ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២៥ បានជួបពិភាក្សាការងារជាមួយលោក Fabien Penone ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំអាស៊ាន។
នៅក្នុងឱកាសនោះភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈជុំវិញវិធី និងមធ្យោបាយដើម្បីពង្រឹងភាពជាដៃគូអភិវឌ្ឍន៍អាស៊ាន-បារាំង តាមរយៈសកម្មភាពដែលមានអត្ថន័យនានា លើវិស័យកិច្ចសហប្រតិបត្តិការដែលមានប្រយោជន៍ទៅវិញទៅមក ក៏ដូចជា បានពិភាក្សាអំពីការត្រៀមរៀបចំសម្រាប់ទស្សនកិច្ចរបស់ឯកឧត្តមប្រធានាធិបតីបារាំង មកកាន់លេខាធិការដ្ឋានអាស៊ាន នៅពេលខាងមុខផងដែរ។
ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានអញ្ជើញបើកជាផ្លូវការនូវកម្មវិធីកម្មសិក្សាគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន (IAI) ដោយបានស្វាគមន៍មន្ត្រីកម្មសិក្សាជំនាន់ថ្មី ពីប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម (CLMV) ព្រមទាំងទីម័រខាងកើតចូលរួមជាលើកដំបូង។ កម្មវិធីដែលឧបត្ថម្ភដោយរដ្ឋាភិបាលជប៉ុន តាមរយៈមូលនិធិសមាហរណកម្មអាស៊ាន-ជប៉ុន (JAIF) នេះ មានគោលបំណងពង្រឹងសមត្ថភាពរបស់មន្ត្រីរដ្ឋាភិបាលពីប្រទេស CLMV និងទីម័រខាងកើត តាមរយៈការបញ្ជៀបពួកគេទៅក្នុងកិច្ចការរបស់លេខាធិការដ្ឋានអាស៊ាន។
ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ពីសារៈសំខាន់នៃកម្មវិធីកម្មសិក្សា IAI នេះ ក្នុងការពង្រឹងសមត្ថភាពស្ថាប័ន និងពង្រឹងសមាហរណកម្មក្នុងតំបន់។ គាត់បានគូសបញ្ជាក់ថា ចំណេះដឹង និងបទពិសោធន៍ដែលទទួលបានតាមរយៈកម្មវិធីនេះនឹងផ្តល់លទ្ធភាពឱ្យមន្ត្រីកម្មសិក្សា ចូលរួមចំណែកកាន់តែមានប្រសិទ្ធភាព ដល់ប្រទេសពួកគេរៀងៗខ្លួន។
ឯកឧត្តមបណ្ឌិត កៅ គឹមហួន ក៏បានថ្លែងអំណរគុណរដ្ឋាភិបាលជប៉ុន សម្រាប់ការគាំទ្ររយៈពេលវែង ក្នុងការកាត់បន្ថយគម្លាតអភិវឌ្ឍន៍នៅក្នុងអាស៊ាន។ កម្មវិធីកម្មសិក្សាដែលមានរយៈពេល ១ឆ្នាំនេះ ផ្តល់ឱ្យមន្ត្រីកម្មសិក្សានូវបទពិសោធន៍ផ្ទាល់ នៅក្នុងការិយាល័យនានារបស់លេខាធិការដ្ឋានអាស៊ាន ដើម្បីឱ្យពួកគេយល់កាន់តែស៊ីជម្រៅចំពោះដំណើរការ គោលនយោបាយ និងយន្តការកិច្ចសហប្រតិបត្តិការរបស់អាស៊ាន។ គំនិតផ្តួចផ្តើមនេះ គឺជាផ្នែកមួយនៃផែនការ IAI ឆ្នាំ២០២១ ដល់ ២០២៥ ដែលព្យាយាមកាត់បន្ថយគម្លាតអភិវឌ្ឍន៍នៅក្នុងតំបន់។
ដោយឡែកនៅនៅរសៀលថ្ងៃទី១៧ ខែមីនា ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានអញ្ជើញពិសាអាហារការងារថ្ងៃត្រង់រៀបចំដោយ លោកស្រី Kate Rebholz ភារៈធារីស្តីទី នៃស្ថានបេសកកម្មអាមេរិកប្រចាំអាស៊ាន។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាជុំវិញការវិវត្តន៍ចុងក្រោយ នៅក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-សហរដ្ឋអាមេរិក រួមទាំង ការបង្កើតឯកសារស្នង ជំនួសផែនការសកម្មភាពដើម្បីអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហរដ្ឋអាមេរិក ឆ្នាំ២០២១ ដល់ ២០២៥ ផងដែរ។
ឆ្លៀតនៅរសៀលថ្ងៃដដែលឯកឧត្តមបណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Kiya Masahiko ឯកអគ្គរាជទូតជប៉ុនប្រចាំអាស៊ាន។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈជុំវិញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ជប៉ុន ក៏ដូចជា ការត្រៀមសម្រាប់ការតាំងពិព័រណ៌ពិភពលោកអូសាកាឆ្នាំ២០២៥ ដែលលេខាធិការដ្ឋានអាស៊ាន រំពឹងថានឹងត្រូវចូលរួមផងដែរ។
ហើយឯកឧត្តមបណ្ឌិត កៅ គឹមហួន បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Elizabeth T. Te ភារៈធារីស្តីទី នៃស្ថានបេសកកម្មហ្វីលីពីនប្រចាំអាស៊ាន។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានធ្វើការពិភាក្សាប្រកបដោយផ្លែផ្កាជុំវិញការត្រៀមរៀបចំធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២៦ របស់ហ្វីលីពីន ព្រមទាំង បានពិភាក្សាអំពីបញ្ហាក្នុងតំបន់សំខាន់ៗផ្សេងទៀត។ ភាគីទាំងពីរក៏បានពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការកំពុងបន្ត និងការត្រៀមសម្រាប់ព្រឹត្តិការណ៍សំខាន់ៗក្នុងឆ្នាំ២០២៥នេះ រួមទាំងនៅកម្រិតថ្នាក់រដ្ឋមន្ត្រី និងមេដឹកនាំផងដែរ។
ជំនួបនេះបានធ្វើឡើងនៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី៕