសង្កេតឃើញថា សេដ្ឋកិច្ចប្រទេសទាំងពីរមានលក្ខណៈបំពេញបន្ថែមឱ្យគ្នា។ សម្តេចតេជោ បានចង្អុលបង្ហាញថា វៀតណាម បានក្លាយជាទីផ្សារកសិផលរបស់កម្ពុជា ដូចជាគ្រាប់ស្វាយចន្ទី និងស្រូវ ហើយកម្ពុជាក៏មានតម្រូវការទំនិញនានាពីវៀតណាមផងដែរ។ បន្ថែមពីលើនេះ សម្តេចតេជោ បានគូសបញ្ជាក់ថា ទោះបីកម្ពុជាបានដកខ្លួនពីក្របខ័ណ្ឌ CLV-DTA ពិតមែន តែកិច្ចសហប្រតិបត្តិការរវាងភាគីទាំងបីត្រូវបានពង្រីកពីលក្ខណៈតំបន់ ទៅជាកម្រិតប្រទេស ហើយប្រទេសទាំងបី នឹងបន្តពង្រឹងយន្តការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ទាំងនៅក្នុងក្របខណ្ឌបក្ស រដ្ឋាភិបាល និងសភា។
ឆ្លៀតនៅក្នុងឱកាសនោះផងដែរ សម្តេចតេជោ បានថ្លែងអំណរគុណរៀតណាមដែលបានយកចិត្តទុកដាក់សម្របសម្រួលក្នុងការរៀបចំពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរទៅកម្ពុជាក្រោមយ៉ាងរលូន ក៏ដូចជាការបន្តផ្តល់ការសម្របសម្រួលដល់ការថែរក្សាវប្បធម៌ និងទំនៀមទំលាប់ខ្មែរកម្ពុជាក្រោម។
សម្តេចតេជោ ក៏បានកត់សម្គាល់ និងអបអរសាទរចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់វៀតណាម និងបានសម្តែងក្តីសុទិដ្ឋិនិយមថា ជាមួយល្បឿនកំណើននេះ វៀតណាម នឹងអាចចូលរួមជាមួយក្លឹបប្រទេស G20 នាពេលខាងមុខ៕