ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រម្លឹកពីវីរភាពរបស់ព្រះបរមរតនកោដ្ឋ ក្នុងព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យជាតិ ស្របពេលដំណើរទស្សនកិច្ចទៅកាន់ប្រទេសបារាំង


ថ្លែងក្នុងពិធីសម្ពោធសមិទ្ធផលនានាក្នុងវត្តអូរព័ទ្ធ ខេត្តតាកែវ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងអំពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសបារាំង នាពេលកន្លងទៅថ្មីៗនេះ ដោយលោកបាននឹករឭកដល់ដំណើរបំពេញ ព្រះរាជបូជនីយកិច្ចរបស់ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ដែលព្រះអង្គបានយាងទៅកាន់ប្រទេសបារំាងដើម្បីទាមទារឯករាជ្យ ជូនជាតិមាតុភូមិ។

ក្នុងឱកាសនៃពិធីសម្ពោធសមិទ្ធផលនានាក្នុងវត្តអូរព័ទ្ធ ស្ថិតក្នុងភូមិស្រមោចហែ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានលើកឡើងថា ក្នុងដំណើរបំពេញព្រះរាជបូជនីយកិច្ចរបស់ព្រះអង្គ ទ្រង់បានបំពេញដោយទឹកព្រះទ័យស្នេហាជាតិ និងប្រជារាស្ត្រ ដែលជាកូនចៅ ចៅទួតរបស់ព្រះអង្គ ព្រះបរមរតនកោដ្ឋ បានសន្យាជាឱឡារឹកថា នឹងបំពេញព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យពេញលេញ ជូនមាតុភូមិឲ្យខានតែបាន។

ឯកឧត្តមបានបន្ដថា ក្រោមស្នាព្រះហស្ថដ៏ឧត្តុង្គឧត្តមរបស់ព្រះអង្គ ទើបធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា ទទួលបានឯករាជ្យទាំងស្រុងពីសាធារណរដ្ឋបារាំងនៅថ្ងៃទី៩ ខែវិច្ជិកា ឆ្នាំ១៩៥៣ ហើយប្រជារាស្រ្តកម្ពុជាទូទាំងប្រទេស បានថ្វាយព្រះកិត្តិនាមព្រះអង្គជា «ព្រះមហាវីរបុរសជាតិ-ព្រះបិតាឯករាជ្យជាតិ»។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក៏បាននឹកឃើញអនុស្សាវរីយ៍កាលដែលលោក និងបងប្រុស (លោក ហ៊ុន ម៉ានិត) នៅតូចៗ បានមានឱកាសចូលថ្វាយបង្គំ «ព្រះបរមរតនកោដ្ឋ» និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល នៅលើទឹកដីនៃប្រទេសបារាំង កាលដែលលោកទាំងពីរសិក្សានៅប្រទេសបារាំងផងដែរ។

ឯកឧត្តមបានគូសបញ្ជាក់ថា រាល់អនុស្សាវរីយទាំងឡាយនៅលើទឹកដីនៃប្រទេសបារាំង ពិតជាធ្វើឲ្យនឹកឃើញដល់ព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យរបស់ព្រះអង្គ ដែលជាមហាគុណូបការៈដ៏ឧត្ដុង្គឧត្ដមថ្លៃថ្លាដក់ជាប់ក្នុងក្រអៅបេះដូងប្រជារាស្ត្រខ្មែរ គ្រប់រូបជារៀងដរាប៕