គណៈប្រតិភូគណៈកម្មការទី២ព្រឹទ្ធសភាអញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីឈ្វេងយល់អំពីវិស័យជាសមត្ថកិច្ច


ក្នុងអំឡុងពេលនៃចន្លោះសម័យប្រជុំលើកទី២ ព្រឹទ្ធសភា នីតិកាលទី៥ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា (គណៈកម្មការទី២) ដឹកនាំដោយឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោយឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលាខេត្តបន្ទាយមានជ័យ ដើម្បីឈ្វេងយល់អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម សំណូមពរ និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្ត។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានបង្ហាញវឌ្ឍនភាពរបស់ខេត្ត ក៏ដូចជាតំបន់សេដ្ឋកិច្ចដែលមាននៅក្នុងខេត្ត និងច្រកទ្វារសំខាន់ៗដូចជា ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដែលជាមធ្យមភ្ញៀវជាតិ ចូលក្នុង១ថ្ងៃចំនួន១០ ១៩៨នាក់ និងចេញចំនួន១០ ២៣១នាក់ រីឯភ្ញៀវអន្តរជាតិចូលក្នុង ១ថ្ងៃចំនួន ១៣ ៩៩៥នាក់ និង ចេញ ១៣ ៨៨៥នាក់។ ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ សម្រាប់ដឹកទំនិញចេញ-ចូល តាមរថយន្ដធុនធ្ងន់ជាមធ្យម២៤០គ្រឿង ក្នុង១ថ្ងៃ។ ច្រកទ្វារតំបន់ព្រំដែនម៉ាឡៃ និងច្រកទ្វារតំបន់ព្រំដែនបឹងត្រកួន សម្រាប់ប្រជាពលរដ្ឋចេញ-ចូល ដោះដូរទំនិញ និងនាំចេញទំនិញកសិផលប្រចាំថ្ងៃ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការទី២នៃព្រឹទ្ធសភា ក៏បានថ្លែងកោតសរសើរចំពោះរដ្ឋបាលខេត្ត ដែលបានខិតខំប្រឹងប្រែង បំពេញកិច្ចការងារនាពេលកន្លងមកបានយ៉ាងប្រសើរ តាមរយៈរបាយការណ៍សង្ខេបរបស់រដ្ឋបាលខេត្ត និងបានបញ្ជាក់ថា គណៈកម្មការទី២នៃព្រឹទ្ធសភាចុះមកបំពេញបេសកកម្ម ដើម្បីភ្ជាប់ទំនាក់ទំនងល្អរវាងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជួយគ្នាក្នុងការអភិវឌ្ឍសង្គមមូលដ្ឋាន តាមរយៈគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងអាណត្តិទី៦ ក៏ដូចជាអាណត្តិទី៧ ក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ទន្ទឹមនឹងនេះ ឯកឧត្តមប្រធានគណៈកម្មការទី២នៃព្រឹទ្ធសភាបានសំណូមពរបន្ថែមទៅដល់រដ្ឋបាលខេត្ត បន្តរួមគ្នាអភិវឌ្ឍមូលដ្ឋានឱ្យបានល្អ ជាពិសេសទៅលើការផ្តល់សេវាសាធារណៈផ្សេងៗ ជូនដល់ប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត ដូចអ្វីដែលរដ្ឋបាលខេត្តបានធ្វើកន្លងមក។ ក៏ដូចជាវិស័យពាក់ព័ន្ធ នឹងសមត្ថកិច្ចរបស់គណៈកម្មការ ដូចជា វិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ វិស័យគយនិងរដ្ឋាករ វិស័យពន្ធដារវិស័យរតនាគារ វិស័យធនាគារ និងការងារសវនកម្មនៅថ្នាក់ក្រោមជាតិជាដើម៕