សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ផ្ញើសារលិខិតជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅក្នុងឱកាសប្រារព្ធខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥


សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានផ្ញើសារលិខិតជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅក្នុងឱកាសប្រារព្ធខួបលើកទី ១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប»។

នៅសារលិខិតជូនពររបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានបញ្ជាក់ដូចនេះថា «នៅក្នុងឱកាសដ៏មហាសិរីមង្គលាភិរម្យប្រសើរថ្លៃថ្លាបំផុត ប្រកបដោយសេចក្តីសោមនស្សរីករាយឥត ឧបមានៃការប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប តាងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមនាងខ្ញុំផ្ទាល់ នាងខ្ញុំ សូមសម្តែងនូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ ព្រមជាមួយអំណរសាទរយ៉ាងក្រៃលែង និងសូមប្រសិទ្ធពរជ័យ សិរីមង្គលមហាប្រសើរជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមបានប្រកបដោយសុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លា និងជន្មាយុយឺនយូរតរៀងទៅ»។

ឆ្លៀតក្នុងវរោកាសដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវការគោរព និងកោតសរសើរ ដោយស្មោះអស់ពីដួងចិត្តជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលបានខិតខំប្រឹងប្រែង មិនខ្លាចនឿយហត់ យកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងបទពិសោធ ក្នុងការដឹកនាំចលនាកាកបាទ ក្រហមកម្ពុជាឱ្យទទួលបានជោគជ័យដ៏ត្រចះត្រចង់ ព្រមទាំងការលើកតម្កើងគុណតម្លៃ និងតួនាទីស្ត្រីកម្ពុជា ឱ្យមានការយល់ដឹង និងទទួលស្គាល់កាន់តែខ្លាំងក្លាពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ។

សមិទ្ធផលសង្គមជា ច្រើនដែលសម្តេចបាននិងកំពុងកសាងរួមមានការបង្កើតមជ្ឈមណ្ឌលថែរក្សាកុមារកំព្រា និងមជ្ឈមណ្ឌល អភិវឌ្ឍន៍នានា សំដៅលើកកម្ពស់សុខុមាលភាពស្ត្រី និងកុមារ ព្រមទាំងការផ្តល់ជា​អនុសាសន៍ដ៏ខ្ពង់ខ្ពស់ក្នុងការគាំពារស្ត្រី និងកុមារ។ រយៈពេលកន្លងមកនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបំពេញតួនាទីដ៏ឧត្តុង្គឧត្តម ជាភរិយាល្អ មាតាល្អ និងជីដូនប្រកបដោយព្រហ្មវិហារធម៌។

ជាងនេះទៀត សម្តេចជាឥស្សរជនស្ត្រីទីមួយ ដ៏ឆ្នើមនិងជានិមិត្តរូបនៃការងារមនុស្សធម៌នៅកម្ពុជា ព្រមទាំងបានរួមដំណើរជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា គ្រប់កាលៈទេសៈ​ក្នុងការដឹកនាំប្រទេសជាតិឱ្យមានសុខសន្តិភាព ពេញបរិបូរណ៍ បូរណភាពទឹកដីដ៏រឹងមាំយូរអង្វែង និងអភិវឌ្ឍប្រទេសជាតិ ឱ្យរីកចម្រើនឥតឈប់ឈរជាបន្ត បន្ទាប់លើគ្រប់វិស័យ ព្រមទាំងបានលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។

ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិ ក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយប្រោះព្រំសព្ទសាធុការពរ បវរសួស្តី ជ័យមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចអគ្គមហាសេនា បតីតេជោ ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕