ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណបក្សប្រជាជនខេត្ត និងជាសមាជិកយុវជនគណបក្សថ្នាក់កណ្តាល ត្រូវបានតែងតាំងជាប្រធានការងារយុវជនគណបក្សខេត្តសៀមរាប ។
ពិធីប្រកាសជាផ្លូវការនូវតួនាទីនេះធ្វើឡើងក្រោមវត្តមានឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការគណៈអចិន្ត្រៃយ៍ យុវជនគណបក្សថ្នាក់កណ្តាល តំណាងសម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល នាថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥។
ឯកឧត្តម អ៊ាន ឃុន សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណបក្សប្រជាជនខេត្ត បានធ្វើសេចក្តីរាយការណ៍លើការងារកសាងកម្លាំងបក្ស ដោយបានបញ្ជាក់ថា ក្រុមការងារយុវជនគណបក្សជាកម្លាំងស្នូលមិនអាចខ្វះបាន ដែលទាមទារឲ្យយុវជនរបស់យើងពង្រឹងខ្លួនបន្ថែមទៀត ស្របទៅតាមគោលនយោបាយរបស់គណបក្ស ដើម្បីជាកម្លាំងបន្តវេនដ៏រឹងមាំរបស់គណបក្ស។
បន្ទាប់ពីឯកឧត្តម ប្រាក់ សោភ័ណ បានធ្វើការចំណាប់អារម្មណ៍ និងការប្តេជ្ញាចិត្តរួចមក ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានលើកឡើងថា ខេត្តសៀមរាបមានយុវជនគណបក្សដ៏រឹងមាំ ដោយបង្កើតបានក្រុមការងារយុវជនគណបក្សថ្នាក់ ខេត្ត ក្រុង ស្រុក ឃុំ/សង្កាត់ទាំង១០០ ដែលក្រុមការងារយុវជនគណបក្សទាំងនេះ ត្រូវបានបែងចែកតួនាទី ភារកិច្ចរៀងៗខ្លួន ដើម្បីឲ្យគណបក្សមានភាពរឹងមាំ។ ម៉្យាងទៀត អង្គការចាត់តាំងដ៏រឹងមាំ នោះគណបក្សប្រជាជនកម្ពុជា ក៏រឹងមាំផងដែរ។
ឯកឧត្តមបណ្ឌិត បន្តថា ដើមី្បភាពរឹងមាំនៅជួបក្ស យើងត្រូវធ្វើការបណ្តុះបណ្តាលយុវជន នៅគ្រប់បណ្តាមូលដ្ឋាន ដោយគិតពីគុណភាពយុវជនបក្ស ជាគុណសម្បត្តិ ដែលនាំឲ្យគគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជំនះ។
ឯកឧត្តមបណ្ឌិត បានបន្តថា កម្ពុជាមានសន្តិភាពពេញលេញ យុវជនក៏ត្រូវអនុវត្តឲ្យបានត្រឹមត្រូវនូវតួនាទីរបស់ខ្លួន ក្នុងនាមជាកម្លាំងស្នូលរបស់គណបក្សលើការងារបំផុសចលនាយុវជនឲ្យគាំទ្រគណបក្ស និងប្រឆាំងដាច់ខាតរាល់ឧបាយកលរបស់ពួកប្រឆាំងនិយមទាំងក្នុង និងក្រៅប្រទេស។
ឯកឧត្តមបណ្ឌិត ក៏បានផ្តល់នូវអនុសាស្ត្ររបស់គណបក្ស ដើមី្បជាមូលដ្ឋានគ្រឹះ ជូនដល់គណបក្ស ខេត្ត ក្រុង ស្រុក ឃុំ/សង្កាត់ យកទៅអនុវត្ត ដើម្បីឆ្ពោះទៅភាពជោគជ័យ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ និងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅអាណត្តិក្រោយៗទៀត។
ឯកឧត្តមបណ្ឌិត បានបន្តថា អំពើល្អរបស់មន្ត្រីបក្ស ត្រូវអនុវត្តនៅអភិក្រម (ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់) បានធ្វើឲ្យគណបក្សប្រជាជនកម្ពុជា ឈ្នះក្នុងការបោះឆ្នោតរហូតមក។ ក្នុងនោះយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល សំដៅលើកការអភិវឌ្ឍន៍លើគ្រប់វិស័យ។
ឯកឧត្តមបណ្ឌិត ក៏បានលើកនូវទិសដៅរបស់គណបក្ស ដែលជាមូលដ្ឋានគ្រឹះ របស់គណបក្ស និងបានធ្វើការផ្តាំផ្ញើដល់ប្រធានក្រុមការងារយុវជនគណបក្សខេត្ត និងមន្ត្រីគណបក្សទាំងអស់ ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ជាមួយបណ្ដាអង្គការ សមាគមន៍ ដៃគូអភិវឌ្ឍន៍ ដែលមានឆន្ទៈគោរពលទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមបណ្ឌិត បន្ថែមផងដែរ ដើម្បីបន្តនូវនិរន្តរភាពនៃការងារដឹកនាំអង្គការចាត់តាំងយុវជនគណបក្សឲ្យកាន់តែរឹងមាំ និងត្រូវយកចិត្តទុក្ខដាក់ខ្ពស់ពីសុខទុក្ខលំបាករបស់សមាជិកបក្សក្នុងមូលដ្ឋានខ្លួន ស្របតាមគោលការណ៍របស់គណបក្ស (រក្សាចាស់បង្កើនថ្មី) ដោយចាស់ស្គាល់ផ្លូវ យុវជនជាអ្នកអនុវត្ត។
ជាមួយនេះដែរ ក្រុមការងារយុវជន គណបក្សទាំងអស់ ត្រូវបន្តខិតខំបំពេញមុខនាទីការងារយុវជនគណបក្ស ធ្វើយ៉ាងណាបំផុស អប់រំឲ្យប្រជាពលរដ្ឋ មានជំនឿជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងត្រូវថែរក្សា ការពារ និងពង្រីកបន្ថែមនូវរាល់សមិទ្ធផលរូបវន្ត និងការរីកចម្រើនក្នុងសង្គមជាតិ និងនៅមូលដ្ឋាន ក្រុង ស្រុក ឃុំ សង្កាត់ ភូមិ ក្រោមម្លប់នៃសន្តិភាព និងការអភិវឌ្ឍ៕