ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាស្ដីពីការទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅសាលសន្និសីទសាលាខេត្តកំពង់ចាម កាលពីរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត បានលើកឡើងថា ភាពជោគជ័យ និងប្រសិទ្ធភាពការងារក្នុងកិច្ចបង្ក្រាបបទល្មើសផ្សេងៗ យើងឈរលើវិធានការណ៍ជាអាទិភាពចំនួន៤៖ ទី១. វិធានការផ្សព្វផ្សាយអប់រំ ដោយធ្វើការផ្សព្វផ្សាយអប់រំអំពីច្បាប់និងបទដ្ឋានគតិយុត្តនានាដល់ប្រជាពលរដ្ឋឱ្យបានយល់ដើម្បីឲ្យពួកគាត់បន្តផ្សព្វផ្សាយអប់រំដល់កូនចៅគ្រួសារ និងសហគមន៍។ ទី២. វិធានការរដ្ឋបាលដោយចរិះរកនូវវិធីសាស្ត្រអ្វីដែលថ្មីទៅតាមសភាពការណ៍សម័យបច្ចេកវិទ្យាទំនើបយកមកអនុវត្តទទួលបានប្រសិទ្ធភាពនិងលទ្ធផលដូចក្តីរំពឹងទុក។ ទី៣. អនុវត្តនូវវិធានការច្បាប់ និងទី៤. កិច្ចសហការដែលជាកិច្ចការសំខាន់ក្នុងការរៀបចំបណ្តាញ ក្នុងការយកព័ត៌មាននិងទទួលព័ត៌មានជាព័ត៌មានពិត ដើម្បីរាយការណ៍សុំយោបល់ក្នុងការបង្ក្រាបដោយមិនប្រឈមទើបទទួលបានជោគជ័យ។
ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា បទបញ្ជារបស់រាជរដ្ឋាភិបាលគឺសំដៅសម្រួចការងារ។ តាំងពីរដ្ឋាភិបាលមុនដល់បច្ចុប្បន្ន គឺការអនុវត្តនូវគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ជាគន្លឹះអាទិភាពក្នុងកិច្ចការថែរក្សាសន្តិភាពសណ្តាប់ធ្នាប់សាធារណៈបានល្អ ដែលមានចំណុចបញ្ហាក្មេងទំនើង ចរាចរណ៍ គ្រឿងញៀនពិសេសបញ្ហាល្បែងស៊ីសង ជាផ្នែកមួយ ក្នុងគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដែលជាកម្មវិធីរបស់រាជរដ្ឋាភិបាលជាកម្មវិធីថ្នាក់ជាតិ។ រាជរដ្ឋាភិបាល និតិកាលទី៧ សម្តេចធិបតីបានដាក់ចេញនូវគោលការណ៍ទិសដៅត្រូវធ្វើអ្វីមួយ ត្រូវដោះស្រាយបញ្ហាដែលកំពុងដាក់បន្ទុកដល់សង្គមរបស់យើង។ ត្រូវសម្រួចការងារដើម្បីសណ្តាប់ធ្នាប់សាធារណៈនិងសន្តិសុខសង្គមរបស់យើងឆ្លើយតបនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនៅឆ្នាំ២០៣០ ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ជាប្រទេសមានចំណូលខ្ពស់។
ទន្ទឹមនឹងនេះ ឯកឧត្តមបានណែនាំដល់កម្លាំងមានសមត្ថកិច្ចទាំងអស់កុំចូលរួមពាក់ព័ន្ធនឹងបទល្មើសគ្រប់ប្រភេទ ពិសេសល្បែងស៊ីសង និងគ្រឿងញៀន និងបទល្មើសដទៃទៀត ក្នុងករណីមានការពាក់ព័ន្ធត្រូវដកខ្លួនចេញ។ក្នុងករណីរកឃើញត្រូវទទួលទោសបាត់បង់កិត្តិយសនិងតួនាទី។ រាជរដ្ឋាភិបាលបានដាក់ចេញនូវការរៀបចំផ្ទះឱ្យបានស្អាត ចាប់ពីប្រជាពលរដ្ឋរហូតដល់មន្ត្រីយើងគឺផ្តើមចេញពីមន្ត្រីយើងម្នាក់ៗ ស្អាត មិនពាក់ព័ន្ធនឹងបទល្មើសគ្រប់ប្រភេទ និងឈានទៅសម្អាតផ្ទៃបឹងទាំងមូល។ យើងរៀបចំផ្ទះស្អាតបានល្អ គឺផ្ដើមចេញពីយើងម្នាក់ដោយចាប់ផ្តើមពីការកែប្រែនូវអត្តចរិត និងឥរិយាបថ។ ភាពស្អាតរបស់យើងគឺស្អាតទាំងរាងកាយ អត្តចរិត ឥរិយាបថ ការអនុវត្តការងារនិងការសម្រេចចិត្តរបស់យើង គឺត្រូវធ្វើឱ្យស្អាត នេះហើយផ្ទះមួយស្អាត សហគមន៍មួយស្អាត កន្លែងធ្វើការល្អ ការងារល្អ។ ចំណុចនេះហើយគឺខេត្តយើងជាខេត្តស្អាតរួចហើយ និងត្រូវបន្តស្អាតបន្ថែមទៀត៕

.j.jpg)

