ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដឹកនាំគណៈប្រតិភូក្រសួង ដើម្បីទៅបំពេញ ទស្សនកិច្ច ចាប់ពីថ្ងៃទី១៥-២២ ខែមីនា ឆ្នាំ២០២៥ នៅចក្រភពអង់គ្លេស តាមការអញ្ជើញរបស់អង្គការ Care for Children។
ក្នុងការបំពេញទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋមន្ត្រី នឹងដឹកនាំគណៈប្រតិភូក្រសួងជួបពិភាក្សាការងារជាមួយ លោក David Lammy រដ្ឋមន្ត្រីក្រសួងការបរទេសអង់គ្លេស ព្រះអង្គម្ចាស់ George Michael សមាជិករាជវង្សអង់គ្លេស លោកបណ្ឌិត Robert Glover ស្ថាបនិក និងជានាយកប្រតិបត្តិ និងក្រុមប្រឹក្សាភិបាលអង្គការ Care for Children ព្រមទាំងទស្សនកិច្ច និងជួបពិភាក្សាផ្លាស់ប្តូរ បទពិសោធន៍ការងារនៅក្រសួងអប់រំ ការិយាល័យសេវាសង្គម London Borough of Southwark និង សាកលវិទ្យាល័យ East Anglia។
ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងរវាង ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអង្គការ Care for Children សម្រាប់រយៈពេល ឆ្នាំ២០២៥-២០២៨។
ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូ នឹងធ្វើការសិក្សាស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៍អំពី ការអនុវត្តកម្មវិធីកិច្ចការពារកុមារ រួមមានការលើកកម្ពស់ការថែទាំកុមារក្នុងគ្រួសារធម៌ តួនាទី និងភារកិច្ច របស់កម្លាំងសេវាសង្គម ក៏ដូចជាក្របខណ្ឌគោលនយោបាយ និងប្រព័ន្ធកិច្ចការពារកុមារនៅចក្រភពអង់គ្លេស៕