មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ ស្នើសុំអង្គការ Love in Action បន្តជួយឧបត្ថម្ភគាំទ្រដល់ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក


មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ ស្នើសុំអង្គការ Love in Action បន្តជួយឧបត្ថម្ភគាំទ្រដល់ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក តាមរយៈការពង្រឹងសមត្ថភាពមន្ត្រី និងពង្រឹងប្រសិទ្ធភាពនៃសេវាសង្គ្រោះបឋម និងសង្គ្រោះបន្ទាន់ តាមរយៈការផ្តល់សម្ភារៈ និងឧបករណ៍បច្ចេកទេសជាដើម។

លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.) បានជួបសម្តែងការគួរសមជាមួយប្រតិភូអង្គការ Love In Action ដឹកនាំដោយលោក Bruce Hein នាយកអង្គការ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ជាថ្នាក់ដឹកនាំក្រសួង សមាជិក សមាជិកា នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងមន្ត្រីរាជការក្រោមឱវាទក្រសួងជាច្រើនរូបផងដែរ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥។

នាយកអង្គការ Love In Action រូបនេះបានសម្របសម្រួលផ្តល់ជំនួយដល់កម្ពុជាតាំងពីឆ្នាំ២០០៦ នូវឧបករណ៍សម្ភារៈកីឡា កុំព្យូទ័រ សម្ភារៈ វេជ្ជសាស្ត្រ និងបានសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ និងសាលាបណ្ឌិត្យសភានគរបាលកម្ពុជា នៃក្រសួងមហាផ្ទៃ ផ្តល់ការបណ្តុះបណ្តាលឯកទេសសង្គ្រោះ ហេតុការណ៍គ្រោះថ្នាក់ធ្ងន់ធ្ងរពិសេសគ្រោះថ្នាក់ចរាចរណ៍ដល់នគរបាលចរាចរណ៍ នគរបាលបង្ការពន្លត់អគ្គិភ័យ និងសិក្ខាកាម នគរបាល ព្រមទាំងផ្តល់ឧបករណ៍កាត់រថយន្តចូលសង្គ្រោះមនុស្ស និងឧបករណ៍សង្គ្រោះបន្ទាន់ដល់ស្នងការដ្ឋាននគរបាលខេត្តគោលដៅចំនួន៣(បាត់ដំបង សៀមរាប បន្ទាយមានជ័យ)។

អង្គការក៏បានជួយឧបត្ថម្ភដល់មន្ត្រី និងថ្នាក់ដឹកនាំ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ធ្វើទស្សនកិច្ចសិក្សាការងារសង្គ្រោះ និងការងារឆ្លើយតប ព័ត៌មានសង្គ្រោះ (911) នៅរដ្ឋវ៉ាស៊ីងតោន សហរដ្ឋអាម៉េរិក នាខែតុលា ឆ្នាំ២០២២។ តបនឹងស្នាដៃសម្រេចបានដ៏ធំធេងប្រកបដោយទឹកចិត្តសប្បុរសរបស់លោក Bruce Hein រាជរដ្ឋាភិបាលបានស្នើសុំព្រះមហាក្សត្រប្រោសព្រះរាជទានគ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍ បំពាក់ជូនលោក តាមព្រះរាជក្រឹត្យ នស/រកត/០៧២៤/៨៥៦ ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤។

លោកជំទាវរដ្ឋលេខាធិការ បានសម្តែងការកោតសរសើរចំពោះស្នាដៃ និងទឹកចិត្តសប្បុរសធម៌របស់លោក និងបានស្នើសុំអង្គការ Love in Action បន្តជួយឧបត្ថម្ភគាំទ្រដល់ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាពិសេសផ្តោតលើការពង្រឹងសមត្ថភាពមន្ត្រី និងពង្រឹងប្រសិទ្ធភាពនៃសេវាសង្គ្រោះបឋម និងសង្គ្រោះបន្ទាន់តាមរយៈការផ្តល់សម្ភារៈ និងឧបករណ៍ បច្ចេកទេសដើម្បីគាំទ្រដល់ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក៕