នៅថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ នៅសណ្ឋាគារហៃយ៉ាត់រីជិនស៊ីភ្នំពេញ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមក្នុងវេទិកាគោលនយោបាយវិនិយោគក្នុងផែនការការងារទប់ទល់ទៅនឹងបម្រែបម្រួលអាកាសធាតុសម្រាប់តំបន់ប៉ូលសេដ្ឋកិច្ចទី៤ របស់ប្រទេសកម្ពុជា ដែលក្នុងនោះសកម្មភាពដ៏សំខាន់ និងអទិភាពចម្បងគឺការគ្រប់គ្រងវិស័យធនធានទឹក និងឧតុនិយម បញ្ជាទឹក និងប្រើប្រាស់ទឹកដោយវិធានការចម្រុះ។
សូមជម្រាបថា វេទិកាខាងលើនេះបានរៀបចំឡើងដោយធនាគារអភិវឌ្ឍន៍អាស៊ី(ADB) សហការយ៉ាងជិតស្និទ្ធជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាពរបស់លោកជំទាវ Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី (ADB ) ប្រចាំប្រទេសកម្ពុជា និងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
សូមបញ្ជាក់ថា វេទិកានាពេលនេះមានការអញ្ជើញចូលរួមពីមន្រ្តីពាក់ព័ន្ធរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គលេខាធិការ អគ្គលេខាធិការរង លោក លោកស្រី ប្រធាន អនុប្រធាននាយកដ្ឋានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ជាច្រើនរូបផងដែរ៕