ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជាសហប្រធានដឹកនាំសិក្ខាសាលាបច្ចេកទស នៃកិច្ចប្រជុំក្រុមប្រឹក្សាភិបាលក្រុមប្រឹក្សាទឹកអាស៊ី (BoC-AWC)​ លើកទី២២


នៅព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅសណ្ឋាគារហៃយ៉ាត់រីជិនស៊ីភ្នំពេញ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម Shavkat Khamraev រដ្ឋមន្ត្រីក្រសួងធនធានទឹកនៃសាធារណរដ្ឋអ៊ូសបេគីស្ថាន និងឯកឧត្តម Seongdae Yun នាយកប្រតិបត្តិសាជីវកម្មធនធានទឹកកូរ៉េ(K-Water) បានអញ្ជើញជាសហប្រធានដឹកនាំសិក្ខាសាលាបច្ចេកទេសនៃកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃក្រុមប្រឹក្សាទឹកអាស៊ីលើកទី២២ ដែលមានការចូលរួមពីអ្នកជំនាញជាតិ និងអន្តរជាតិមកពីប្រទេសចំនួន១០ មាន ចិន ថៃ កូរ៉េ អ៊ូសបេគីស្ថាន ប៉ាគីស្ថាន ស្វីស ម៉ុងហ្គោលី ហ្វីលីពីន សិង្ហបុរី និងកម្ពុជា សរុបប្រមាណ ១២០នាក់។

សូមជម្រាបថា សិក្ខាសាលាបច្ចេកទេសដែលសហការរៀបចំឡើងដោយក្រសួងធនធានទឹក និងឧតុនិយម និងក្រុមប្រឹក្សាទឹកអាស៊ី(Asia Water Council) ជាផ្នែកមួយនៃកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃក្រុមប្រឹក្សាទឹកអាស៊ីលើកទី២២(BoC-AWC) គឺជាវេទិកាអន្តរជាតិដែលប្រមូលផ្តុំរដ្ឋាភិបាល អង្គការអន្តរជាតិ និងសហគ្រាសទឹកឯកជន ដើម្បីជំរុញកិច្ចសន្ទនា កិច្ចសហការ និងការច្នៃប្រឌិតក្នុងវិស័យនេះ ព្រមទាំងដើម្បីពង្រឹងភាពជាដៃគូ និងបង្ហាញពីបច្ចេកវិទ្យាគ្រប់គ្រងទឹកស្អាត។

ថ្លែងក្នុងអង្គពិធី ក្នុងនាមក្រសួងធនធានទឹក និងឧតុនិយមនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅដល់ភ្ញៀវជាតិ និងអន្តរជាតិ ទាំងអស់ ក្នុងសិក្ខាសាលាបច្ចេកទេសដែលធ្វើឡើងភ្ជាប់ជាមួយនឹងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃក្រុមប្រឹក្សាទឹកអាស៊ីលើកទី២២ និងបានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះក្រុមប្រឹក្សាទឹកអាស៊ី និងដៃគូទាំងអស់ដែលបានប្រមូលផ្តុំអ្នកជំនាញ អ្នកបង្កើតគោលនយោបាយ និងអ្នកដឹកនាំឧស្សាហកម្ម ដើម្បីជំរុញការគ្រប់គ្រងទឹកប្រកបដោយនិរន្តរភាព។

ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍លើកឡើងពីកិច្ចសហប្រតិបត្តិការដ៏រឹងមាំក្នុងវិស័យផ្សេងៗរវាងកម្ពុជា និងកូរ៉េ ជាពិសេសវិស័យធនធានទឹក ហើយព្រឹត្តិការណ៍នេះបានក្លាយជាជំហានដ៏សំខាន់មួយទៀតក្នុងការប្តេជ្ញាចិត្តរួមគ្នា ដើម្បីលើកកម្ពស់ការគ្រប់គ្រងធនធានទឹក តាមរយៈកិច្ចសហប្រតិបត្តិការបច្ចេកទេស និងការផ្លាស់ប្តូរចំណេះដឹង បច្ចេកវិទ្យាគ្រប់គ្រងទឹកកម្រិតខ្ពស់ ជំនាញបច្ចេកទេស និងវិធីសាស្រ្តរួមបញ្ចូលគ្នារបស់កូរ៉េ ក្នុងការដោះស្រាយបញ្ហាប្រឈមទាក់ទងនឹងទឹក ថែមទាំងផ្តល់នូវចំណេះដឹងដ៏មានតម្លៃដែលអាចរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការកសាងភាពធន់នឹងអាកាសធាតុ ការគ្រប់គ្រងទឹកជំនន់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទឹកប្រកបដោយចីរភាព។

ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញនូវជំនឿយ៉ាងមុតមាំថា សិក្ខាសាលាបច្ចេកទេសនាថ្ងៃនេះគឺជាឱកាសដ៏វិសេសវិសាលមួយសម្រាប់មន្ត្រីរដ្ឋាភិបាល ក្រុមហ៊ុនឯកជន និងដៃគូអន្តរជាតិរបស់យើង ដើម្បីចូលរួមពិភាក្សាស្វែងរកដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និងពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយអ្នកផ្តល់បច្ចេកវិទ្យា និងអ្នកជំនាញ ដើម្បីជំរុញឱ្យមានការរីកចម្រើនពិតប្រាកដលើវិស័យធនធានទឹកនៅកម្ពុជា។

សូមបញ្ជាក់ថា ប្រទេសកម្ពុជាត្រូវបានជ្រើសរើសឱ្យទទួលធ្វើជាម្ចាស់ផ្ទះ ដើម្បីរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃក្រុមប្រឹក្សាទឹកអាស៊ីលើកទី២២ ឆ្នាំ២០២៥ នៅក្នុងសម័យប្រជុំលើកទី២១ នៃក្រុមប្រឹក្សាភិបាលនៃក្រុមប្រឹក្សាទឹកអាស៊ី កាលពីថ្ងៃទី២៣-២៨ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន៕