អភិបាលខេត្តព្រះវិហារ ដឹកនាំមន្ត្រីនគរបាល និងយុវជន ស.ស.យ.ក ចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តក្រោមប្រធានបទ «ផ្តល់ឈាម ផ្តល់ក្តីស្រឡាញ់»


ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំមន្ត្រីនគរបាលចំណុះស្នងការដ្ឋាននគរបាលខេត្ត និងយុវជនកម្ពុជាក្រុងព្រះវិហារ ស.ស.យ.ក ចូលរួមបរិច្ចាគឈាម ដោយស្ម័គ្រចិត្តក្រោមប្រធានបទ «ផ្តល់ឈាម ផ្តល់ក្តីស្រឡាញ់» ដើម្បីបំពេញតម្រូវការឈាមសម្រាប់មន្ទីរពេទ្យបង្អែក ១៦ មករា ខេត្តព្រះវិហារ។

លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម គីម រិទ្ធី ដែលបានអញ្ជើញជាអធិបតីក្នុងពិធីដ៏មានសារៈសំខាន់នេះ។ លោកបានសង្កត់ធ្ងន់ថា កម្មវិធីនេះមិនត្រឹមតែជាការចូលរួមចំណែកក្នុងការជួយសង្គ្រោះជីវិតមនុស្សប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការបង្ហាញពីស្មារតីសាមគ្គីភាព និងការចែករំលែកក្តីស្រឡាញ់ក្នុងសហគមន៍ផងដែរ។ លោកក៏បានថ្លែងកោតសរសើរចំពោះ កងកម្លាំងនគរបាលទាំងអស់ដែលបានចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តនាពេលនេះ។

ស្ថិតក្នុងឱកាសនោះឯកឧត្តម គីម រិទ្ធី បានសម្តែងនូវក្តីរីករាយ និងថ្លែងអំណរគុណចំពោះវត្តមានថ្នាក់ដឹកនាំ និងកងកម្លាំងទាំងអស់ដែលបានចូលរួមបរិច្ចាគឈាម។ លោកបានគូសបញ្ជាក់ថា សកម្មភាពនេះគឺជាផ្នែកមួយនៃការលើក កម្ពស់ វិស័យមនុស្សធម៌ ក្រោមពាក្យស្លោក “ផ្តល់ឈាម គឺផ្តល់ក្តីស្រឡាញ់” និងបានបង្ហាញពីការយល់ដឹងអំពីអត្ថប្រយោជន៍នៃការបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតមនុស្ស។

ឯកឧត្តមអភិបាលខេត្តព្រះវិហារ បានថ្លែងបន្តថា ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត គឺជាអំពើដ៏ប្រពៃ និងជាកាយវិការមនុស្សធម៌ដ៏ឧត្តុង្គឧត្តម។ ឈាមជាសារធាតុរាវដ៏សំខាន់សម្រាប់ទ្រទ្រង់ជីវិត ហើយអ្នកជំងឺជាច្រើនត្រូវការឈាមជាចាំបាច់ ការបរិច្ចាគឈាមរបស់លោកអ្នក អាចជួយសង្គ្រោះជីវិតពួកគេ និងផ្តល់ក្តីសង្ឃឹមដល់ពួកគេ និងក្រុមគ្រួសាររបស់ពួកគេផងដែរ។

សូមបញ្ជាក់ថា កម្មវិធីនេះមានអ្នកចូលរួមសរុបចំនួន៣១៩នាក់ ស្រី៦១នាក់ ក្នុងនោះអ្នកស្ម័គ្រចិត្តបរិច្ចាគឈាមចំនួន១៩៥ នាក់ អ្នកមិនមានលក្ខខណ្ឌគ្រប់គ្រាន់ក្នុងការបរិច្ចាគមានចំនួន ១១២នាក់ ស្រី ២៧នាក់។ ដោយឡែកឈាមដែលប្រមូលបានមានចំនួន៨៣សាក់ ដែលមានក្រុមឈាម O+ ចំនួន៣១សាក់, AB+ ចំនួន៤សាក់, A+ ចំនួន២២សាក់ និង B+ចំនួន២៦ សាក់៕