ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយគណៈប្រតិភូអូស្រ្តាលីដឹកនាំដោយលោកស្រី ខារ៉ូលីន ប៊េកស្ទ័រ (Carolyn Bagster) លេខាទី១ និងជាប្រធានការិយាល័យពាណិជ្ជកម្ម និងវិនិយោគនៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា។
តាមរយៈជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីកម្លាំងពលកម្មជំនាញ ដែលទីផ្សារការងារនៅក្នុងប្រទេសកម្ពុជាត្រូវការ ដូចជាក្នុងវិស័យសេវាកម្ម វិស័យកសិកម្ម និងវិស័យឧស្សាហកម្មជាដើម។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី បានមើលឃើញយ៉ាងដូច្នេះថា៖ «នេះជាឱកាសដ៏ល្អក្នុងការបង្កើតភាពជាដៃគូ និងការជំរុញកិច្ចសហប្រតិបត្តិការរយៈពេលវែងក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈ រវាងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលនៃប្រទេសអូស្ត្រាលី និងគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស (TVET) របស់ប្រទេសកម្ពុជា»។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានចែករំលែកនូវការអនុវត្តជាគន្លឹះក្នុងការអភិវឌ្ឍជំនាញ និងការបណ្តុះបណ្តាលកម្លាំងពលកម្មនៅកម្ពុជា ស្របតាមទីផ្សារការងារ នាពេលបច្ចុប្បន្ននិងអនាគត។ ឯកឧត្តមរដ្ឋមន្ត្រី ជឿជាក់ថាស្តង់ដាអប់រំបណ្តុះបណ្តាលរបស់ប្រទេសអូស្ត្រាលី នឹងចូលរួមចំណែកយ៉ាងសំខាន់ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស (TVET) របស់ប្រទេសកម្ពុជា ក្នុងការបណ្តុះបណ្តាលធនធានមនុស្សលើជំនាញបច្ចេកទេស និងជំនាញនានាប្រកបដោយគុណភាព។
ជាការឆ្លើយតប លោកស្រី ខារ៉ូលីន ប៊េកស្ទ័រ (Carolyn Bagster) រួមនិងគណៈប្រតិភូដែលជាតំណាងនៃគ្រឹះស្ថានអប់រំបណ្តុះបណ្តាលនានាក្នុងប្រទេសអូស្ត្រាលី បានបង្ហាញការគាំទ្រចំពោះការលើកឡើងរបស់ លោករដ្ឋមន្ត្រី និងសង្ឃឹមថា តាមរយៈការជួយសម្របសម្រួលពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលនៃប្រទេសអូស្ត្រាលី ជាមួយគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស (TVET) របស់កម្ពុជាឱ្យកាន់តែប្រសើរថែមទៀត៕