រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឯកឧត្តម ព្រាប កុល ចូលរួមជាអធិបតីក្នុងពិធីសម្ភោធមជ្ឈមណ្ឌលសេវាកម្ម សហគ្រាសសម្រាប់ប្រទេសមហាអនុតំបន់ទន្លេមេគង្គ នៅខេត្តយុនណាន ប្រទេសចិន


នៅថ្ងៃទី២៤ ខែកុម្ភះ ឆ្នាំ២០២៥ ឯកឧត្តម ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានចូលរួមជាអធិបតីក្នុងពិធីសម្ភោធមជ្ឈមណ្ឌលសេវាកម្ម សហគ្រាសសម្រាប់ប្រទេសមហាអនុតំបន់ទន្លេមេគង្គ នៅខេត្តយុនណាន ប្រទេសចិន ជាមួយតំណាងនៃរដ្ឋាភិបាលចិន និងពាណិជ្ជករជាច្រើនរូប មកពីប្រទេសជុំវិញមហាអនុតំបន់ទន្លេមេគង្គរួមមាន កម្ពុជា ថៃ វៀតណាម ឡាវ និងអ្នកវិនិយោគចិន។

កម្មវិធីថ្ងៃនេះគឺជាសមិទ្ធិផលនៃការពិភាក្សា និងចរចាររវាងប្រទេសពាក់ព័ន្ធ និងវិស័យឯកជន ដើម្បីសម្រួលដល់ការដឹកជញ្ជូនផលិតផលឆ្លងប្រទេស។

ថ្លៃងនៅក្នុងពិធីនេះ ឯកឧត្តម ព្រាប កុល បានគូសរំលេចអំពីទំនាក់ទំនងពិសេស និងស្អិតរមួតរវាងកម្ពុជា និងចិនដែលមានអាយុកាលជាច្រើនទសវត្ស និងបង្ហាញអំពីសក្តានុពលសំខាន់របស់កម្ពុជាសម្រាប់អ្នកវិនិយោគដែលរួមមាន ស្ថេរភាពនយោបាយ ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ការអនុគ្រោះពន្ធនៅទីផ្សារអន្តរជាតិ កម្លាំងពលកម្មយុវវ័យច្រើន និងការចំណាយទាបលើប្រាក់បៀរវត្សអបបរិម៉ា អាកាសធាតុ និងគុណភាពដីអំណោយផលសម្រាប់វិស័យកសិកម្ម និងគោលនយោបាយគាំទ្រ និងលើកទឹកចិត្តដល់វិស័យឯកជន។

បន្ថែមពីចូលរួមក្នុងកម្មវិធីខាងលើនេះ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ក៏បន្តជួបជាមួយពាណិជ្ជករ និងអ្នកវិនិយោគចិនដើម្បីបញ្ចុះបញ្ចូល និងលើកទឹកចិត្តឱ្យមកកម្ពុជាដើម្បីសិក្សាពីឱកាសវិនិយោគក៏ដូចជាមកទស្សនាតំបន់ទេសចរនៅកម្ពុជា៕