នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកោះធំ បានដឹកនាំគណៈប្រតិភូមួយក្រុម អញ្ជើញចុះជួបសំណេះសំណាល និងប្រគល់រង្វាន់លើកទឹកចិត្ត ដល់សិស្សាវិទ្យាល័យ នៅក្នុងស្រុក កោះធំ ដែលប្រឡងជាប់សញ្ញាប័ត្រទុតិយភូមិ(បាក់ឌុប) នៅសម័យប្រលងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ ដោយមានអ្នកចូលរួមសរុបប្រមាណជាង៣០០នាក់។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានប្រគល់រង្វាន់លើកទឹកចិត្តដល់សិស្សដែលបានប្រឡងជាប់ទាំង អស់ក្នុងម្នាក់ៗទទួលបានទឹកប្រាក់ចំនួន១០ម៉ឺនរៀល លោកគ្រូអ្នកគ្រូ១៥ម៉ឺន និងសិស្សដែលប្រឡង ធ្លាក់ចំនួន៥ម៉ឺនរៀល ឯចំណែកសិស្សដែលប្រឡងជាប់និទ្ទេសAចំនួនមួយរូបទទួលបានម៉ូតូមួយគ្រឿង តបតាមការសន្យារបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ក្នុងពិធីសំណេះសំណាលកន្លងមក។
គួរបញ្ជាក់ជូនផងដែរថា៖ នៅក្នុងស្រុកកោះធំទាំងមូលមានសិស្សចំនួន៣១០នាក់ក្នុងចំណោម៦៥៩នាក់ បានប្រឡងជាប់ជាស្ថាពរ ដែលស្មើនឹង៤៧% នៃចំនួនសិស្សទាំងអស់នៅក្នុងស្រុកនេះ។
ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានសម្តែងនូវសេចក្តីសោមនស្សរីករាយនិង មានមោទនភាព យ៉ាងអនេកចំពោះការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងមាតាបីតាសិស្សដែលបានរួមគ្នាសម្រេចបាននូវភាពជោគជ័យដ៏ត្រចះត្រចង់នេះ ដែលទាំងនេះកើតចេញពី ការខិតខំប្រឹងប្រែង រៀន សូត្រ របស់ពួកគេ សេចក្តីប៉ងប្រាថ្នាជាក់លាក់លើការសិក្សា រួមជាមួយការលើកទឹកចិត្តផ្សេងៗទៀត ដែនាំដល់ការទទួលបាននូវលទ្ធផលវិជ្ជមាន សម្រាប់សិស្សានុសិស្សទាំងអស់នេះ ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់អំពីសារសំខាន់នៃកត្តាសុខសន្តិភាព និងការ អភិវឌ្ឍធនធានមនុស្ស ក្នុងការទាក់ទាញវិនិយោគិនបរទេសឱ្យមកដាក់ទុក វិនិយោគនៅកម្ពុជាដើម្បី បង្កើតការងារធ្វើជូននិស្សិតដែលបានបញ្ចប់ការសិក្សា និងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើន។
ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សាដល់ សិស្សានុសិស្សដែលបានប្រលងជាប់ជាស្ថាពរ ទៅសិក្សាក្នុងសាកលវិទ្យាល័យក្នុងស្រុកពីរគឺសាកលវិទ្យាល័យកម្ពុជា និងសាកលវិទ្យាបញ្ញាសាស្ត្រ ព្រមទាំងអាហារូបករណ៍ក្រៅប្រទេស នៅប្រទេសម៉ាឡេស៊ីផងដែរ។ នេះជាការផ្តល់ឱកាសអោយសិស្សានុសិស្ស បានបង្កើនចំណេះដឹង សមត្ថភាព និងជំនាញរបស់ខ្លួន ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាជួយសម្រួល បន្ទុកចំណាយរបស់មាតាបិតាសិស្សផងដែរ។
ការប្រគល់ម៉ូតូដល់សិស្សនិទ្ទេសA ការផ្តល់រង្វាន់ និងអាហារូបករណ៍ដល់សិស្សដែលបានប្រលងជាប់សញ្ញាប័ត្រ មធ្យមសិក្សាទុតិយភូមិ នៅស្រុកកោះធំ
