ឯកឧត្តម ប៉ាន សូរស័ក្តិ ជួបពិភាក្សាការងារជាមួយលោកជំទាវ Saida Muna Tasneem ឯកអគ្គរដ្ឋទូតបង់ក្លាដេស ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី


នៅទីស្តីការក្រសួងពាណិ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយលោកជំទាវ Saida Muna Tasneem ឯកអគ្គរដ្ឋទូតបង់ក្លាដេស ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងថៃ ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី។
ជំនួបពិភាក្សាការងារនេះ ផ្តោតសំខាន់ទៅលើលទ្ធភាពនៃការចុះហត្ថលេខាចំនួន០២ រវាងក្រសួងពាណិជ្ជកម្មនៃប្រទេសទាំងពីរ ក្នុងអំឡុងពេលដំណើរទស្សនៈកិច្ចផ្លូវការរបស់លោកជំទាវ Sheikh Hasina នាយករដ្ឋមន្រ្តីបង់ក្លាដេស មកកាន់ប្រទេសកម្ពុជានាពេលខាងមុខនេះ ដែលរួមមាន (១) អនុស្សរណៈយោគយល់គ្នា ស្តីពីបែបបទសម្រាប់រៀបចំក្រុមប្រឹក្សាពាណិជ្ជកម្មរួម (MOU on the Modalities of the Joint Trade Council) និង (២)បន្តសុពលភាពលើកិច្ចព្រមព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីឆ្នាំ២០០៦ ដែលបានផុតកំណត់កាលពីឆ្នាំ២០១៦។
ទន្ទឹមនឹងនេះ លោកជំទាវឯកអគ្គរដ្ឋទូត បានស្នើសុំឲ្យក្រសួងពាណិជ្ជកម្មជួយសម្របសម្រួលជាមួយនឹងសភាពាណិជ្ជកម្មកម្ពុជា ក្នុងការរៀបចំវេទិកា Business Dialogue ជាមួយសហព័ន្ធនៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មបង់ក្លាដេស ដើម្បីចាប់ដៃគូពាណិជ្ជកម្ម និងស្វែងរកឱកាសវិនិយោគ។ លើសពីនេះ លោកជំទាវបានគូសបញ្ជាក់ថាសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ មានបំណងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការ នៅចំពោះមុខនាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ។
ឆ្លើយតបនឹងសំណើរបស់លោកជំទាវឯកអគ្គរដ្ឋទូតបង់ក្លាដេស ឯកឧត្តមរដ្ឋមន្ត្រី បានសន្យាថានឹងជួយសម្របសម្រួលជាមួយនឹងសភាពាណិជ្ជកម្មកម្ពុជា ក្នុងការរៀបចំវេទិកា Business Dialogue ជាមួយសហព័ន្ធនៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មបង់ក្លាដេស ដើម្បីចាប់ដៃគូពាណិជ្ជកម្ម និងស្វែងរកឱកាសវិនិយោគ។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់សាធារណរដ្ឋប្រជាមានិតបង់ក្លាដេស ដែលបានយល់ព្រមទិញអង្ករកម្ពុជាចំនួន ១លានតោន ក្នុងរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០១៧-២០២២។