ប្រកាសប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តឧត្តរមានជ័យ ឯកឧត្តម មាន ចាន់យ៉ាដា ជំនួសឯកឧត្តម ប៉ែន កុសល្យ


ឯកឧត្តម មាន ចាន់យ៉ាដា ត្រូវបានតែងតាំងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តឧត្តរមានជ័យ ជំនួសឯកឧត្តម ប៉ែន កុសល្យ ដែលផ្ទេរភារកិច្ចទៅកាន់ខេត្តត្បូងឃ្មុំ។

ពិធីនេះធ្វើឡើងនារសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ ក្រោមវត្តមានឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល។

ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានថ្លែងនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជាប្រធានក្រុមការងារយុវជនថ្នាក់កណ្តាល ព្រមទាំងសម្តេចអនុប្រធានគណបក្សជាច្រើនរូបទៀត ផ្ញើជូនថ្នាក់ដឹកនាំគណបក្សខេត្ត ក្រុង ស្រុក ក្នុងខេត្តឧត្តរមានជ័យ ព្រមទាំងយុវជនគណបក្សដែលមានវត្តមានក្នុងពិធីនេះដែរ។

ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ក៏បានលើកឡើងថា យុវជនគណបក្សប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់ ត្រូវក្ដាប់ឱ្យបានរាល់កម្មវិធីនយោបាយ គោលការណ៍ និងសេចក្ដីសម្រេចនានារបស់គណបក្ស សំដៅដល់ការលើកកម្ពស់ ជឿជាក់ និងគាំទ្រការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការថែរក្សាការពារសន្តិភាព ការពារឯករាជ្យអធិបតេយ្យ និងបូរណភាពទឹកដី។

ក្នុងនាមសម្តេចធិបតីប្រធានក្រុមការងារយុវជនថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ក៏បានថ្លែងណែនាំដល់យុវជនគណបក្សគ្រប់ថ្នាក់ក្នុងខេត្តឧត្តរមានជ័យ ត្រូវយកចិត្តទុកដាក់តាមដានលើការងារប្រយុទ្ធប្រឆាំង ព័ត៌មានក្លែងក្លាយ ដែលមានចរិតញុះញ៉ង់ អុចអាល បង្កាច់បង្ខូចផ្ទុយពីការពិត ធ្វើឱ្យប៉ះពាល់ដល់ថ្នាក់ដឹកនាំគណបក្ស ប៉ះពាល់ដល់ការដឹកនាំរាជរដ្ឋាភិបាល ផ្ទុយទៅវិញ ត្រូវពន្យល់បកស្រាយឱ្យបានទាន់ពេលវេលា និងច្បាស់លាស់ឱ្យដល់សាធារណជនបានយល់ជ្រួតជ្រាប។

ដោយឡែក ឯកឧត្តម មាន ចាន់យ៉ាដា ដែលទើបប្រកាសទទួលស្គាល់នាពេលនេះ បានថ្លែងធ្វើការប្ដេជ្ញាចិត្តអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងគណបក្ស គោលការណ៍ សេចក្តីសម្រេច កម្មវិធីនយោបាយគណបក្ស និងសេចក្តីណែនាំនានាដែលបានដាក់ចេញ សំដៅពង្រឹងធ្លុងសាមគ្គី ឯកភាពផ្ទៃក្នុងយុវជនគណបក្សមានភាពរឹងមាំ ទាំងខាងនយោបាយ សតិអារម្មណ៍ និងការចាត់តាំង បង្កើនការប្រមូលផ្តុំមហាសាមគ្គី ឯកភាពផ្ទៃក្នុងនៅគ្រប់ផ្នែក គ្រប់ថ្នាក់របស់អង្គការចាត់តាំងគណបក្ស។

ឯកឧត្តមបានប្ដេជ្ញាបន្តកសាងពង្រឹងអង្គការចាត់តាំងយុវជនគណបក្សគ្រប់ថ្នាក់ក្នុងខេត្តឧត្តរមានជ័យ ឱ្យកាន់តែមានភាពល្អប្រសើរក្នុងការអនុវត្តតួនាទី ភារកិច្ច សិទ្ធិ និងរបៀបរបបការងារដោយប្រកាន់ខ្ជាប់គោលការណ៍ «សមូហភាព ដឹកនាំម្នាក់ៗទទួលខុសត្រូវ» ជាពិសេសជំរុញ និងបង្កើនកិច្ចសហការឱ្យបានល្អប្រសើរ ជាមួយរដ្ឋបាលដែនដី និងកងកម្លាំង មានសមត្ថកិច្ចគ្រប់លំដាប់ ថ្នាក់ក្នុងការការពារថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់សង្គម ដោយអនុវត្តយ៉ាងសកម្មនូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ចំណុចឱ្យមានប្រសិទ្ធភាព៕