ឯកឧត្តមរដ្ឋមន្ត្រី​ ថោ ជេដ្ឋា ទទួលជួបសម្តែងការគួរសម និង​​ពិភាក្សាការងារជាមួយឯកឧត្តម Derek Yip​ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃស្ថាន​ទូតអូស្រ្តាលីប្រចាំនៅ​កម្ពុជា


នៅព្រឹកថ្ងៃ​អង្គារ​ ៦រោច​ ខែ​មាឃ​ ឆ្នាំរោង​ ឆស័ក​ ពុទ្ធសករាជ ២៥៦៨​ ត្រូវនឹងថ្ងៃទី​១៨​ ខែ​កុម្ភៈ ឆ្នាំ​២០២៥​នេះ​ ឯកឧត្តម​ ថោ ជេដ្ឋា​ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ បាន​អនុញ្ញាត​ឱ្យ​ឯកឧត្តម​ Derek Yip​ ឯកអគ្គរាជទូតវិសាមញ្ញ និង​ពេញសមត្ថភាព​ នៃស្ថានទូត​អូស្រ្តាលីប្រចាំព្រះរាជាណាចក្រ​កម្ពុជា ដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និង​ពិភាក្សាការងារ​ នៅទីស្តីការក្រសួង​ធនធានទឹក និង​ឧតុនិយ។​

ក្នុងកិច្ចជំនួប​​ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការ​ស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូស្ថានទូត​អូស្រ្តាលី​ និងបាន​ថ្លែង​អំណរគុណ​ចំពោះរាជ​​រដ្ឋាភិបាល​អូស្ត្រាលី ដែល​បាន​ជួយ​គាំទ្រ​ដល់​ការកសាង និង​អភិវឌ្ឍន៍​សេដ្ឋកិច្ចកម្ពុជា ឱ្យមាន​ការរីកចម្រើន​ជា​បន្តបន្ទាប់ ជាពិសេស​​សម្រាប់​វិស័យ​ធនធានទឹក តាមរយៈ​​គម្រោង​កម្មវិធី​ខ្សែច្រវ៉ាក់តម្លៃកសិកម្មកម្ពុជា (កាវ៉ាក់១ និងកាវ៉ាក់២) និង​ការ​សិក្សាសមិទ្ធិលទ្ធភាព​នៃ​​​គម្រោងធ្វើឱ្យប្រសើរឡើង​សន្តិសុខទឹកកម្ពុជា​​ ដែលមិនត្រឹមតែ​ជួយកសាង​ប្រព័ន្ធធារាសាស្រ្តគ្រប់​ជ្រុងជ្រោយ ដើម្បី​ជំរុញឱ្យប្រជាកសិករមានទឹកប្រើប្រាស់គ្រប់គ្រាន់​​សម្រាប់វិស័យកសិកម្មនៅក្នុងខេត្ត​គោលដៅ និង​លើកស្ទួយកម្រិតជីវភាពប្រជាពលរដ្ឋឱ្យបានល្អប្រសើរ​ប៉ុណ្ណោះទេ ប៉ុន្តែបានជួយជំរុញកំណើនសេដ្ឋកិច្ចជនបទឱ្យមានការរីកចម្រើនទ្វេដងផងដែរ​។

សូមបញ្ជាក់ថា​ នៅក្នុងកិច្ច​ជំនួបនេះដែរ​ ភាគីទាំងពីរ​ ក៏​​បានពិភាក្សា​​ផ្លាស់ប្តូរ​មតិយោបល់ទៅវិញទៅមក​អំពី​ ទី​១)​​ឱកាសដើម្បីបន្តកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ​ រួមទាំងគម្រោងថ្មីៗដែលមានសក្តានុពលជាមួយក្រសួងធនធានទឹក​ និងឧតុនិយម​ ទី​២)​​អភិបាលកិច្ចទឹក និងការអភិវឌ្ឍន៍គោលនយោបាយសម្រាប់ធនធានទឹក និងឧតុនិយម​ ដោយសារអូស្ត្រាលីត្រូវបានទទួលស្គាល់ជាសកលសម្រាប់ការគ្រប់គ្រងធនធានទឹកចម្រុះ(IWRM​) ទី៣)ការចែករំលែកចំណេះដឹង បទពិសោធន៍​ និងការផ្លាស់ប្តូរបច្ចេកវិទ្យា និង​​ ទី​៤)វិស័យសំខាន់ៗនៃកិច្ចសហប្រតិបត្តិការដូចជា៖ ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធក្នុងប្រព័ន្ធធារាសាស្ត្រពេញលេញ បច្ចេកទេសអភិរក្សទឹក និងប្រព័ន្ធធារាសាស្រ្ត និងភាពធន់នឹងអាកាសធាតុ និងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ៕