សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានផ្ញើសារលិខិតជូនពរ សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៨៧ឆ្នាំ ឈានចូល ៨៨ឆ្នាំ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥។
តាមរយៈសារលិខិត សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានរៀបរាប់យ៉ាងដូច្នេះថា៖ «នាឱកាសដ៏បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរ នៃពិធីចម្រើនជន្មាយុរបស់ សម្តេចធម្ម វិសុទ្ធវង្សា គម្រប់ ៨៧ឆ្នាំ ឈានចូល ៨៨ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ១១រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ តាងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមនាងខ្ញុំផ្ទាល់ នាងខ្ញុំសូមសម្តែងនូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ ព្រមជាមួយអំណរសាទរ និងសូមប្រសិទ្ធពរជ័យ សិរីមង្គល់មហាប្រសើរជូនចំពោះ សម្តេចធម្មវិសុទ្ធវង្សា សូមបានប្រកបដោយ សុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លា និងជន្មាយុយឺនយូរតរៀងទៅ»។
ឆ្លៀតក្នុងឱកាសដ៏នក្ខត្តឫក្សវិសេសវិសាលថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវការគោរព និង កោតសរសើរដោយស្មោះអស់ពីដួងចិត្តជូនចំពោះ សម្តេចធម្មវិសុទ្ធវង្សា ដែលតែងតែយកអស់កម្លាំង កាយចិត្ត ប្រាជ្ញាស្មារតី និងបទពិសោធ ក្នុងការរួមចំណែកយ៉ាងសកម្មបម្រើការងារសង្គម និងបានបំពេញ តួនាទីដ៏ឧត្តុង្គឧត្តម ជាភរិយាល្អ មាតាល្អ និងជីដូនជាទីគោរពស្រលាញ់ដ៏ខ្ពង់ខ្ពស់បំផុត។ កន្លងមក សម្តេច ធម្មវិសុទ្ធវង្សា បានរួមដំណើរជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស ក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ គ្រប់កាលៈទេសៈក្នុងការដឹកនាំប្រទេសជាតិឱ្យមានការវិវត្តរីកចម្រើន សម្រេចបានជោគជ័យដ៏ត្រចះត្រចង់ និងស្នាដៃសង្គមជាច្រើនក្នុងវិស័យនីតិកម្ម រួមចំណែកយ៉ាងសំខាន់ដល់ ការលើកកម្ពស់នីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលនាំមកនូវសេចក្តីសុខ សន្តិភាព និងភាពរុងរឿងជូនជាតិមាតុភូមិ។
ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិ ក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរ គ្រប់ប្រការជូនចំពោះ សម្តេចធម្មវិសុទ្ធវង្សា និងសម្តេចអគ្គមហា ពញាចក្រី ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕