សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ផ្ញើសារលិខិតជូនពរ ឯកឧត្តម កែ គឹមយ៉ាន ក្នុងឱកាសខួបចម្រើនជន្មាយុ


សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានផ្ញើសារលិខិតជូនពរ ឯកឧត្តម កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ ក្នុងឱកាសខួបចម្រើនជន្មាយុ។

ឆ្លៀតក្នុងពេលវេលាដ៏ប្រពៃនេះ យើងខ្ញុំសូមសម្តែងនូវការកោតសរសើរ និងអរគុណចំពោះឯកឧត្តម ដែលជានិច្ចកាលតែងតែចូលរួមសហការ និងអនុវត្តនូវកាតព្វកិច្ចការងាររួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្នុងវិស័យការពារជាតិ ប្រកបដោយគតិបណ្ឌិត និងបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដោយពុំខ្លាចនឿយហត់ក្នុងបុព្វហេតុបម្រើជាតិមាតុភូមិ ដោយឧត្តមគតិស្នេហា ជាតិ សាសនា ព្រះមហាក្សត្រ។

គ្រប់ភារកិច្ចដែលឯកឧត្តមសម្រេចបាន ជាឧត្តមប្រយោជន៍ដើម្បីឱ្យ ប្រទេសកម្ពុជា ថែរក្សាបាននូវសន្តិភាព ស្ថិរភាព វិបុលភាព និងសុភមង្គលជូនប្រជាពលរដ្ឋ។ ការខិតខំប្រឹងប្រែងដ៏ឧត្តុង្គឧត្តមរបស់ ឯកឧត្តម គឺជាគំរូដ៏ប្រពៃសម្រាប់អ្នកបន្តវេនផងដែរ។

នៅក្នុងឱកាសដ៏ថ្លៃថ្លានេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សា ប្រទានពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូនដល់ ឯកឧត្តម និង លោកជំទាវ ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕