ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រសួងបរិស្ថាន ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរ


នៅថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសក្រសួងចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយឯកឧត្ដម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន។

ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា កិច្ចការប្រជុំដែលមានការចូលរួមពីសំណាក់ក្រុមការងារបច្ចេកទេសរបស់ក្រសួងទាំងពីរគឺផ្តោតលើចំណុចសំខាន់ៗដូចជា៖ ១)ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរទ្វេឡើងលើការគ្រប់គ្រងធនធានទឹក និងឧតុនិយម ការប្រើប្រាស់ទឹក និងការបញ្ជាទឹកដ៏មានប្រសិទ្ធភាពខ្ពស់ប្រកបដោយនិរន្តរភាព និង ២)អនុវត្តន៍ដោយសហការគ្នាយ៉ាងជិតស្និទ្ធជាមួយគ្រប់អង្គភាពបច្ចេកទេសចំណុះក្រសួងទាំងពីរ ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់របស់ខេត្តពោធិ៍សាត់ ដើម្បីរំដោះទឹក បង្វែរទឹក បញ្ជាទឹក និងប្រើប្រាស់ទឹកដោយធានាបាននូវសន្តិសុខទឹកសម្រាប់គ្រប់វិស័យនៅស្ទឹងពោធិ៍សាត់ ស្ទឹងព្រៃខ្លុង ស្ទឹងសន្រ្ទែ ស្ទឹងធំ ស្ទឹង១៥០០ ស្ទឹងប្រមោយ ស្ទឹងអូរតាប៉ោង ស្ទឹងស្វាយដូនកែវ ស្ទឹងបំណក់ ស្ទឹងធ្លាម្អម និងស្ទឹងបឹងខ្នា។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់បន្ថែមថា បណ្តាសកម្មភាពខាងលើនេះ គឺសំដៅទៅធ្វើការកាត់បន្ថយនូវគ្រោះមហន្តរាយដែលកើតឡើងដោយសារជំនន់គ្រប់ប្រភេទ និងគ្រោះរាំងស្ងួត ធានាបាននូវនិរន្តរភាពបរិស្ថានល្អប្រសើរ និងទទួលបាននូវប្រព័ន្ធអេកូឡូស៊ីដ៏ល្អសម្រាប់ខេត្តពោធិ៍សាត់ និងបណ្តាខេត្តជុំវិញ៕