ក្រសួងអភិវឌ្ឍន៍ជនបទ បើកការដ្ឋានសាងសង់ផ្លូវបេតុង៣ខ្សែ ក្នុងឃុំចំនួន៣ នៃស្រុកខ្សាច់កណ្ដាល សម្រួលការធ្វើដំណើររបស់ពលរដ្ឋ ពិសេសដឹកកសិផលទៅទីផ្សារ


ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវក្រាលបេតុងចំនួន ៣ខ្សែ ប្រវែង ២,១៧២ម៉ែត្រ ដោយខ្សែទី១ ប្រវែង ៨៣៥ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ, ខ្សែទី២ ប្រវែង ៣៣៧ម៉ែត្រ និងខ្សែទី៣ ប្រវែង ១,១០០ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ស្ថិតនៅភូមិកណ្តាល ទៅភូមិថ្មី ឃុំសន្លុង ភូមិទួលពង្រ ឃុំស៊ីធរ និងភូមិស្វាយមាស ឃុំងហាសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានថ្លែងថា ការសាងសង់ផ្លូវបេតុងនេះ ធ្វើឡើងតាមសំណូមពររបស់អាជ្ញាធរមូលដ្ឋាន ពិសេសប្រជាពលរដ្ឋដែលជួបការលំបាកក្នុងការធ្វើដំណើរនាពេលកន្លងមក ពិសេសនៅរដូវវស្សា ផ្លូវនេះមានជង្ហុក ហុយ រអិល ដែលពិបាកក្នុងការធ្វើដំណើរ សម្រាប់សិស្សានុសិស្សទៅសាលារៀន ក៏ដូចជាប្រជាពលរដ្ឋទូទៅនៅក្នុងតំបន់នេះផងដែរ។

ឯកឧត្តមរដ្ឋលេខាធិការបានបន្តថា ការសាងសង់ផ្លូវបេតុងនេះ គឺពិតជាឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ពិសេសផ្លូវបេតុងនេះ គឺជាប្រភេទផ្លូវដែលមានភាពធន់ក្នុងការបម្រែបម្រួលអាកាសធាតុ ដែលធានាឱ្យការប្រើប្រាស់បានយូរអង្វែង។

ឯកឧត្តមបណ្ឌិតបានបន្ថែមថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសប់ស្វាហាប់របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្នុងនោះក៏បានកំណត់យកផ្លូវជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពទាំង៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។

ក្នុងឱកាសនោះឯកឧត្តមបណ្ឌិត បានស្នើកងវិស្វកម្មលេខ១៨៤ ស្ពាន-ថ្នល់ ដែលទទួលការសាងសង់ផ្លូវបេតុងនេះ ត្រូវអនុវត្តទៅតាមបទដ្ឋានបច្ចេកទេស ដោយធានាថាផ្លូវនេះប្រកបដោយគុណភាព និងប្រើប្រាស់បានយូរអង្វែង។

ឯកឧត្តមរដ្ឋលេខាធិការ បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលនៅជាប់សងខាងផ្លូវ សូមមានការយល់យោគ និងអធ្យាស្រ័យ នៅពេលដែលផ្លូវនេះកំពុងសាងសង់ ពិសេសនៅពេលផ្លូវសាងសង់រួចរាល់ សូមបងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សាផ្លូវនេះទាំងអស់គ្នា កុំដឹកលើសទម្ងន់ និងត្រូវគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាផងដែរ៕