ក្រសួងទេសចរណ៍៖ ទស្សនកិច្ចរបស់ប្រមុខដឹកនាំបង់ក្លាដេសមកកម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍


(ភ្នំពេញ)៖ ប្រមុខដឹកនាំរដ្ឋាភិបាលបង់ក្លាដេស នឹងមកបំពេញ ទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ខាងមុខនេះ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងនោះក៏មាន ការចុះអនុស្សរណៈនៃការយោគយល់គ្នា ផ្ដោតលើការជំរុញការអភិវឌ្ឍ ឍលើ វិស័យទេសចរណ៍ប្រទេសទាំងពីរផងដែរ ខណៈប្រជាជន អាស៊ី មួយនេះ ចាប់អារម្មណ៍ខ្លាំងលើតំបន់ទេសចរណ៍កម្ពុជា ពិសេស ប្រាសាទអង្គរវត្តតែម្ដង។
ដំណឹងដ៏សោមនស្សនេះ ត្រូវបានបញ្ជាក់ដោយលោក ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍ ក្រោយបញ្ចប់ជំនួបពិភាក្សា ការងាររវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយ លោកស្រី សៃដា មូណាតាស្នីម ឯកអគ្គរដ្ឋទូតបង់ក្លាដេសប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅរាជធានីបាងកក ប្រទេសថៃ នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ នៅទីស្ដីការក្រសួងទេសចរណ៍។
លោក ទិត ចន្ថា បានឲ្យដឹងថា ក្នុងជំនួបពិភាក្សានា ព្រឹកថ្ងៃសុក្រនោះ លោកស្រី សៃដា មូណាតាស្នីម បានជម្រាបប្រាប់ លោករដ្ឋមន្ត្រី ថោង ខុន ថា នាពេលខាងមុខ ប្រមុខដឹកនាំរដ្ឋាភិបាលបង់ក្លាដេស របស់លោកស្រី នឹងមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួនជាមួយកម្ពុជា ពិសេសគឺវិស័យទេសចរណ៍។
លោកស្រីឯកអគ្គរដ្ឋទូតបានលើកសរសើរមិនដាច់ពីមាត់ថា ដោយសារប្រទេសកម្ពុជារក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ពិសេសគឺវិស័យទេសចរណ៍នេះតែម្ដង ទើបប្រជាជនបង់ក្លាដេស និងភ្ញៀវទេសចរប្រទេសទីបីដែលកំពុងទស្សនានៅបង់ក្លាដេសនោះ ចង់មកទស្សនាកម្សាន្តនៅប្រទេសកម្ពុជា ពិសេសប្រជាជន របស់លោកស្រី បាននិងកំពុងចាប់អារម្មណ៍ខ្លាំងលើប្រាសាទអង្គរវត្ត ខេត្តសៀមរាប ដោយសារអាជ្ញាធរកម្ពុជាមានការគ្រប់គ្រង តំបន់ទេសចរណ៍នៅតំបន់អង្គរបានយ៉ាងល្អប្រសើរ។
បើតាមលោក ទិត ចន្ថា ប្រជាជនបង់ក្លាដេសមានចំនួនរហូត ដល់ជាង២០០លាននាក់ឯណោះ ដែលនេះជាសក្ដានុពល វិជ្ជមានមួយសម្រាប់វិស័យទេសចរកម្ពុជា ហើយលោកស្រី ឯកអគ្គរដ្ឋទូត ក៏ចង់ឲ្យភ្ញៀវទេសចរកម្ពុជា ទៅទស្សនានៅ ប្រទេសបង់ក្លាដេសផងដែរ។
លោករដ្ឋលេខាធិការបានបន្តថា ភាគីទាំងពិរបានពិភាក្សា គ្នាលើកិច្ចសហប្រតិបត្តិការ ក្នុងការបញ្ជូនភ្ញៀវទេសចរប្រទេសទាំងពីរ និងភ្ញៀវទេសចរប្រទេសទីបី ឲ្យទៅមកទស្សនាគ្នាទៅវិញទៅមក ធ្វើយ៉ាងណាជំរុញការងារទំនាក់ទំនងនេះឲ្យកាន់ល្អប្រសើរ និងជិតស្និទ្ធថែមទៀត ពីព្រោះកម្ពុជា-បង់ក្លាដេសធ្លាប់ មានទំនាក់ទំនងជាមួយគ្នាជាយូរមកហើយ ហើយក៏មាន ស្ថានភាពសង្គម ទំនាក់ទំនងសាសនា វប្បធម៌ និងអរិយធម៌ ប្រហាក់ប្រហែលគ្នាផងដែរ។
លោក ចន្ថា បានបន្ថែមទៀតថា ក្នុងឱកាសដំណើរទស្សនកិច្ច របស់ប្រមុខដឹកនាំបង់ក្លាដេស នាពេលខាងមុខ លោកស្រី សៃដា ចង់ឲ្យមានការចុះអនុស្សរណៈនៃការយោគយល់គ្នាមួយ (MoU) រវាងក្រសួងទេសចរណ៍កម្ពុជា និងក្រសួងទេសចរណ៍បង់ក្លាដេស។ ចំណែកលោករដ្ឋមន្ត្រី ថោង ខុន ក៏បានជម្រាបពីការចាប់អារម្មណ៍ និងឆ្លើយតបនូវការស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការនេះ
យ៉ាងពេញចិត្ត។
លោក ថោង ខុន បានជម្រាបទៅលោកស្រី សៃដា ថា កម្ពុជាពិតជាចង់ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍
ជាមួយបង់ក្លាដេស ដូចទៅនឹងបំណងប្រាថ្នារបស់ ប្រទេស បង់ក្លាដេសផងដែរ ពីព្រោះផលប្រយោជន៍ដែលបាន ពីវិស័យទេសចរណ៍នេះ នឹងចូលរួមជំរុញកំណើនសេដ្ឋកិច្ច នៃប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើនមួយកម្រិតទៀត។
លោករដ្ឋមន្រ្តី ថោង ខុន ក៏បានស្នើទៅលោកស្រី សៃដា មូណាតាស្នីម នូវគោលបំណងពិសេសមួយទាក់ទាងនឹងការតភ្ជាប់ជើងហោះហើរត្រង់ កម្ពុជា-បង់ក្លាដេស-កម្ពុជា ពីព្រោះការតភ្ជាប់ជើង ហោះហើរត្រង់ នេះហើយ គឺជាកត្តាចម្បងដ៏សំខាន់បំផុតសម្រាប់ ជំរុញចលនាទេសចរពីគ្នាទៅវិញទៅមក។
ទោះយ៉ាងណា ភាគីបង់ក្លាដេសមិនទាន់អាចបញ្ជាក់ពី កាលបរិច្ឆេទច្បាស់លាស់ នៃដំណើរទស្សនកិច្ចរបស់ប្រមុខដឹកនាំ របស់ខ្លួននៅឡើយទេ ប៉ុន្តែបើតាមលោកស្រីឯកអគ្គរដ្ឋទូត ខណៈនេះបង់ក្លាដេសកំពុងរៀបចំកម្មវិធីនៃដំណើរទស្សនកិច្ចនេះជាបណ្ដើរៗហើយ៕