សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យ ឯកឧត្តម Nuttavuth PHOTISARO ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា


នារសៀល ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យ ឯកឧត្តម Nuttavuth PHOTISARO ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា និងសមាជិកចូលជួបសម្តែងការគួរសម និងជម្រាបលា។
ក្នុងឱកាសនេះ សម្តេចក្រឡាហោម បានអរគុណ និងកោតសរសើរដល់ឯកឧត្តម ពិសេសកិច្ចសហប្រតិបត្តិការ និងកិច្ចខំប្រឹងប្រែងក្នុងអាណត្តិរបស់ឯកឧត្តមផ្ទាល់ ដែលបានមកធ្វើជាឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា។

ជាការឆ្លើយតប ឯកឧត្តម Nuttavuth PHOTISARO បានថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះសម្តេច ដែលបានអនុញ្ញាតឱ្យឯកឧត្តម និងសមាជិកចូលជួបសម្តែងការគួរសម និងជម្រាបលា។ ពិសេសទៅទៀត ឯកឧត្តម បានកោតសរសើរ ជូនដល់សម្តេចក្រឡាហោម ដែលបានតែងតែផ្តល់ក៏ដូចជាកិច្ចសហប្រតិបត្តិការទំនាក់ទំនងល្អតាមព្រំដែនកម្ពុជា ថៃ ការងារនគរបាលខាងអន្តោប្រវេសន៍ ពាណិជ្ជកម្ម និងទេសចរណ៍។
ជាទីបញ្ចប់ សម្តេចក្រឡាហោម បានអរគុណចំពោះឯកឧត្តម ព្រមទាំងលើកឡើងនូវបញ្ហាពីរសំខាន់ៗ គឺ
១. បញ្ហាពលករធ្វើការនៅប្រទេសថៃ ដែលកម្ពុជាកំពុងតែឱ្យអាជ្ញាធរពាក់ព័ន្ធខិតខំប្រឹងប្រែងជួយសម្រួលដោះស្រាយនិងអាជ្ញាធរថៃ ជូនប្រជាពលករឱ្យមានការរស់នៅ និងការងារស្របច្បាប់។
២. បញ្ហាការកាប់ព្រៃឈើនៅប្រទេសថៃ គឺអាជ្ញាធរកម្ពុជាបានប្រឹងប្រែងអប់រំ និងទប់ស្កាត់នូវបញ្ហានេះដោយបានលទ្ធផលល្អជាទីគាប់ចិត្ត ព្រោះក្នុងឆ្នាំនេះមានតែមួយករណីទេក្នុងការលួចចូលកាប់ព្រៃឈើ។ ចំណែកឯភាគីថៃក៏ផ្តល់កិច្ចសហការណ៍ល្អដែរចំពោះករណីនេះ៕