នៅថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញបើកវគ្គបំប៉នសមត្ថភាពស្ដីពីការអនុវត្តកម្មវិធី និងគម្រោងបម្រែបម្រួលអាកាសធាតុ ក្រោមកិច្ចសហការរៀបចំដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងក្រសួងធនធានទឹក និងឧតុនិយម។
សូមជម្រាបថា វគ្គបំប៉ននេះមានការអញ្ជើញចូលរួមពីលោក Anthony Robert Gell តំណាងលោកជំទាវ Jyotsana Varma នាយិកាប្រចាំប្រទេសកម្ពុជានៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កញ្ញា Natasha Kuruppu ប្រធានក្រុមការងារ TA_ADB_6933 ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គលេខាធិការ លោក លោកស្រី អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋានចំណុះក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងស្ថប័នជំនាញពាក់ព័ន្ធ មន្ត្រីជាតិ និងអន្តរជាតិរបស់អង្គភាពគ្រប់គ្រង និងអនុវត្តគម្រោងគ្រប់លំដាប់ថ្នាក់នៃក្រសួងធនធានទឹក និងឧតុនិយម និងមន្រ្តីជាន់ខ្ពស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ជាច្រើនរូប។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា វគ្គបំប៉នសមត្ថភាពដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញដ៏មានសារសំខាន់នេះ គឺជាមូលដ្ឋានដ៏រឹងមាំនៅក្នុងការកសាងផែនការមេ ប្រកបដោយប្រសិទ្ធភាពខ្ពស់លើការគ្រប់គ្រងវិស័យធនធានទឹក និងឧតុនិយម និងវិស័យដទៃទៀតរបស់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ហើយដែលផែនការទាំងនោះមានលក្ខណៈធន់ទៅនឹងបម្រែបម្រួលអាកាសធាតុ និងការឡើងកម្តៅនៃភពផែនដី។
លើសពីនេះ ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់បន្ថែមថា ក្នុងពេលដ៏ខ្លីខាងមុខ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) នឹងបង្កើនកិច្ចសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹករបស់ក្រសួងធនធានទឹក និងឧតុនិយម ដើម្បីបង្កើនការជូនព័ត៌មានព្យាករណ៍បានទាន់ពេលវេលា និងផ្តល់នូវបណ្តាញព័ត៌មានទាន់ហេតុការណ៍ដល់គ្រប់វិស័យទាំងអស់៕