រដ្ឋបាលខេត្តកំពង់ស្ពឺ ដឹកនាំកិច្ចប្រជុំលើការងារកែសម្រួលព្រំប្រទល់រដ្ឋបាលខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង


រដ្ឋបាលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានរៀបចំកិច្ចប្រជុំពិនិត្យ និងកែសម្រួលព្រំប្រទល់រដ្ឋបាលនៅក្នុងភូមិសាស្ត្រ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ និងឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម ស៉ីម រតនៈ អភិបាលរង នៃគណៈអភិបាលខេត្ត ឯកឧត្តម សាន់ យូ អភិបាលរង នៃគណៈអភិបាលកំពង់ឆ្នាំង ពិធីក៏មានការអញ្ជើញចូលរួមពីសម្នាក់ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត ប្រធាន អនុប្រធានមន្ទីរ អភិបាលស្រុកដែរពាក់ព័ន្ធ មន្ត្រីជំនាញ និង លោកមេឃុំ នៃខេត្តទាំង០២ (ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង) សរុបប្រមាណជា ៤៥នាក់។នៅសាលប្រជុំ យឹម សុខុម ជាន់ទី១។

កិច្ចប្រជុំនេះ មានគោលបំណង ដើម្បីជួយសម្រួលដល់ការគ្រប់គ្រងរដ្ឋបាល ការអភិវឌ្ឍន៍ ការផ្តល់សេវាសាធារណៈនិងការរក្សាសន្តិសុខសណ្តាប់ធ្នាប់។នៅក្នុងភូមិសាស្ត្រ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ និងឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ដែលមិនទាន់មានភាពច្បាស់លាស់លើកិច្ចការងារព្រំប្រទល់ដែនសមត្ថកិច្ចរបស់ខ្លួននៅឡើយនោះទេ ដែលធ្វើឱ្យជួបការលំបាកក្នុងការគ្រប់គ្រង និងការរៀបចំផែនការអភិវឌ្ឍន៍មូលដ្ឋាននានា។

យោងតាមការណែនាំរបស់ក្រសួងមហាផ្ទៃ ដែលបានជំរុញឱ្យគណៈកម្មការសិក្សាស្រាវជ្រាវកែសម្រួលព្រំប្រទល់ថ្នាក់ខេត្ត ឱ្យធ្វើការសិក្សា និងវាយតម្លៃលម្អិត ឱ្យបានច្បាស់លាស់អំពីស្ថានភាពព្រំប្រទល់រដ្ឋបាល និងភាពចាំបាច់ នៃការកែសម្រួលព្រំប្រទល់រដ្ឋបាល ដែលមិនទាន់បានកំណត់ច្បាស់លាស់ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយផ្អែកតាមកត្តាប្រជាសាស្ត្រ និងភូមិសាស្ត្រ ស្របតាមគោលការណ៍ និងនីតិវិធីរួមសម្រាប់ការសិក្សាស្រាវជ្រាវកែសម្រួលព្រំប្រទល់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ សម្រាប់បម្រើការឲ្យងាយស្រួលជូនដល់ប្រជាពលរដ្ឋនៅភូមិឆ្ងាយៗទទួលយកសេវាសាធារណៈ និងផ្តល់ផលប្រយោជន៍ឱ្យប្រជាពលរដ្ឋ និងឱ្យអាជ្ញាធរងាយស្រួលគ្រប់គ្រង សុខសុវត្ថិភាព និងឱ្យឃុំ ភូមិ នៅជិតគ្នាសហការគ្នាល្អ ហើយធ្វើការជាមួយគ្នាឱ្យប្រជាពលរដ្ឋមានភាពរីកចម្រើន។

អង្គប្រជុំបានឯកភាពបង្កើតក្រុមការងារបច្ចេកទេសអន្តរខេត្ត នៃខេត្តកំពង់ស្ពឺ និងខេត្តកុះពង់ឆ្នាំង ក្នុងការកំណត់ព្រំប្រទល់រដ្ឋបាល ដើម្បីជាមូលដ្ឋានក្នុងការស្រង់ទិន្ន័យមួយច្បាស់លាស់របស់ខ្លួន ដោយផ្អែកតាមកត្តាភូមិសាស្រ្ត និងប្រជាសាស្រ្តស្របតាមគោលការណ៍ និងនីតិវិធីរួមសម្រាប់ការសិក្សាស្រាវជ្រាវកែសម្រួលព្រំប្រទល់រដ្ឋបាលមូលដ្ឋានដោយដោះស្រាយឯកភាពគ្នាជារួម ដោយតម្កល់ផលប្រយោជន៍ជាតិ និងសង្គមទាំងមូល៕