ឯកឧត្តម ជា សុផារ៉ា សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងឯកឧត្តម វង សូត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល និងជាអនុប្រធានទី១ក្រុមការងារគណបក្សចូលមូលដ្ឋានខេត្ត បានប្រកាសសមាសភាពប្រធាន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកមេមត់ ដោយមានការចូលរួមពីសមាជិក សមាជិកាគណបក្សប្រមាណ១០០០រូប នៅស្នាក់ការគណបក្សស្រុកមេមត់ នាថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥។
លោក ស្រេង លី ប្រធានគណៈកម្មាធិការគណបក្សស្រុកមេមត់ បានអានរបាយការណ៍ស្វាគមន៍ បង្ហាញពីសកម្មភាពការងារគណបក្សស្រុក។ បន្ទាប់មក លោក យីន គីមហ៊ន ប្រធានគណៈចាត់តាំង គណៈកម្មាធិការគណបក្សខេត្តត្បូងឃ្មុំ ក៏បានអានសេចក្តីសម្រេច ស្ដីពីការកែសម្រួលភារកិច្ច ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកមេមត់ថ្មី ដោយបានសម្រេចតែងតាំង ឯកឧត្តម ប៉ែន កុសល្យ ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកមេមត់។
ឯកឧត្តម ប៉ែន កុសល្យ ប្រធានគណៈកម្មាធិការគណបក្សខេត្តត្បូងឃ្មុំ និងត្រូវទទួលបានការតែងតាំងបន្ថែម ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកមេមត់ បានសម្តែងនូវឆន្ទៈមនសិកាស្មោះត្រង់ដ៏មុះមុត អនុវត្តតាមមាគ៌ាគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។
ឯកឧត្តមក៏បានធ្វើការប្តេជ្ញាចិត្តគោរពប្រតិបត្តិតាមលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងរបស់គណបក្ស ការពារសមិទ្ធផលនានារបស់គណបក្ស បង្កើននូវកិច្ចសហការល្អ ជាមួយថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ បន្ដសាមគ្គីភាពផ្ទៃក្នុង ដើម្បីពង្រឹងរចនាសម្ព័ន្ធសមាជិកបក្សឱ្យកាន់តែរឹងមាំ និងចិញ្ចឹមចលនារួមសុខរួមទុក្ខ ជាមួយសមាជិកបក្សជាដរាប។
ឯកឧត្តម ជា សុផារ៉ា បានសម្តែងការអបអរសាទរលោក ប៉ែន កុសល្យ ក៏ដូចជាអ្នកដែលទទួលបានសេចក្តីទុកចិត្ត និងត្រូវបានតែងតាំងជាប្រធាន អនុប្រធាន សមាជិក និងសមាជិកានៃក្រុមការងារចុះមូលដ្ឋានស្រុកមេមត់ទាំងអស់។
ឯកឧត្តមប្រធានក្រុមការងារគណបក្សខេត្តមានជំនឿយ៉ាងមុតមាំថា ក្រុមការងារដែលមានសមាសភាព ចូលរួមទាំងថ្នាក់ជាតិ និងទាំងថ្នាក់ក្រោមជាតិ នឹងរួមគ្នាជាធ្លុងមួយ ក្នុងការសហការសម្រេចឱ្យបាន នូវសមិទ្ធផលថ្មីៗបន្ថែមទៀត តាមរយៈការអនុវត្តនូវកម្មវិធីនយោបាយ យុទ្ធសាស្ត្រ គោលនយោបាយ កម្មវិធីកំណែទម្រង់នានា របស់គណបក្ស ដើម្បីបម្រើផលប្រយោជន៍ និងសេចក្ដីត្រូវការ របស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ប្រកបដោយគុណតម្លៃ និងប្រសិទ្ធភាពខ្ពស់។
ឯកឧត្តម ជា សុផារ៉ា បានលើកទឹកចិត្តដល់សមាជិក សមាជិកាបក្សទាំងអស់ត្រូវខិតខំកសាងទំនាក់ទំនងល្អជាមួយមហាជន និងធ្វើអំពើល្អជាមួយប្រជាជនគ្រប់មជ្ឈដ្ឋាន សំដៅលើកកម្ពស់ប្រជាប្រិយភាពរបស់គណបក្ស ក៏ដូចជាដើម្បីទាក់ទាញការគាំទ្របន្ថែមទៀតពីសំណាក់មហាជនមកលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា នៅគ្រប់កាលៈទេសៈ និងជួយតម្រង់ទិសគាំទ្រ បំពាក់បំប៉នពង្រឹងសមត្ថភាពដល់គណបក្សនៅមូលដ្ឋាន សំដៅពង្រឹង និងលើកកម្ពស់ភាពជាម្ចាស់ ស្មារតីទទួលខុសត្រូវរបស់មន្ត្រីគណបក្ស៕