អភិបាលខេត្ដកំពង់ឆ្នាំង ជំរុញឱ្យរួមគ្នាថែរក្សាអនាម័យបរិស្ថាន ជាពិសេសរួមគ្នាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកឱ្យបានច្រើនតាមដែលអាចធ្វើបាន


ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ដកំពង់ឆ្នាំង បានជំរុញដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងឪពុក ម្តាយ អាណាព្យាបាល ចូលរួមទាំងអស់គ្នាថែរក្សាអនាម័យបរិស្ថាន ជាពិសេសរួមគ្នាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកឱ្យបានច្រើនតាមដែលអាចធ្វើបាន។

ការជំរុញបែបនេះ របស់ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង បានធ្វើឡើងនៅក្នុងកាសអញ្ជើញទស្សនកិច្ចដើម្បីពិនិត្យពីវឌ្ឍនភាពស្តីពីការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នៅតាមសាលារៀនគោលដៅក្នុងខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥។

នាឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តបានគូសបញ្ជាក់ថា យើងមិនត្រឹមតែបណ្តុះនូវផ្នត់គំនិតភាពស្អាតដល់សិស្សានុសិស្សនៅសាលានោះទេ ប៉ុន្តែត្រូវធ្វើយ៉ាងណាឱ្យពួកគេនាំទម្លាប់នៃភាពស្អាតទៅដល់ផ្ទះ គ្រួសារ និងសហគមន៍ផងដែរ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានឱ្យដឹងថា រដ្ឋបាលខេត្តកំពង់ឆ្នាំង បន្តសហការចូលរួមយ៉ាងស្អិតរមួតជាមួយក្រសួងបរិស្ថានគ្រប់យុទ្ធនាការនានា ដែលបានដាក់ចេញ ដូចជា «កម្ពុជាស្អាត ខ្មែរធ្វើបាន» «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និង «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» ជាដើម ដោយរដ្ឋបាលខេត្តណែនាំដល់ អាជ្ញាធរក្រុង ស្រុក សាលារៀន រួមគ្នាធ្វើយុទ្ធនាការខាងលើ នៅរៀងរាល់ថ្ងៃព្រហស្បតិ៍ នៅទូទាំងខេត្ត។

គួររម្លឹកឱ្យដឹងថា ខេត្តកំពង់ឆ្នាំង ត្រូវបានប្រកាសជា «ខេត្តគ្មានសំរាម សំណល់ប្លាស្ទិកតាមទីសាធារណៈ» នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥កន្លងទៅ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន។

នៅក្នុងឱកាសនោះឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តកំពង់ឆ្នាំង ដែលមានការប្តេជ្ញាចិត្តខ្ពស់ និងការចូលរួមយ៉ាងសកម្មរបស់អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ អង្គភាព ចំណុះពាក់ព័ន្ធ ជាពិសេសលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅតាមបណ្តាគ្រឹះស្ថានសិក្សា ចំណេះទូទៅនៅទូទាំងខេត្ត ចូលរួមធ្វើឱ្យទូទាំងខេត្តកំពង់ឆ្នាំងយើងស្អាត សង្គមយើងស្អាត ប្រទេសជាតិយើងមានបរិស្ថានស្អាត គឺដើម្បីភាពស្អាតរបស់កម្ពុជាទាំងមូល។

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ឱ្យដឹងថា ភាពស្អាតក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន គឺសំដៅដល់ភាពស្អាតចេញពីក្នុងចិត្ត និងភាពស្អាត ទាំងបរិស្ថានរស់នៅលើដី លើមេឃ និងក្នុងទឹក។ នៅពេលដែលយើងមានភាពស្អាតចេញពីចិត្ត ហើយបរិស្ថានជុំវិញយើងនឹងស្អាត ជាលទ្ធផលយើងនឹងទទួលបានសង្គមជាតិទាំងមូល ដែលស្អាតជាក់ជាមិនខាន៕