ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តតាកែវ រៀបចំព្រឹត្តិការណ៍ជិះកង់ចម្ងាយ៧៥គីឡូម៉ែត្រ


ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តតាកែវ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥នេះ បានរៀបចំព្រឹត្តិការណ៍ជិះកង់ចម្ងាយ ៧៥គីឡូម៉ែត្រ ដោយចេញពីទីស្ដីការក្រសួងទេសចរណ៍ ឆ្ពោះទៅទីរួមខេត្តតាកែវ។

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានថ្លែងថា ការរៀបចំព្រឹត្តិការណ៍ជិះកង់នេះឡើង ដើម្បីអបអរសាទរទិវាសិទ្ធនារី៨មីនា និងព្រឹត្តិការណ៍បុណ្យទន្លេលើកទី៩ នៅខេត្តតាកែវ ក្រោមប្រធានបទ «គុណតម្លៃ នៃទន្លេ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ» ដែលនឹងរៀបចំចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥។

ឯកឧត្តមអភិបាលខេត្តតាកែវ បានបន្ដថា ដើម្បីចូលរួមស្វាគមន៍ក្បួនកង់ មកពីរាជធានីភ្នំពេញ មកដល់ទឹកដីនៃខេត្តតាកែវ រដ្ឋបាលខេត្ត ក៏នឹងរៀបចំទទួលបបរបង្កង និងពងទាកូន ដែលជាម្ហូបដ៏មានសក្ដានុពលបំផុត ក្នុងខេត្តតាកែវ នៅសួនច្បារមាត់បឹងតាកែវផងដែរ។

ឯកឧត្តម វ៉ី សំណាង បានថ្លែងនូវការអរគុណ និងកោតសរសើរចំពោះប្រិយមិត្តដែលជាកីឡាករ កីឡាការិនីទាំងអស់ ដែលបានចំណាយពេលវេលា និងធនធានផ្ទាល់ខ្លួន សម្រាប់ការចូលរួមនៅក្នុងព្រិត្តិការជិះកង់នៅថ្ងៃនេះ៕